តារាចម្រៀង ជី ដេវីត បានទម្លាក់បទថ្មីមានចំណងជើងថា «ចងចាំ» ដែលស្តែងពីភាពឈឺចាប់របស់ប្រជាជនខ្មែរដែលប្រទេសថៃឈ្លានពានកាលពីថ្ងៃទី២៤ កក្កដា ។ខ្លឹមសារនៃចម្រៀងនេះក៏បានរៀបរាប់អត្ថន័យជាច្រើនទៀតជាពិសេសទាហានខ្មែរត្រូវបានកងកម្លាំងថៃប្រើល្បិចពិសពុលមកធ្វើជាចាប់ដៃប៉ុន្តែវាគឺជាអន្ទាក់។ មិនត្រឹមតែប៉ុណ្ណោះ ថៃគឺបានដាក់សម្ពាធមានការរាយបន្លាលួសនៅតាមបន្ទាត់ព្រំដែន ហើយព្យាយាមស្ងៀមស្ងាត់រឿងទាហានទាំង១៨នាក់។
ជី ដេវីត បានទម្លាក់បទ «ចងចាំ» កាលពីយប់ថ្ងៃទី១៩ សីហា បន្ទាប់ពីភរិយារបស់ខ្លួនគឺ ទេព បូព្រឹក្ស បានទម្លាក់បទ «យុទ្ធសង្គ្រាម»។ លោកបានបន្ថែមខេបសិនថា «ជីវិតជូនជាតិ ធាតុជូនម្ដាយស្ដាប់ប្រយោគនេះ ដាស់កម្លាំងចិត្តកាយបូជាជូនជាតិដោយមិនស្ដាយរូបកាយជីវិតយើងអាចស្លាប់ ជាតិយើងមិនអាចឡើយស៊ូស្លាប់មិនដកថយ ព្រលឹងខ្មែរក្រោកហើយស្មារតីរួបរួមពួកយើងនឹងកកើត តស៊ូការពារទឹកដីកំណើត»។

នៅក្នុងបទចម្រៀងនេះគឺបានបង្កប់ខ្លឹមសារជាច្រើនដោយ ជី ដេវីត លើកពីការឈឺចាប់របស់ប្រជាជនខ្មែរគ្រប់រូបដែលប្រាង្គសិលាត្រូវបានកម្ទេចដោយការឈ្លានពានសង្រ្គាមខ្មែរ-សៀម មិនចង់ឱ្យខ្មែរថ្កើង។ ខ្លឹមសារបទ«ចងចាំ» ក៏ថ្លែងពីវីរភាពរបស់ទាហានកម្ពុជាដែលពលីការពារដីខ្មែរព្រោះតែតទល់ជាមួយខ្មាំង ហើយទាហាននៅជួរមុខនៅតែតតាំងទោះគេសន្ធប់យ៉ាងណាក៏ដោយ។

តារាចម្រៀងរូបនេះក៏បានលើកយករឿងទាហាន២៣នាក់ធ្លាក់ចូលអន្ទាក់ថៃ ក្នុងគោលបំណងលូកដៃរាប់អាន ប៉ុន្តែនេះជាធ្នាក់របស់ពួកខ្មាំងសត្រូវ ហើយខ្មែរចង់បានតែសន្តិភាព ប៉ុន្តែវាចាប់ទាហានខ្មែរជាគំនាប និងប្រឹងដាក់សម្ពាធ រាយបន្លាលួស គេចវេះមិននិយាយរឿងទាហាន១៨នាក់ ចាប់ទាំងមនុស្សលួចទាំងទឹកដី។ ជី ដេវីត ក៏រៀបរាប់ពីភាគីកម្ពុជាខំស្ងាត់រកដំណោះស្រាយ ទាំងខាំមាត់សង្កត់ចិត្ត ពាក្យសម្ដីគេគ្រប់ម៉ាត់គឺគេចង់តែសម្លាប់ ប៉ុន្តែយើងរួបរួមគ្នាព្រោះពេលនេះជាវេលាដែលត្រូវតែស្ដាប់ពឹងពាក់លើច្បាប់។
ប្រឈមនឹងខ្មាំងសត្រូវឈ្លានពាន តារាចម្រៀង ជី ដេវីត ក៏បានបញ្ជូលអត្ថន័យពីទ័ពជួរក្រោយមិនឱ្យទ័ពជួរមុខឯកាចាំផ្ដល់ជំនួយទំនុកបម្រុងនូវស្បៀងអាហារ ជួយគ្រួសារជនភៀសសឹក ជាកម្លាំងសាមគ្គីទោះគេកាច់ក៏មិនបាក់ហើយភាពសច្ចៈនឹងឈ្នះ។ លោកក៏បានដាស់ស្មារតីថាសង្គ្រាមលើកនេះត្រូវតែចាំ ផ្ដាំកូនចៅពីសន្តានខ្មាំងដែលចូលមកឈ្លានពាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែសីហា វាមានរយៈពេល២២ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង៕










