វីដេអូមួយដែលបង្ហោះដោយ ប៉ីប៉ី ឌី ពី ម៉ែសេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនដោយសារតែ ម៉ែសេះ រំភើបឡើងហូរទឹកភ្នែកពីការសម្តែងរបស់ខ្លួនលើកដំបូងនៅក្នុងវិស័យកុន។ ប៉ីប៉ី ឌី ក៏បានឆ្លើយតបទៅកាន់ពាក្យសម្តីមួយចំនួនដែលគិតថា ម៉ែសេះ មិនស័ក្តិសមធ្វើជាតួសំខាន់ក្នុងភាពយន្តខ្នាតធំ។
កាលពីយប់ថ្ងៃទី១៩ សីហា ប៉ីប៉ី ឌី បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា«សេះ វារំភើបដល់យំ ធ្លាប់តែស៊ីស្មៅ ក្លាយជាតួឯកអ្នកណាមិនយំ?»។ ឃ្លីបខ្លីនេះទស្សនិកជនគឺបានឃើញ ម៉ែសេះ គឺហូរទឹកភ្នែកច្រោកៗហើយក៏បាននិយាយដែរថា ការយំនេះគឺដោយសារក្តីរំភើបចំពោះស្នាដៃការថតកុនដំបូងរបស់ខ្លួន។ មានមនុស្សជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ហើយក៏មានការសរសើរទៅកាន់ ម៉ែសេះ ត្រង់វគ្គទះកំផ្លៀងអ្នកបម្រើក្នុងនាមជាអ្នកស្រីទី៣ នៅក្នុងសាច់រឿង។
ជាមួយគ្នានេះ ប៉ីប៉ី ឌី ក៏បានឆ្លើយតបទៅកាន់អ្នកមួយចំនួនដែលគិតថាភាពយន្តរបស់ខ្លួនខ្វះតួទើបជ្រើសរើស ម៉ែសេះ មកធ្វើតួសំខាន់ក្នុងរឿង។ មតិយោបល់នេះ ប៉ីប៉ី ឌី ថាមិនខ្វះតួនោះទេប៉ុន្តែឈរលើសមត្ថភាពហើយ ម៉ែសេះ ក៏ជាមនុស្សក្នុងក្រុមរបស់ខ្លួន លោកចង់លើកធ្វើជាតួឯក។
អ្នកជំនួញល្បីឈ្មោះរូបនេះបានសរសេរបញ្ជាក់ថា« ខ្វះតួ? អត់ខ្វះទេបង តែសូមបើកចិត្តទទួលយកមនុស្សដែលមានសមត្ថភាពផង គិតងាយៗ មីសេះជាមនុស្សក្នុងក្រុមខ្ញុំ ខ្ញុំចង់លើកវាធ្វើតួឯកក្នុងរឿងកុនដំបូងរបស់ខ្ញុំ»។
គួរឱ្យដឹងថា កុនខ្នាតធំលើកដំបូងរបស់ ប៉ីប៉ី ឌី ដែលចាយលុយខ្ទង់១០ម៉ឺនដុល្លារ ត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះមានចំណងជើងថា «ភូមិគ្រឹះអាគម»។ ភាពយន្តនេះក៏ជាស្នាដៃចុងក្រោយក្រោយការដឹកនាំរបស់លោក កៅ សីហា មុនពេលលោកចែកឋាន។ ទោះបីជាចំណាយថវិកាក្នុងការផលិតច្រើន ប៉ុន្តែ ប៉ីប៉ី ឌី បានសម្រេចចិត្តមិនយកកុនរបស់ខ្លួនចាក់បញ្ចាំងក្នុងរោងកុនដែលមានប្រភពមកពីប្រទេសសៀមឡើយ៕