មហាវិថីស៊ី ជីនពីង ចាប់ពីកំណាត់ផ្លូវបំបែកលេខ ១១៦A ដល់ផ្លូវជាតិលេខ១ នឹងត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។

ការផ្អាកចរាចរណ៍ក្នុងរយៈពេលសរុប៣០ខែនេះ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ–ថ្មគរ) ដែលមានទីតាំងនៅភាគខាងលិចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

នៅក្នុងអំឡុងពេលសាងសង់នេះ យានយន្តធុនស្រាល ត្រូវពង្វាងចរាចរណ៍ទៅផ្លូវលេខ ១១៦A និងយានយន្តធុនធ្ងន់ ត្រូវពង្វាងចរាចរណ៍ ទៅផ្លូវលេខ ១២A។

ដោយឡែក ផ្លូវជាតិលេខ ១ បងប្អូនប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានធម្មតា។

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ មានប្រវែងសរុប ៣៧០០ម៉ែត្រ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ២៣២.៥៨លានដុល្លារអាមេរិក ដែលប្រើពេលសាងសង់ចំនួន៤៨ ខែ៕