ថៃ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានបដិសេធការលើកឡើងអំពីការរុះរើដកបន្លាលួសឈ្លានពានរបស់ខ្លួនចេញពីដីកម្ពុជាជាថ្នូនឹងសន្តិភាពដាច់ខាត និងបានបញ្ជាក់ឡើងវិញថា ថៃនឹងនៅតែបន្តព័ទ្ធលួសបែបនេះ ដរាបណាការបោះបង្គោលព្រំដែនមិនទាន់សម្រេចបាន ព្រមទាំងអះអាងទាំងបំភ្លៃការពិតថា រាល់តំបន់ដែលទាហានថៃបានព័ទ្ធបន្លាលួស គឺសុទ្ធតែស្ថិតក្នុងអធិបតេយ្យភាពរបស់ថៃ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទ ទី18 ខែសីហា បានឲ្យដឹងថា លោក Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានថ្លែងពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយកត់សម្គាល់ថា៖ កម្ពុជាបានស្នើសុំពន្យារពេលការពិភាក្សាជាមួយលោក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២។ 
លោកបានពន្យល់ថា នេះគឺដោយសារតែកម្ពុជាប្រើប្រាស់ក្រុមចរចាដូចគ្នាសម្រាប់ការពិភាក្សាទាំងអស់ ដោយចាប់ផ្តើមពីបញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី-ត្រាត បន្ទាប់មកជាមួយកងទ័ពភូមិភាគទី១ និងក្រោយមកភូមិភាគទី២ថៃ។
នៅពេលអ្នកកាសែតសួរនាំអំពីស្ថានការណ៍នៅ ច្រកណងចាន់ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលជនស៊ីវិលកម្ពុជាដាក់សម្ពាធលើទាហានថៃឲ្យរើខ្សែលួសចេញនោះ លោក Nattaphon បាននិយាយថា៖ តំបន់នេះស្ថិតនៅក្រោមគណៈកម្មការព្រំដែនចម្រុះ (JBC) ដែលត្រូវតែបញ្ជាក់អំពីការបោះបង្គោលព្រំដែនក្នុងពេលកំណត់។ 
បន្ថែមពីនេះ ជុំវិញការលើកឡើងនៅលើបណ្តាញសង្គមដែលថា ខ្សែលួសទាំងនោះនឹងត្រូវរុះរើចេញវិញ ក្រោមហេតុផលដើម្បីលើកកម្ពស់សន្តិភាពនោះ លោក Nattaphon បានច្រានចោលការលើកឡើងនេះទាំងស្រុង ដោយអះអាងថា៖ «នោះជារឿងមិនពិតទេ ខ្ញុំធានាថា ដរាបណាខ្ញុំអង្គុយក្នុងកិច្ចប្រជុំ បញ្ហានេះនឹងមិនកើតឡើងឡើយ»។
ដោយឡែក បើតាមការលើកឡើងរបស់អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា ទង្វើដែលថៃបានធ្វើនេះ គឺបំពាននឹងបទឈប់បា.ញ់ ដោយបានព័ទ្ធរបងលួសចូលដែនអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា ចំណុចទាំងអស់នោះថៃមិនអាចគ្រប់គ្រងបានទេ បើផ្អែកតាមច្បាប់អន្តរជាតិ។
លោកបានបន្ថែមទៀតថា៖ ទង្វើរបស់ថៃនៅពេលនេះ គឺគ្រាន់តែជាផ្នែកមួយនៃចេតនាញោះឲ្យកម្ពុជាខឹង ហើយឆ្លើយតបវិញដោយការផ្ទុះអាវុធទៅលើកងទ័ពថៃ ដើម្បីឲ្យថៃអាចមានលេសចោ.ទកម្ពុជាថា ជាអ្នកបំពានកិច្ចព្រមព្រៀងបទឈប់បាញ់មុនតែប៉ុណ្ណោះ៕










