ខេត្តតាក៖ មានរថយន្តដឹកទំនិញយ៉ាងហោចណាស់ប្រហែល 500 គ្រឿងកំពុងជាប់គាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោយរដ្ឋាភិបាលមីយ៉ាន់ម៉ា បានដាក់ការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើចលនានាំចូលទំនិញពីប្រទេសថៃមកកាន់មីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PBS News។

ប្រភពព័ត៌មានខាងលើនេះបានរាយការណ៍ថា រថយន្តដឹកទំនិញចំនួន 500 គ្រឿងបានជាប់គាំងនៅមុខច្រកព្រំដែនមេសុត ទល់នឹងចក្រ មីយ៉ាវឌីលេខ២ ក្នុងខេត្តតាក ប្រទេសថៃកាលពីថ្ងៃទី14 ខែសីហា ម្សិលមិញនេះ។ ការជាប់គាំងនេះ គឺជាលទ្ធផលដែលបានមកពីវិធានការរឹតបន្តឹងទំនិញនាំចូលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់ និងក្រុមភេរវករនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ។

កាលពីថ្ងៃទី១២ ខែសីហា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិសន្តិសុខ និងសន្តិភាពរដ្ឋ លោក Min Aung Hlaing ដែលជាមន្ត្រីយោធា និងជាមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន បានបញ្ជាឲ្យមានការចាប់ខ្លួនឈ្មួញខុសច្បាប់នៅតាមតំបន់ព្រំដែន។ លោកបានឲ្យដឹងថា៖ ការអនុវត្តនេះ គឺជាយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ សកម្មភាពនៃឈ្មួញខុសច្បាប់ ដែលនឹងមិនត្រឹមតែបង្កើតនីតិរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយអំពើហិង្សាប្រដាប់អាវុធផងដែរ។

គួរជម្រាបថា ក្រុមភេរវករប្រដាប់អាវុធនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា កំពុងពង្រឹងអំណាចរបស់ពួកគេបន្ថែមទៀតជាមួយនឹងសំណូកដែលប្រមូលបានពីឈ្មួញខុសច្បាប់ដែលចូលមកតាមច្រកអន្តរជាតិមីយ៉ាន់ម៉ា-ថៃ ដែលសកម្មភាពនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាយល់ឃើញថា សកម្មភាពនេះច្បាស់ជានឹងប៉ះពាល់ដល់ស្ថិរភាព និងនីតិរដ្ឋ។
ដូច្នេះ មេដឹកនាំរបបយោធា លោក Min Aung Hlain បានកំណត់ថា មានតែការទប់ស្កាត់ការហូរចូលនៃឈ្មួញខុសច្បាប់ទាំងនោះទេ ទើបអាចរក្សាស្ថិរភាពនៅក្នុងតំបន់ និងនីតិរដ្ឋបាន។ ដោយឡែក ចំពោះអ្នកដែលទទួលខុសត្រូវក្នុងការទប់ស្កាត់ឈ្មួញខុសច្បាប់ទាំងនេះ ក៏នឹងត្រូវអនុវត្តតួនាទីរបស់ខ្លួនជាប្រព័ន្ធ តឹងរ៉ឹង និងដោយស្មោះត្រង់ចំពោះរដ្ឋផងដែរ៕









