ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០២៥ ឱ្យដឹងថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃពុំយល់ស្របនឹងពលរដ្ឋទាមទារឱ្យមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ពន្យារពេលចូលនិវត្តន៍ ដោយលោកថា វានឹងធ្វើឱ្យប្រព័ន្ធរាជការដំណើរការខុសប្រក្រតី ។ ម្យ៉ាងទៀត មានមនុស្សជាច្រើនដែលមានសមត្ថភាពអាចកាន់តំណែងជំនួសមេបញ្ជាការយោធភូមិភាគ២ ប្រសិនបើកងទ័ពឯកភាពពន្យារពេលចូលនិវត្តន៍ គួរតែស្នើសុំដោយខ្លួនឯង ។
កាលពីថ្ងៃទី១១ ខែសីហា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីពលរដ្ឋទាមទារឱ្យពន្យារពេលចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ថា ពលរដ្ឋត្រូវតែយល់ជាមុនសិន គឺការតស៊ូ និងការពារអធិបតេយ្យនៅមានកងទ័ពជាច្រើននាក់ទៀតអាចបំពេញភារកិច្ចនេះ ។ ដូច្នេះ ការពន្យារពេលចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ ត្រូវតែពិនិត្យមើលបទប្បញ្ញត្តិ ពីព្រោះនៅមានមេបញ្ជាការរងជាច្រើននាក់ត្រៀមកាន់តំណែងនេះ វាជាច្បាប់របស់មន្ត្រីរាជការ ។.png)
លោកនិយាយថា ៖ «កន្លងមក យើងពុំធ្លាប់ពន្យារពេលចូលនិវត្តន៍របស់មន្ត្រីរាជការឱ្យកាន់តំណែងបន្តទេ ប៉ុន្តែការពន្យារពេលចូលនិវត្តន៍មន្ត្រីណាម្នាក់ដែលកំពុងបម្រើការរាជការអាចធ្វើទៅបាន ។ កងទ័ពអាចពិនិត្យមើល ប្រសិនបើចាំបាច់ត្រូវពន្យារពេលចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ គឺកងទ័ពត្រូវស្នើសុំដោយខ្លួនឯង ។ យើងជឿថា លោក ប៊ុនស៊ីន ផាកក្លាង មានសមត្ថភាព លុះត្រាតែឱ្យកងទ័ពពិចារណារឿងនេះ» ។.png)
លោកបន្តថា កងទ័ពអាចគ្មានច្បាប់ពន្យារពេលចូលនិវត្តន៍ទេ សូមឱ្យវាជារឿងរបស់កងទ័ព ប៉ុន្តែពុំមែនមានន័យថា យើងមើលមិនឃើញតម្លៃរបស់លោក ប៊ុនស៊ីន ផាកក្លាងទេ តម្លៃរបស់លោកបានបង្ហាញទៅកាន់មនុស្សគ្រប់គ្នារួចហើយ ។ ការអនុញ្ញាតឱ្យលោកបំពេញតួនាទីបន្តទៀតត្រូវតែមើលច្បាប់មន្ត្រីរាជការ បើមានផ្លូវ គឺកងទ័ពអាចស្នើសុំរឿងនេះ ។
នៅឆ្នាំ២០២៥ មានមេបញ្ជាការកងទ័ពជាច្រើននាក់ដល់ពេលចូលនិវត្តន៍ ហើយគ្រប់គ្នាសុទ្ធតែបានជ្រាបអស់ហើយ គឺការចូលនិវត្តន៍ធ្វើឡើងតាមច្បាប់កងទ័ព ។ លោក ភូមិថាំ គិតថា ប្រព័ន្ធមន្ត្រីរាជការដំណើរការយ៉ាងល្អ ទើបលោកទុកឱ្យប្រព័ន្ធនេះដំណើរការ ។ ពេលមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ចូលនិវត្តន៍រួចហើយ លោកនឹងបំពេញតួនាទីផ្នែកណាខ្លះអាចពិចារណាបាន ។ ចូរកុំធ្វើឱ្យប្រព័ន្ធរាជការដំណើរការខុសប្រក្រតី ពីព្រោះវានឹងធ្វើឱ្យការគ្រប់គ្រងប្រព័ន្ធរាជការផ្សេងទៀតមានបញ្ហា ។
លោក ប៊ុនស៊ីន ផាកក្លាង នឹងចូលនិវត្តន៍ពីការងារនៅចុងខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែពលរដ្ឋថៃភាគច្រើនពុំចង់ឱ្យលោកសម្រាកពីការងារទេ និងសំណូមពរឱ្យលោកបំពេញការងារជាមេទ័ពបន្តទៀត រហូតដល់បញ្ចប់ស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ។ ការបញ្ជាកងទ័ពឱ្យឈ្លានពានទឹកដីកម្ពុជាធ្វើឱ្យលោកទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃជ្រុលនិយមដែលចង់បានទឹកដីប្រទេសជិតខាង ។ ការទាមទាររបស់ពលរដ្ឋឱ្យបន្តតំណែងមេបញ្ជាការភូមិភាគ២ ត្រូវបានលោក ភូមិថាំ បដិសេធ ពីព្រោះមានមេបញ្ជាការកងទ័ពមានសមត្ថភាពជាច្រើនទៀត ពុំមែនមានតែលោក ប៊ុនស៊ីន ម្នាក់ទេដែលអាចកាន់តំណែងនេះ ។
ពលរដ្ឋថៃគាំទ្រលោក ប៊ុនស៊ីន ដោយសារលោកនិយាយបំភ្លៃការពិតនាពេលថ្មីៗនេះថា ៖ «ប្រាសាទតាក្របីជារបស់ថៃ ថៃត្រូវតែយកប្រាសាទនេះមកវិញឱ្យបាន នៅសល់ពេលតែ៥១ថ្ងៃនឹងចូលនិវត្តន៍ពីការងារ ដូច្នេះ ខ្ញុំនឹងបំពេញតួនាទីជាមេទ័ពឱ្យល្អបំផុត ។ ខ្ញុំពុំទាន់គិតអ្វីទេក្រោយចូលនិវត្តន៍ ខ្ញុំទុកចិត្តមេទ័ពថ្មី និងកងទ័ពទាំងអស់ ខ្ញុំត្រៀមខ្លួនសម្រាប់អ្វីដែលកើតឡើង ទោះជាមានសង្គ្រាម ឬគ្មាន ។ ខ្ញុំជឿថា អ្នកមកធ្វើជាមេទ័ពថ្មីនឹងមានបទពិសោធន៍ ហើយខ្ញុំនឹងធ្វើជាពលរដ្ឋល្អបន្ទាប់ពីសម្រាកពីការងារ» ៕










