ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានអនឡាញ Malay Mail រាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានស្នើរដ្ឋាភិបាលថៃចរចាបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូង ក្រោយពីថៃគ្មានការចរចាអ្វីទាំងអស់ពីបញ្ហាអសន្តិសុខព្រំដែនជាមួយម៉ាឡេស៊ីអស់រយៈពេល១១ខែមកនេះ ។ ថៃបង្កើតរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់គណបក្សភឿថៃ ដែលមានលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រី ក៏ពុំបានលើកយកបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូងមកចរចាជាមួយម៉ាឡេស៊ីដែរ ។
សារព័ត៌មានអនឡាញ Malay Mail របស់ម៉ាឡេស៊ីរាយការណ៍ថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងមកកាន់សារព័ត៌មានពេលលោកមកកាន់សាលារៀនបង្រៀនសាសនាអ៊ីស្លាមនៅខេត្តកាឡាន់តាន់ ប្រទេសម៉ាឡេស៊ី ថា លោកមានទំនុកចិត្តលើការដោះស្រាយបញ្ហាជម្លោះជាច្រើននៅខេត្តភាគខាងត្បូងរបស់ថៃ ។ ក្រោយពីលោកជជែកជាមួយមេដឹកនាំរដ្ឋាភិបាលថៃឃើញថា រដ្ឋាភិបាលថៃមានបំណងបញ្ចប់ភាពតានតឹងនៅខេត្តភាគខាងត្បូង ជាពិសេស បញ្ឈប់ការប្រើប្រាស់អំពើហិង្សារបស់ភាគីទាំងពីរ (ម៉ាឡេស៊ី-ថៃ) ។
ចំណែកភាគីថៃចាត់ទុកថា ការស្នើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យថៃចរចាបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូង គឺជាការដាក់សម្ពាធមកលើថៃដើម្បីឱ្យថៃយល់ព្រមចរចាជាមួយម៉ាឡេស៊ី ខណៈបច្ចុប្បន្ន ម៉ាឡេស៊ីកំពុងបំពេញតួនាទីជាប្រទេសសម្របសម្រួលការចរចាកាត់បន្ថយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។
ការស្នើឱ្យថៃចរចាសន្តិសុខនៅព្រំដែនភាគខាងត្បូងនេះ ដោយសារភាគីថៃរក្សាភាពស្ងៀមស្ងាត់គ្មានការចរចាអ្វីទាំងអស់ក្នុងរយៈពេល១១ខែកន្លងមក ដោយសារថៃផ្តោតលើការឈ្លានពានទឹកដីកម្ពុជា ។ កន្លងមក នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃធ្វើជាទីប្រឹក្សារបស់ខ្លួន ប៉ុន្តែលោក ថាក់ស៊ីន បែរជាគ្មានដំណោះស្រាយអ្វីលើបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូង ។

តាមការស្ទង់មតិរបស់វិទ្យាស្ថាន Nida Poll កាលពីខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា រយៈពេល២ទសវត្សរ៍មកហើយ ខេត្តចំនួន៣ នៅភាគខាងត្បូងប្រទេសថៃនៅតែមានស្ថានការណ៍អាក្រក់ដូចមុន ដោយសាររដ្ឋាភិបាលថៃពុំសូវផ្តល់ភាពសំខាន់លើការដោះស្រាយបញ្ហាអសន្តិសុខនៅតំបន់ភាគខាងត្បូង ប៉ុន្តែតំបន់នេះបានអភិវឌ្ឍច្រើន ។ វិទ្យាស្ថាន Nida Poll ណែនាំឱ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាអសន្តិសុខនៅភាគខាងត្បូង ដែលនេះជាបញ្ហាសំខាន់ដែលរដ្ឋាភិបាលថៃពុំគួរមើលរំលង ៕










