នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គេហទំព័រ New York Post រាយការណ៍ថា យុវជនអូស្ត្រាលីឈ្មោះ Daniel Jackson អាយុ២០ឆ្នាំ ទទួលបានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ក្រោយពីបង្កើតប្រទេសថ្មីឈ្មោះ សាធារណរដ្ឋសេរី Verdis (Free Republic of Verdis) និងតាំងខ្លួនជាប្រធានាធិបតី ។ សាធារណរដ្ឋនេះលាតសន្ធឹងលើផ្ទៃដីមិនដល់១២៥ហិកតា នៅតាមដងទន្លេតានូប ដែលផ្ទៃដីនេះធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសក្រូអាត និងស៊ែប៊ី បច្ចុប្បន្ន សាធារណរដ្ឋមានពលរដ្ឋជាង៤០០នាក់ ។.png)
យុវជន Jackson បាននិយាយមកកាន់សារព័ត៌មានថា ខ្ញុំមានគំនិតបង្កើតសាធារណរដ្ឋសេរី Verdis តាំងពីអាយុ១៤ឆ្នាំ ពីដំបូង ខ្ញុំគ្រាន់តែរីករាយសាកល្បងបង្កើតប្រទេសជាមួយមិត្តភក្កិ ហើយពួកយើងគ្រប់រូបមានសុបិនចង់បង្កើតអ្វីប្លែកៗជារបស់ខ្លួន ។ យុវជនរូបនេះធ្វើការជាអ្នករចនាឌីជីថល និងបង្កើតពិភពលោកនិម្មិតនៅលើ Roblox ហើយចាប់ផ្តើមបង្កើតរដ្ឋាភិបាលសាធារណរដ្ឋសេរី Verdis នៅអាយុ១៨ឆ្នាំ ដោយបង្កើតច្បាប់ ទង់ជាតិ និងគណៈរដ្ឋមន្ត្រី ។
បន្ទាប់មក យុវជននេះក៏ប្រកាសឯករាជ្យសាធារណរដ្ឋសេរី Verdis ជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។ តាំងពីពេលនោះមក តំបន់ដែលគេស្គាល់នៅលើផែនទីថា Pocket Three ត្រូវកំណត់ជាប្រទេសមានទំហំតូចបំផុតលើពិភពលោក លំដាប់ទី២ បន្ទាប់ពីប្រទេសវ៉ាទីកង់ ។ ប្រទេសថ្មីនេះលាតសន្ធឹងលើផ្ទៃដីមិនដល់១២៥ហិកតា នៅតាមដងទន្លេតានូប ដែលផ្ទៃដីនេះធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសក្រូអាត និងស៊ែប៊ី ។

ភាសាផ្លូវការរបស់សាធារណរដ្ឋសេរី Verdis មាន៣ភាសា គឺអង់គ្លេស ក្រូអាត ស៊ែប៊ី និងចាយប្រាក់ Euro ។ រីឯផ្លូវធ្វើដំណើរមកកាន់សាធារណរដ្ឋនេះ គឺធ្វើដំណើរតាមផ្លូវទឹកពីទីក្រុងអូយេស ប្រទេសក្រូអាត ប៉ុន្តែការព្យាយាមបង្កើតសាធារណរដ្ឋនេះប្រឈមនឹងឧបសគ្គយ៉ាងខ្លាំង ។
កាលពីខែតុលា ឆ្នាំ២០២៣ យុវជន Jackson និងក្រុមអ្នកបង្កើតសាធារណរដ្ឋត្រូវបានសមត្ថកិច្ចក្រូអាតចាប់ខ្លួន និងបណ្តេញចេញ ថែមទាំងហាមឃាត់យុវជន Jackson ចូលប្រទេសក្រូអាតមួយជីវិត ។ ប្រទេសក្រូអាតបារម្ភថា ក្រុមយុវជន Jackson គំរាមកំហែងសន្តិសុខជាតិ បច្ចុប្បន្ន Jackson បានបង្កើតជារដ្ឋាភិបាលនិរទេស បើទោះជាពុំអាចចូលមកក្នុងសាធារណរដ្ឋសេរី Verdis ក្តី ប៉ុន្តែ Jackson នឹងចូលមករស់នៅទឹកដីនេះនាថ្ងៃអនាគត ។

ពីដំបូង មានមនុស្សត្រឹមតែ៤នាក់ប៉ុណ្ណោះស្ម័គ្រចិត្តធ្វើជាពលរដ្ឋរបស់សាធារណរដ្ឋសេរី Verdis ប៉ុន្តែបច្ចុប្បន្ន សាធារណរដ្ឋនេះមានពលរដ្ឋរហូតដល់ជាង៤០០នាក់ដែលទទួលស្គាល់ជាផ្លូវការ ។ ពលរដ្ឋម្នាក់ៗទទួលបានលិខិតឆ្លងដែនរបស់សាធារណរដ្ឋ ប៉ុន្តែយុវជន Jackson បានដាស់តឿនពលរដ្ឋខ្លួនថា ពុំគួរប្រើប្រាស់លិខិតឆ្លងដែននេះសម្រាប់ធ្វើដំណើរទៅក្រៅប្រទេសទេ ប៉ុន្តែនៅតែមានពលរដ្ឋខ្លះធ្លាប់ប្រើប្រាស់លិខិតឆ្លងដែននេះចូលប្រទេសផ្សេង ៕










