តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News និង Khaosod កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានប្រកាសដណ្តើមកាន់កាប់ប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងនិយាយបំភ្លៃការពិតថា ប្រាសាទតាក្របីជារបស់ថៃ ថៃត្រូវតែយកមកវិញឱ្យបាន ។
កាលពីថ្ងៃទី១០ ខែសីហា នៅជំរំសុណារី ខេត្តនគរាជសីម៉ា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានធ្វើដំណើរមកទទួលស្បៀងអាហាររបស់ពលរដ្ឋថៃដែលបរិច្ចាគឱ្យកងទ័ពនៅព្រំដែន ហើយលោកក៏បានប្រគល់ដ្រូនឱ្យកងទ័ពដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខជាតិ ។ ការផ្តល់ស្បៀងអាហារនេះរួមដំណើរដោយលោក វ៉ាន់មូហាម៉ាត់ ណរម៉ាថា ប្រធានរដ្ឋសភា ព្រមទាំងមន្ត្រីជាច្រើននាក់ ។
មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានអរគុណដល់ពលរដ្ឋថៃដែលបានបរិច្ចាគស្បៀងឱ្យកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ហើយលោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់មីនថ្មីចូលដីថៃ ចាប់ពី១០០ម៉ែត្រ ទៅ១៥០ម៉ែត្រ រហូតធ្វើឱ្យកងទ័ពថៃជាន់មីនរងរបួស ។ លោកថែមទាំងចោទប្រកាន់កម្ពុជាពុំគោរពអនុសញ្ញាអូតាវ៉ា និងបង្កភាពរញ៉េរញ៉ៃនៅប្រាសាទតាមាន់ធំ ។
លោកនិយាយបំភ្លៃការពិតថា ៖ «ប្រាសាទតាក្របីជារបស់ថៃ ថៃត្រូវតែយកប្រាសាទនេះមកវិញឱ្យបាន ខ្ញុំនៅសល់ពេលតែ៥១ថ្ងៃនឹងចូលនិវត្តន៍ពីការងារ ដូច្នេះ ខ្ញុំនឹងបំពេញតួនាទីជាមេទ័ពឱ្យល្អបំផុត ។ ខ្ញុំពុំទាន់គិតអ្វីទេក្រោយចូលនិវត្តន៍ ខ្ញុំទុកចិត្តមេទ័ពថ្មី និងកងទ័ពទាំងអស់ ខ្ញុំត្រៀមខ្លួនសម្រាប់អ្វីដែលកើតឡើង ទោះជាមានសង្គ្រាម ឬគ្មាន ។ ខ្ញុំជឿថា អ្នកមកធ្វើជាមេទ័ពថ្មីនឹងមានបទពិសោធន៍ ហើយខ្ញ។នឹងធ្វើជាពលរដ្ឋល្អបន្ទាប់ពីចូលនិវត្តន៍» ។
ដោយឡែក ប្រាសាទតាមាន់ធំ ថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ថៃឡើងមកប្រាសាទតាមាន់ធំ ទើបថៃពុំអាចបិទប្រាសាទតាមាន់ធំបាននាពេលកន្លងមក ហើយលោកត្រូវបានពលរដ្ឋថៃទូទាំងប្រទេសជេរស្តីរឿងពុំព្រមបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ។ ប៉ុន្តែពេលនេះ ថៃនឹងបិទប្រាសាទតាមាន់ធំ ដោយសារមានការប៉ះទង្គិចគ្នាលើប្រាសាទរវាងពលរដ្ឋខ្មែរ-ថៃ ខណៈការធ្វើសង្គ្រាមកន្លងមក ថៃដណ្តើមកាន់កាប់បាន១១តំបន់ ក្នុងនោះថៃបានកាន់កាប់ភ្នំទ្រព្យផងដែរ ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនស៊ីន ផាកក្លាង ។
នៅថ្ងៃទី១០ ខែសីហា ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិឱ្យបានជ្រាបថា នៅថ្ងៃទី១០ ខែសីហា មេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ផាកក្លាង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ថ្ងៃទៀត គឺ ៖ ១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និង២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន ។
ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជា-ថៃបានឯកភាពគ្នា ជាពិសេស ចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ ។
កម្ពុជាសូមគូសបញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព ៕










