ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បុរសលក់ផ្លែឈើជនជាតិថៃម្នាក់នៅឃុំប៉ាតង ស្រុកកាធូ ខេត្តភូកេត បានឈ្លោះប្រកែកជាមួយភ្ញៀវទេសចរបរទេស និងចោទប្រកាន់ភ្ញៀវទេសចរទិញផ្លែឈើខ្លួនហើយពុំឱ្យប្រាក់ចំនួន៦០បាត (ឬស្មើ៦ពាន់រៀល) ក៏យកកាំបិតចា.ក់ពោះភ្ញៀវទេសចរបណ្តាលឱ្យរងរបួសធ្ងន់ធ្លាយពោះវៀន ។

សមត្ថកិច្ចខេត្តភូកេត បានទទួលសេចក្តីរាយការណ៍ថា នាវេលាម៉ោង២និង២០នាទី ថ្ងៃទី៨ ខែសីហា បុរសលក់ផ្លែឈើជនជាតិថៃបានឈ្លោះប្រកែកជាមួយភ្ញៀវទេសចរបរទេស ហើយបុរសថៃក៏យកកាំបិទចាក់ពោះភ្ញៀវទេសចរបណ្តាលឱ្យរងរបួសធ្ងន់ធ្លាយពោះវៀន នៅមុខគ្លីនិកមួយកន្លែងតាមផ្លូវរ៉ាជអ៊ុថីត ២០០ ឃុំប៉ាតង ស្រុកកាធូ ខេត្តភូកេត ។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រមូលកម្លាំងពាក់ព័ន្ធចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ។

ជនបរទេសដែលត្រូវបុរសថៃលក់ផ្លែឈើយកកាំបិតចាក់នេះ ឈ្មោះ Orsan Hidayet Oglu Orkan អាយុ៣៤ឆ្នាំ សញ្ជាតិអាស៊ែបៃហ្សង់ (Azerbaijani) រងរបួសនៅបរិវេណពោះ និងធ្លាយពោះវៀន ។ សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យប៉ាតង ។

ក្រោយពីធ្វើសកម្មភាព ជនល្មើសឈ្មោះ ប៉ាន់ អាយុ២៥ឆ្នាំ បានអង្គុយនៅខាងមុខគ្លីនិក និងសារភាពប្រាប់សមត្ថកិច្ចថា ខ្លួន និងសង្សារជាអ្នកលក់ផ្លែឈើតាមម៉ូតូកង់៣ ។ រីឯភ្ញៀវទេសចរបានដើរមកទិញផ្លែឈើខ្លួន បរិភោគរួចហើយពុំព្រមឱ្យលុយចំនួន៦០បាត (ឬស្មើ៦ពាន់រៀល) ទើបមានការប្រកែកគ្នាខ្លាំងៗ ហើយខ្លួនក៏យកកាំបិតចាក់ពោះរបស់ភ្ញៀវទេសចរតែម្តង ។

បន្ទាប់ពីសួរនាំជនល្មើសរួច សមត្ថកិច្ចក៏បានចាប់ខ្លួនជនល្មើសបញ្ជូនទៅសួរចម្លើយនៅស្ថានីយប៉ូលិសប៉ាតង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀតដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ ថាជាប្រទេសគ្មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។

យើងសង្កេតឃើញថា តាំងពីកងទ័ពថៃបើកការឈ្លានពានទឹកដីកម្ពុជា គឺភ្ញៀវទេសចរមកលេងថៃធ្លាក់ចុះយ៉ាងខ្លាំង ដោយសារគ្មានទំនុកចិត្ត បញ្ហាអសន្តិសុខកើនឡើង និងពលរដ្ឋថៃពុំគោរពច្បាប់ ។

ហេតុការណ៍ជនជាតិថៃយកកាំបិតចាក់ភ្ញៀវទេសចរសញ្ជាតិអាស៊ែបៃហ្សង់នៅខេត្តភូកេត គឺកើតឡើងក្រោយហេតុការណ៍ជនជាតិថៃដុតភ្លើងភ្ញៀវទេសចរម៉ាឡេស៊ីនៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែសីហា ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា ជនជាតិថៃម្នាក់ជាអតីតកីឡាករប្រដាល់បានយកធាតុរាវម្យ៉ាងដែលគេប្រើសម្រាប់រំលាយទឹកថ្នាំ និងងាយឆាបឆេះ ទៅចាក់ស្រោចលើភ្ញៀវទេសចរម៉ាឡេស៊ី២នាក់ រួចយកដែកកេះមកដុតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងចំណោមហ្វូងមនុស្សនៅទីក្រុងបាងកក ៕