ថៃ៖ បញ្ហាសុខភាពផ្លូវចិត្តកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ ដែលប៉ះពាល់ដល់មនុស្សជាង 13លាននាក់ មានចាប់ពីវ័យជំទង់ ដល់វ័យចំណាស់។ ការរកឃើញនេះបានផ្ដល់ជាក្ដីកង្វល់ធំមួយបន្ថែមទៀតសម្រាប់ប្រទេសថៃ ខណៈមានការអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការគាំទ្រសហគមន៍ ដើម្បីកែលម្អសុខុមាលភាពផ្លូវចិត្តរបស់ប្រជាជនទូទាំងប្រទេស។

នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា៖ បច្ចុប្បន្ន មានប្រជាជនថៃចំនួនជាង 13.4 លាននាក់ កំពុងជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត នេះបើយោងតាមរបាយការណ៍សុខភាពថៃឆ្នាំ 2025 ដែលចេញផ្សាយរួមគ្នាដោយមូលនិធិលើកកម្ពស់សុខភាពថៃ (ThaiHealth) និងវិទ្យាស្ថានស្រាវជ្រាវប្រជាជន និងសង្គមនៃសាកលវិទ្យាល័យ Mahidol ។

របាយការណ៍នេះបានកំណត់លើមនុស្សដែលមានអាយុពី 45 ដល់ 59 ឆ្នាំ ដែលជាក្រុមអាយុ “មុនវ័យចំណាស់” ថាមានកម្រិតសុភមង្គលទាបបំផុតទូទាំងប្រទេស ដែលបង្ហាញពីភាពងាយរងគ្រោះខាងផ្លូវចិត្តកាន់តែខ្លាំងនៅពេលដែលពួកគេចូលនិវត្តន៍។ ចំណែកក្រុមមនុស្សវ័យក្មេងដែលមានអាយុពី 15 ទៅ 29 ឆ្នាំក៏មានហានិភ័យខ្ពស់ផងដែរ ជាមួយនឹងការកើនឡើងនៃភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត។ 
អ្នកជំនាញផ្នែកផ្លូវចិត្តថៃ បានលើកឡើងថា៖ បញ្ហាទាំងនេះគឺជាប់ពាក់ព័ន្ធទៅនឹងសម្ពាធផ្នែកសិក្សា អំពើហិង្សាក្នុងគ្រួសារ ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម ការភ័យខ្លាចថាខ្លួនដើរមិនទាន់សង្គម (FOMO) និងការរំពឹងទុកខ្ពស់ពេកក្នុងការរស់នៅ។.jpg)
របាយការណ៍នេះក៏បានលើកឡើងពីកង្វល់សុខភាពសំខាន់ៗចំនួន 10 សម្រាប់ឆ្នាំ 2025 ចាប់ពីផលប៉ះពាល់នៃការកែប្រែច្បាប់គ្រឿងស្រវឹង ការកើនឡើងអំពីចំនួនគ្រោះថ្នាក់លើការប្រើប្រាស់បារីអេឡិចត្រូនិច និងភាពមិនច្បាស់លាស់លើគោលនយោបាយថ្នាំជក់របស់រដ្ឋាភិបាលថៃ និងការពិភាក្សាជុំវិញការបង្កើតសិទ្ធិស្របច្បាប់នៃកាស៊ីណូ ជាហេតុធ្វើឲ្យពលរដ្ឋថៃដែលបានចូលពាក់ព័ន្ធនឹងរឿងទាំងនោះ ចាប់ផ្ដើមជួបនឹងវិបត្តិផ្លូវចិត្ត។
គួរជម្រាថា គិតមកត្រឹមឆ្នាំ2025នេះ ប្រទេសថៃមានប្រជាជនសរុបចំនួន 70លាននាក់ ក្នុងនោះបើធៀបនឹង 13.4 លាននាក់នៅក្នុងទិន្នន័យខាងលើបង្ហាញថា ជិត20% នៃប្រជាជនថៃទាំងមូលគឺកំពុងជួបបញ្ហាផ្លូវចិត្ត។ កត្តានេះក៏ត្រូវបានគេពិនិត្យឃើញថា មានជាប់ពាក់ព័ន្ធនឹងការថយចុះនៃអត្រាកំណើតរបស់ប្រទេសថៃផងដែរ ដែលជំរុញឲ្យមានព្រមានអំពីផលប្រឈមផ្នែកប្រជាសាស្រ្ត និងបញ្ហាសេដ្ឋកិច្ចរយៈពេលវែង៕










