ការបញ្ចេញមតិអវិជ្ជមានបំបាក់ទឹកចិត្តអ្នកខិតខំជួយប្រមូលលុយមូលនិធិជួយដល់ប្រជាជនរងគ្រោះអំពីសង្គ្រាមពិតជាធ្វើឱ្យអ្នកជួយបាក់ស្មារតីណាស់ហើយលែងចង់បន្តការងារមនុស្សធម៌នេះទៀត។ ជាក់ស្តែងដូចជា ប៉ីប៉ី ឌី ជាដើមបាននិយាយម្តងហើយម្តងទៀតរាងចាលរឿងលុយមូលនិធិនិងបាននិយាយថាមិនបានសាច់យកឆ្អឹងព្យួរក។ ឃើញការបាក់ទឹកចិត្តបែបនេះ ជី ដេវីត បានផ្តល់កម្លាំងចិត្តដល់ ប៉ីប៉ី ឌី ឱ្យញែកចេញជាពីរព្រោះមាន១០នាក់ស្អប់១០លាននាក់ស្រលាញ់។.png)
នៅវេលាម៉ោង១យប់ឈានចូលថ្ងៃទី៨ សីហា ប៉ីប៉ី ឌី បានចែករំលែកវីដេអូមួយអមដោយសម្តីថា « ដឹងថាកន្លែងខ្ញុំកំពុងឈរហ្នឹង នៅកន្លែងណាឬអត់?ណ្ហើយ ខ្ញុំអត់ចង់រៀបរាប់ទេតែពេលខ្លះឃើញcmtអវិជ្ជមានម្តងៗ ខ្ញុំស្បថថាឈប់ហើយ ប្រៀបដូចសាច់មិនបានស៊ីយកឆ្អឹងព្យួរក»។ ប៉ីប៉ី ឌី បានបន្ថែមក្នុងផ្នែកបញ្ចេញមតិយោបល់ទៀតថា «ខ្ញុំក៏មិនគិតថានឹងបញ្ចេញរូបភាពនិងវីដេអូនៅកន្លែងហ្នឹងដែរ តែអូសឃើញនៅភ័យមិនទាន់បាត់ផងតែអ្វីដែលខំប្រឹង នៅតែមិនបានល្អក្នុងក្រសែភ្នែកមនុស្សមួយចំនួន…»។
ការបង្ហាញនូវអារម្មណ៍បែបនេះបានធ្វើឱ្យអ្នកគាំទ្រមិត្តរួមអាជីពសិល្បៈជាច្រើនបានផ្តល់កម្លាំងចិត្តទៅកាន់ ប៉ីប៉ី ឌី ក្នុងនោះក៏មានតារាចម្រៀង ជី ដេវីត ផងដែរ។ ជី ដេវីត បានលើកទឹកចិត្ត ប៉ីប៉ី ឌី ថា «បងសុខភាពផ្លូវចិត្តជារឿងសំខាន់ បងដើរមកឆ្ងាយហើយ វែកវាជាពីរទៅកុំឱ្យវាចូលគ្នា ព្រោះវាអាចឱ្យទ្រូងយើងតឹងដកដង្ហើមពិបាក។ ១០នាក់ស្អប់ ១០លាននាក់ស្រលាញ់និងយល់ពីចិត្តយើង ទោះជាចុងក្រោយមានតែម្នាក់ដែលនៅតែយល់ពីយើងច្បាស់ក៏ជាតម្លៃមហាសាលដែរ។ បងធ្វើត្រូវហើយ តែសារជាតិជាមនុស្សនិងធម្មជាតិគឺត្រូវតែមានពីរផ្លូវ ស្អប់ & ស្រលាញ់ , រីករាយ និង ទុក្ខសោក , ទោះថ្នាំព្យាបាលជំងឺមហារីកជា ក៏គង់និងត្រូវប៉ះពាល់ដល់សេរីរាង្គយើងផ្សេងទៀតដែរ។ សូមថែរក្សាសុខភាព ដើរទៅមុខទៀតបង»។
គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី ទទួលបានមតិអវិជ្ជមានមួយចំនួនតូចគឺបានវាយប្រហារអំពីលុយមូលនិធិដែលមានចំនួនច្រើននិងមានគំនិតអគតិថា ប៉ីប៉ី ឌី កិបគេងលុយមូលនិធិយកលុយទៅទិញឡានទំនើប។ ប៉ីប៉ី ឌី បានបង្ហាញរូបភាពមួយចំនួនអំពីការជួយជនភៀសសឹកជូនថវិកាទៅកាន់ក្រុមគ្រួសារពលី និងកន្លែងខ្លះទៀតគឺមិនបានបង្ហាញដោយសារតែគិតពីសុវត្ថិភាពពីសត្រូវឈ្លានពាន។ ការទទួលបានទឹកប្រាក់ជាច្រើនពីបងប្អូនមហាគ្រួសារខ្មែរ ប៉ីប៉ី ឌី ថាគឺទទួលបានអារម្មណ៍រងសម្ពាធ ទទួលបន្ទុកធំ៕










