តារាចម្រៀង លីម តិចម៉េង បានបង្ហាញថាលោកចង់ខ្លាចគ្នាឯង មិនព្រមបើកចិត្ត មិនព្រមស្វែងយល់ អត់សាមគ្គី គិតតែពីជាន់ដាក់សម្ពាធ…។ ងាកទៅកាន់លោក សឹក សិលា វិញបានលើកឡើងដែរថា អ្នកចុះចែកស្បៀងឈឺអស់ហើយ អ្នករៀបអីវ៉ាន់វិញឡើងក្រិនគូទ ខុសប្លែកតែអ្នករិះគន់ បញ្ចូលលុយ២ដុល្លាររិះគន់ញាក់សាច់។
នៅយប់ថ្ងៃទី៥ សីហា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ទេយូរៗទៅដូចចង់ខ្លាចគ្នាឯងម៉េចទេ អត់ព្រមបើកចិត្ត អត់ព្រមស្វែងយល់ អត់ព្រមជួយគ្នាសាមគ្គីគ្នា គិតតែពីជាន់គ្នា ដាក់សម្ពាធឱ្យគ្នាឯង ដាក់សម្ពាធឱ្យថ្នាក់ដឹកនាំ ដាក់សម្ពាធឱ្យជាតិខ្លួនឯង»។
តារាចម្រៀងរូបនេះបានបន្ថែមទៀតថា អ្នកមួយចំនួនមានទូរសព្ទអង្គុយចាំតែជាន់គ្នាឯង។ លោកបានលើកឡើងដូច្នេះថា «សុំនិយាយតាមត្រង់បើចោរឈ្លានពានដល់ដំណាក់កាលមួយ…យ៉ាងច្រើនណាស់ទៅសមរភូមិប្រយុទ្ធទាំងអស់គ្នា តស៊ូការពារជាតិទាំងអស់គ្នាដដែលទេគ្មានអ្វីត្រូវខ្លាចទេ តែដល់យូរៗទៅដូចចង់ខ្លាចគ្នាឯងម៉េច មានទូរស័ព្ទមួយអង្គុយចាំជាន់គ្នាឯងចឹងទៅសប្បាយទេ ? » ។ តិចម៉េង បានបញ្ជាក់ថា ការលើកឡើងខាងលើនេះគឺមានមួយចំនួនតូចប៉ុណ្ណោះ។
មិនខុសគ្នាប៉ុន្មាននោះទេលោក សឹក សិលា អ្នកលក់អនឡាញនិងជាអ្នកបង្កើតមាតិកាមួយរូបក៏បានលើកឡើងពីអ្នកចាំតែអង្គុយរិះគន់ដូចគ្នា។ លោកបានបង្ហោះសំណេរនៅថ្ងៃទី ៤ សីហា ថា «អ្នកចុះចែកស្បៀងឈឺអស់ហើយ, អ្នករៀបស្បៀងនៅភ្នំពេញចង់ក្រិនគូទហើយនៅឡើយតែអ្នករិះគន់ បញ្ចូលកាត២ដុល្លារ រិះគន់ញាក់»។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ប៉ីប៉ី ឌី ដែលប្រមូលមូលនិធិបានលុយរាប់ម៉ឺនដុល្លារបង្ហាញនូវអារម្មណ៍រងសម្ពាធរាងចាលមិនចង់ធ្វើជាលើកទី២នោះទេ។ ការចេញមកបង្ហាញអារម្មណ៍បែបនេះដោយសារតែអ្នកមួយចំនួនតូចបានចេញមកជីកឬសជីកគល់ពីទំហំទឹកប្រាក់ដែលលោកទទួលបានពីសប្បុរសជនយកទៅធ្វើអ្វីខ្លះទាមទាររបាយការណ៍ស្ថានការណ៍នៅមិនទាន់បញ្ចប់នៅឡើយ ខណៈលោកខិតខំទៅជួយកងទ័ពជួរមុខ ជនភៀសសឹក ប្រថុយនឹងគ្រោះថ្នាក់ជាដើម៕










