តារាចម្រៀង Original Song ចេន ដែលសាងប្រជាប្រិយភាពតាមរយៈស្នាដៃជាច្រើនស្រាប់តែបង្ហាញអារម្មណ៍សោកសៅនិងបានបញ្ជាក់ថាលោកកំពុងដួល បរាជ័យ ហើយប្រហែលជាសមចិត្តអ្នកដែលចង់ឃើញលោកបែបនេះណាស់។ ទោះយ៉ាងណា ខ្លឹមសារតែលោកបង្ហោះតារាចម្រៀងរូបនេះបានសម្រេចចិត្តលុបចោលវិញ។
កាលពីយប់ថ្ងៃទី៤ សីហា ចេន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ថា «ឈឺដែលគ្មានសម្លេង»។ បន្តិចក្រោយមកលោកបានបង្ហោះថា «ថ្ងៃដែលខ្ញុំដួលខ្ញុំមើលឃើញគ្រប់យ៉ាង មនុស្សគេត្រូវការតែពេលអ្នកមានឈ្មោះប៉ុណ្ណោះ គេមិនជឿឡើយពាក្យសំដី ស្មើ០»។

បង្ហាញអារម្មណ៍ក្នុងន័យហាក់កំពុងត្រូវបានគេមើលរំលងទឹកមាត់មិនប្រៃនេះហើយ ចេន បានបញ្ចេញសំណេរមួយទៀតថា «អ្នកដែលចង់ឃើញខ្ញុំបរាជ័យថ្ងៃនេះអ្នកសមបំណងហើយ សូមអបអរសាទរអ្នកព្យាយាមយូរហើយ…»។ ជុំវិញនៃការបង្ហោះសារបន្តគ្នារបស់តារាចម្រៀង ចេន បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការងឿងឆ្ងល់តើតារាចម្រៀងប្រុសរូបនេះកំពុងប្រឈមមុខនឹងរឿងអ្វីទើបលោកបង្ហាញអារម្មណ៍បែបនេះ។

ទោះយ៉ាងណាបន្ទាប់ពីបង្ហាញថាលោកកំពុងដួល រងភាពបរាជ័យ សំណេរដែលលោកបង្ហោះតគ្នាទាំងប៉ុន្មាន ចេន សម្រេចចិត្តលុបចេញវិញពីបណ្តាញសង្គម។កាលពីកន្លងមកនេះ ចេន បានបង្ហាញថាក្នុងអាជីពរយៈពេល១១-១២ឆ្នាំលោកជួបនូវរឿងរ៉ាវជាច្រើនក្នុងអាជីពសិល្បៈហើយចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២៥ លោកតែងតែនិពន្ធបទចម្រៀងថ្មី។ ក្នុងនោះ ចេន បានរំលេចដែរថា បទចម្រៀងរបស់លោកមិនក្រោម២០បទទេដែលមានការគាំទ្រពីសំណាក់ទស្សនិកជន៕










