(ព្រះវិហារ)៖ កងកម្លាំងកម្ពុជាបានចុះធ្វើការដកបន្លាលួសដែលថៃបានពង្រាយ ព្រមទាំងបញ្ឈប់សកម្មភាពប្រើប្រាស់គ្រឿងចក្រធនធ្ងន់មកឈូសឆាយផ្លូវរុករុលចូលតំបន់អានសេះក្នុងទឹកដីកម្ពុជា ដោយមិនអនុញ្ញាតឲ្យថៃបន្តរំលោ.ភបំពានបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នាស្រេចតាមអំពើចិត្តឡើយ។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។

យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា គិតត្រឹមម៉ោង៥៖៣០ នាទី ល្ងាចថ្ងៃទី០៥ ខែសីហា នេះ កងទ័ពកម្ពុជា បានរុះរើបន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ ចំណែកគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។ 
សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។
ជាមួយគ្នានេះ ការចុះរុះរើ ដកបន្លា និងបញ្ឈប់សកម្មភាពគ្រឿងចក្ររបស់យោធាថៃនេះ គឺជាការបង្ហាញអំពីភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជាក្នុងការការពារដែនអធិបតេយ្យដោយភាពចាស់ទុំ មិនច្រឡោតបង្ករហិ.ង្សា ប៉ុន្តែមិនអាចអនុញ្ញាតឲ្យភាគីថៃប្រព្រឹត្តសកម្មភាពល្មើសកិច្ចព្រមព្រៀងបទឈប់បា.ញ់តាមទំនើងចិត្តជាដាច់ខាត។.png)
គួររំលឹកថា ទីតាំងតំបន់អានសេះ ក្នុងខេត្តព្រះវិហារ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បា.ញ់ត្រូវចូលជាធរមានយ៉ាងពិតប្រាកដ។ លើសពីនេះ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ, អនុព័ន្ធយោធាចំនួន ១៣ ប្រទេសបានចុះទៅពិនិត្យបទឈប់បាញ់នៅលើតំបន់ខាងលើនេះ ដែលជាការបញ្ជាក់យ៉ាងច្បាស់ថាទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយមានបទឈប់បា.ញ់ដែលបានចូលជាធរមាននៅម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕










