(ភ្នំពេញ)៖ កម្ពុជា ទទូចឱ្យថៃ កុំគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់ត្រឹមតែពាក្យសម្តី ប៉ុន្តែសកម្មភាពជាក់ស្តែងនៅតែបន្តអំពើអរិភាពមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយសង្កត់ធ្ងន់ឲ្យថៃបញ្ឈប់សកម្មភាពនេះ រុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ពីដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

នៅព្រឹកថ្ងៃទី5 ខែសីហា ឆ្នាំ2025 អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពាជាតិកម្ពុជា បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ថា ចាប់តាំងពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីកងកម្លាំងកម្ពុជាក៏ដោយ។
ជាមួយគ្នានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។
គួរជម្រាបថា ក្រៅតែបញ្ហាដែលយោធាថៃ បានបំពានបទឈប់បាញ់ ដោយបានចល័តគ្រឿងចក្រ និងរាយបន្លាលួសនៅតំបន់អានសេះ ដែលជាដែនអធិបតេយ្យភាពកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ស្ថានភាពនៅតាមបណ្តោយព្រំដែន ទិសព្រះវិហារ និងឧត្តរមានជ័យ គឺមានស្ងប់ស្ងាត់ គិតត្រឹមព្រឹកម៉ោង ១១ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។ 
ទោះជាយ៉ាងនេះក្ដី កងកម្លាំងយោធារបស់កម្ពុជា នឹងនៅតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍ភារកិច្ចការពារបូរណភាពដែនដីកម្ពុជា និងគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ និងលក្ខខណ្ឌនានាផ្សេងទៀត ដែសសម្រេចបាននាកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ៕










