ប្រទេសចិន ៖ ទោះជាអាមេរិក និងចិនបានចរចាពាណិជ្ជកម្មជាមួយគ្នាក្តី ប៉ុន្តែមហាអំណាចទាំងពីរមានបញ្ហារឿងថាមពល ដោយសារចិននៅតែបន្តទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ និងរុស្ស៊ី ទោះជាអាមេរិកប្រកាសដំឡើងពន្ធទំនិញរហូតដល់១០០% ក្តី ។ អ្នកវិភាគយល់ឃើញថា ចិនអាចប្រើប្រាស់ថាមពលដើម្បីចរចាឱ្យអាមេរិកបន្ធូរបន្ថយការគ្រប់គ្រងបច្ចេកវិទ្យា ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ពុំហ៊ានដំឡើងពន្ធទំនិញចិនតាមការប្រកាស ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ។

គេហទំព័រ Yahoo Finance រាយការណ៍នៅថ្ងៃទី៤ ខែសីហា ថា ទោះជាអាមេរិក និងចិនអាចចរចាជាច្រើនប្រធានបទដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងចៀសវាងការដំឡើងពន្ធទំនិញ ប៉ុន្តែមហាអំណាចទាំងពីរពុំឯកភាពក្នុងប្រធានបទសំខាន់ គឺអាមេរិកអំពាវនាវឱ្យចិនឈប់ទិញប្រេងឥន្ធនៈអ៊ីរ៉ង់ និងរុស្ស៊ី ។ ការលក់ប្រេងឥន្ធនៈឱ្យចិនជាចំណូលយ៉ាងសំខាន់របស់ប្រទេសទាំងពីរអនុវត្តគោលនយោបាយកងទ័ព និងការបរទេស ជាពិសេស រុស្ស៊ីនឹងយកចំណូលពីការលក់ប្រេងទៅចំណាយក្នុងសង្គ្រាមអ៊ុយក្រែន ហើយអ៊ីរ៉ង់នឹងយកចំណូលចំណាយឱ្យក្រុមប្រដាប់អាវុធ ។.png)
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម X ថា ៖ «ចិននឹងរក្សាថាមពលជាប្រយោជន៍របស់ខ្លួន រីឯការដាក់សម្ពាធរបស់អាមេរិកនឹងពុំទទួលបានផល ។ ចិននឹងការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ ដែលបង្ហាញថា ចិននៅតែភ្ជាប់ពាណិជ្ជកម្មជាមួយគោលនយោបាយថាមពល និងការបរទេស» ។
តាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក គឺចិនច្បាស់លាស់ជាមួយអធិបតេយ្យរបស់ខ្លួន និងសុខចិត្តបង់ពន្ធទំនិញរហូតដល់១០០% ដោយចិនពុំធ្វើតាមការអំពាវនាវរបស់អាមេរិក ។ គោលជំហររឹងមាំរបស់ចិនពុំធ្វើឱ្យការចរចាពាណិជ្ជកម្មផ្អាកទេ ហើយអាមេរិក-ចិនអាចនឹងសម្រេចចិត្តព្រមព្រៀងសំខាន់ ។
អ្នកវិភាគពាណិជ្ជកម្មយល់ថា លោក Trump នឹងពុំដំឡើងពន្ធទំនិញចិន១០០%ទេ ពីព្រោះអាចប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មទាំងអស់ និងកាត់បន្ថយការប្រកាសកិច្ចព្រមព្រៀងរួមរវាងលោក Trump និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាចុងឆ្នាំ២០២៥ ។ ចិនអាចយកបញ្ហាទិញប្រេងឥន្ធនៈចរចាជាមួយអាមេរិក ដូចជា ៖ ឱ្យអាមេរិកបន្ធូរបន្ថយការគ្រប់គ្រងបច្ចេកវិទ្យា និងបន្ថយពន្ធទំនិញប្រទេសផ្សេង ។

ក្រៅពីនេះ ចិននៅតែពឹងផ្អែកការប្រើប្រាស់ប្រេងឥន្ធនៈតម្លៃថោករបស់អ៊ីរ៉ង់ និងរុស្ស៊ី ។ អ៊ីរ៉ង់បាននាំចេញប្រេងឥន្ធនៈពី៨០% ទៅ៩០% ទៅចិន ខណៈចិននាំចូលប្រេងឥន្ធនៈពីរុស្ស៊ី រហូតដល់ជាង១លាន៣សែនបារ៉ែលក្នុង១ថ្ងៃ កាលពីខែមេសា ឆ្នាំ២០២៥ ។ ចិននឹងពុំឈប់ទិញប្រេងពីប្រទេសទាំងពីរងាយៗទេ ដោយសារតម្លៃថោកជាងទីផ្សារ ជាពិសេស ពេលសេដ្ឋកិច្ចចិនរងសម្ពាធ ។
.png)
នេះបង្ហាញថា ទោះជាអាមេរិក និងចិន ចង់កាត់បន្ថយស្ថានការណ៍តានតឹងសេដ្ឋកិច្ច ប៉ុន្តែថាមពល និងភូមិសាស្ត្រនៅតែជាឧបសគ្គយ៉ាងធំក្នុងការធ្វើកិច្ចព្រមព្រៀងរបស់មហាអំណាចទាំងពីរដែលប្រឈមនឹងភាពពុំប្រាកដប្រជារយៈពេលយូរ ។ រីឯឥណ្ឌា ក៏រងសម្ពាធការដំឡើងពន្ធទំនិញពីអាមេរិកដែរ ដោយសារឥណ្ឌានៅតែបន្តទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ លោក Trump ប្រកាសដំឡើងពន្ធទំនិញឥណ្ឌាលើសពី២៥% ខណៈឥណ្ឌាថា ខ្លួនមានទំនាក់ទំនងជាមួយរុស្ស៊ីយូរហើយ ។
គួរបញ្ជាក់ថា ព្រឹទ្ធអាមេរិកបានធ្វើសេចក្តីព្រៀងច្បាប់ផ្តល់អំណាចឱ្យប្រធានាធិបតីអាចដំឡើងពន្ធទំនិញខ្ពស់រហូតដល់៥០០% សម្រាប់ប្រទេសណាដែលទិញថាមពលពីរុស្ស៊ី ហើយសេចក្តីព្រៀងច្បាប់នេះមានសំឡេងគាំទ្រ៨៤សំឡេង ក្នុងចំណោម១០០សំឡេង ៕










