ប្រទេសថៃ ៖ សារព័ត៌មានថៃ The Better News រាយការណ៍កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ សូមវាយតម្លៃស្ថានការណ៍សិន មុននឹងអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកវឹលត្រឡប់ទៅលំនៅឋានវិញ ដោយសារលោកពុំជឿជាក់កម្ពុជា ។ ក្រៅពីនេះ លោកពុំឆ្លើយតបជាមួយអ្នកសារព័ត៌មានរឿងថៃទាមទារប្រាសាទតាក្របីរបស់កម្ពុជាទេ ពីព្រោះបារម្ភប៉ះពាល់ដល់ការចរចារវាងប្រទេសទាំងពីរ ។
លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីករណីពលរដ្ឋថៃធ្វើអត្តឃាតដោយសារពិបាកចិត្តរឿងស្ថានការណ៍ជម្លោះ និងចង់ត្រឡប់ទៅលំនៅឋានថា លោកសោកស្តាយជាមួយគ្រួសារសាកសព ហើយរដ្ឋាភិបាលថៃបារម្ភពីពលរដ្ឋ ។ រដ្ឋាភិបាលចង់ឱ្យពលរដ្ឋភៀសសឹកត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែស្ថានការណ៍ពុំទាន់ល្អប្រសើរ ១០០% ទេ ពីព្រោះពុំទាន់ជឿជាក់លើកម្ពុជា ។ ដូច្នេះ ត្រូវរង់ចាំវាយតម្លៃស្ថានការណ៍ម្តងទៀត បើគ្មានហេតុការណ៍អ្វីទេ ពលរដ្ឋអាចត្រឡប់ទៅលំនៅឋានបាន ។
ក្រោយកម្ពុជានាំអនុព័ន្ធយោធាបរទេសមកមើលទីតាំងរងខូចខាតដោយសារការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃ លោក ភូមិថាំ ចោទប្រកាន់ថា ដោយសារកម្ពុជាបង្កសង្គ្រាមមុន ទើបកម្ពុជាដឹងថា ថៃអត់ធ្វើអ្វី ។ លោកនិយាយកុហកប្រាប់ពលរដ្ឋថា ប្រទសថៃរងគ្រោះ ទើបពុំទុកចិត្តកម្ពុជា ខ្លាចកម្ពុជាបង្កជម្លោះ ។
ចំណែកការលើកឡើងថា កងទ័ពកម្ពុជាគ្រប់គ្រង និងឈរជើងនៅប្រាសាទតាក្របី ខណៈថៃគ្រប់គ្រងតែតំបន់ខ្លះ លោក ភូមិថាំ ប្រាប់ថា បើនិយាយពីយុទ្ធសាស្ត្រ គឺថៃនឹងអាចវាយយកប្រាសាទតាក្របីបាន ។ ប៉ុន្តែពេលនេះ លោកពុំចង់និយាយលម្អិតរឿងប្រាសាទតាក្របី ដោយសារអាចប៉ះពាល់ដល់ការចរចារវាងប្រទេសទាំងពីរ ទោះយ៉ាងណា លោកសប្បាយចិត្តដែលថៃបានរក្សាអធិបតេយ្យភាពរបស់ខ្លួន ។
មហាអំណាចចិនបានជជែកជាមួយថៃរហូតមក គឺចិនពុំចង់ឃើញថៃធ្វើសង្គ្រាមជាមួយកម្ពុជា ចិនចង់ឱ្យប្រទេសទាំងពីរធ្វើជាមិត្តជាមួយចិន ។ ចិនចង់ឃើញសន្តិភាព ពុំចង់ឃើញផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា គឺដូចគ្នានឹងប្រធានអាស៊ាន ប្រធានាធិបតីឥណ្ឌូណេស៊ី និងមហាអំណាចអាមេរិក ក៏បារម្ភពីការប៉ះទង្គិចរវាងកម្ពុជា-ថៃដែរ ។ រីឯខ្លួនលោកពុំជឿជាក់លើមេដឹកនាំកម្ពុជាទេ ហើយលោកចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ ។
ដោយឡែក ករណីមន្ទីរពេទ្យថៃមួយចំនួនប្រកាសពុំព្យាបាលអ្នកជំងឺខ្មែរ លោក ភូមិថាំ និយាយថា លោកពុំដឹងព័ត៌មាននេះទេ ពីព្រោះបច្ចុប្បន្ន មានទាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ប៉ុន្តែសម្រាប់ថៃនិយាយអ្វីចេញមកត្រូវតែជាព័ត៌មានពិត មានភស្តុតាងច្បាស់លាស់ ។ ថៃអាចទំនាក់ទំនងយឺតជាងកម្ពុជា ប៉ុន្តែយើងនឹងព្យាយាមទំនាក់ទំនងឱ្យឆាប់រហ័សជាងនេះ ។
គួរបញ្ជាក់ថា សារព័ត៌មាននានារបស់ថៃតែងតែផ្សព្វផ្សាយបំភ្លៃថា កងទ័ពថៃបានវាយដណ្តើមយកប្រាសាទតាក្របីរបស់កម្ពុជា និងកំពុងគ្រប់គ្រងប្រាសាទនេះ ធ្វើឱ្យពលរដ្ឋថៃរីករាយយ៉ាងខ្លាំង ប៉ុន្តែក្រោយមក អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានសូមទោសពលរដ្ឋថៃ ដែលកងទ័ពពុំអាចវាយយកប្រាសាទនេះបាន ដោយសារដោយម៉ោងកំណត់ឈប់បាញ់ ។ ដូច្នេះ ពលរដ្ឋថៃចង់ឱ្យកងទ័ពខ្លួនធ្វើយ៉ាងណា គ្រប់គ្រងប្រាសាទរបស់កម្ពុជាឱ្យបាន ៕










