(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាឯកភាពតាមសំណើរបស់ថៃ ក្នុងការផ្លាស់ប្ដូរទីតាំងនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC ) ពីប្រទេសកម្ពុជាទៅម៉ាឡេស៊ីវិញ ប៉ុន្តែលើសពីការប្រជុំទ្វេភាគី កម្ពុជាស្នើសុំឲ្យមានតំណាងប្រទេសម៉ាឡស៊ី អាមេរិក និងចិន ចូលរួមស្ដាប់នៅក្នុងកិច្ចប្រជុំនេះជាមួយកម្ពុជា និង ថៃផងដែរ។

យោងតាមក្រសួងការជាតិកម្ពុជា នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជាយល់ព្រមតាមសំណើររបស់ភាគីថៃ ដែលបានស្នើសុំឱ្យមានការផ្លាស់ប្ដូរទីតាំងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលតាមគ្រោងទុកគឺនឹងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នៅកម្ពុជា ទៅធ្វើនៅប្រទេសម៉ាឡេស៊ីវិញ។
បើតាមលិខិតចេញផ្សាយដោយកាសែតថៃ Khaosod English នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃបានស្នើសុំទៅរៀបចំនៅប្រទេសម៉ាឡេស៊ី ដោយហេតុថាស្ថានភាពក្នុងប្រទេសទាំងពីរកំពុងឡើងកម្ដៅ ដូច្នេះជារឿងល្អប្រសើរប្រសិនបើធ្វើឡើងនៅទីតាំងអព្យាក្រឹត្យមួយផ្សេងទៀត។ ក្រសួងការពារជាតិថៃថាបានទាក់ទងទៅខាងម៉ាឡេស៊ីរួចហើយ ហើយក៏ទទួលបានការអនុញ្ញាតពីម៉ាឡេស៊ីដែរ ដែលនឹងផ្ដល់ទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនេះ។
ទន្ទឹមនឹងការយលស្របខាងលើនេះ ក្រសួងការពារជាតិកម្ពុជា បានស្នើឱ្យមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ GBC នេះជាមួយកម្ពុជានិងថៃដែរ ដោយហេតុថា ប្រទេសទាំងបីខាងលើជាតួអង្គសំខាន់ក្នុងការ សម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បា.ញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រារៃយ៉ា កន្លងទៅ។










