កញ្ញា ឡូរ៉ា ម៉ម CEO ផលិតកម្មបារមី បានលើកឡើងនៅលើបណ្តាញសង្គមថាអាវុ.ធដ៏អស្ចារ្យបំផុតរបស់ប្រទេសកម្ពុជាគឺសាមគ្គីភាព ហើយសង្គ្រាមឌីជីថលនេះ ដែលត្រូវបានធ្វើឡើងយ៉ាងឃោរឃៅពីខាងមួយទៀតនោះមានគោលដៅមួយគឺបំបាក់ដួងព្រលឹងរបស់យើង ធ្វើឱ្យយើងសង្ស័យគ្នាទៅវិញទៅមក ធ្វើឱ្យយើងឈ្លក់ក្នុងកំហឹង និងធ្វើឱ្យយើងបែកបាក់សាមគ្គីពីខាងក្នុង ហើយការភ័យខ្លាចដ៏ធំបំផុតរបស់ពួកគេគឺសាមគ្គីភាពរបស់យើង។

នៅព្រឹកថ្ងៃទី៣១ កក្កដា កញ្ញា ឡូរ៉ា ម៉ម បានបង្ហោះរូបភាពពីរសន្លឹកក្នុងន័យតំណាងពីការសាមគ្គីគ្នា និងបានរៀបរាប់យ៉ាងដូច្នេះថា «កាលពីម្សិលមិញ នាងខ្ញុំបានអង្គុយនៅក្នុងបន្ទប់មួយជាមួយនឹងបុគ្គលិកទាំងអស់ របស់ផលិតកម្ម បារមី។ បុគ្គលម្នាក់ៗ គឺជាអ្នកដឹកនាំ អ្នកបង្កើត អ្នកដែលមានក្ដីស្រមៃ។ ពួកគាត់បានចែករំលែកពី អម្រែកនៃការឈឺចាប់នៅក្នុងចិត្ត ការខកចិត្ត និងកំហឹងដែលកប់ក្នុងជម្រៅចិត្ត។ ពួកយើងមានការសន្ទនាចេញពីបេះដូង ដោយឥតលាក់បាំង។ ហើយក្នុងពេលនោះ មានអ្វីមួយដែលស្រស់ស្អាតបានកើតឡើង។ ក្រោមទំហំនៃអារម្មណ៍ឈឺចាប់របស់យើង យើងបានរកឃើញភាពធូរស្រាល។ ហើយនៅក្នុងភាពធូរស្រាលនោះ ខ្ញុំបានរកឃើញភាពច្បាស់លាស់មួយ។
សង្គ្រាមឌីជីថលនេះ ដែលត្រូវបានធ្វើឡើងយ៉ាងឃោរឃៅពីខាងមួយទៀតនោះ មានគោលដៅមួយ៖ គឺបំបាក់ដួងព្រលឹងរបស់យើង ធ្វើឱ្យយើងសង្ស័យគ្នាទៅវិញទៅមក ធ្វើឱ្យយើងឈ្លក់ក្នុងកំហឹង និងធ្វើឱ្យយើងបែកបាក់សាមគ្គីពីខាងក្នុង។ ប៉ុន្តែអ្វីដែលខ្ញុំបានឈ្វេងយល់ បានចែករំលែកជាមួយក្រុមការងាររបស់ខ្ញុំ និងឥឡូវនេះ ចង់ប្រាប់ទៅកាន់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា គឺ៖ ការភ័យខ្លាចដ៏ធំបំផុតរបស់ពួកគេគឺសាមគ្គីភាពរបស់យើង»។
កញ្ញាបន្តទៀតថា «រាល់ពេលដែលយើងជ្រើសរើសការឈរតតាំងរួមគ្នាពោរពេញទៅដោយគោលដៅ និងគោលជំហររឹងមាំ ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីរៀបចំផែនការ និងតតាំងទៅពួកគេវិញ ពួកយើង គឺកំពុង តែបំផ្លាញមូលដ្ឋាននៃអំពើយង់ឃ្នងរបស់ពួកគេ។នៅពេលដែលពួកគេឃើញ យើងពួតដៃគ្នា លើកតម្កើងគ្នា និងពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាមួយសហគមន៍របស់យើង ឯនាយសមុទ្រ និងជុំវិញពិភពលោក ពួកគេមើលឃើញ ការពិតនៃអត្តសញ្ញាណយើង។ ហើយពួកគេចាប់ផ្តើមភ័យខ្លាច។ ពីព្រោះគ្មានព័ត៌មានបន្លំ ក្លែងក្លាយ ឬការរំលោភបំពានណាមួយអាចលុបចោលអំណាចនៃប្រជាជនមួយដែលសាមគ្គី និងដឹងពីតម្លៃរបស់ខ្លួនបានឡើយ»។.png)
ជាមួយគ្នានេះដែរ កញ្ញា ឡូរ៉ា ម៉ម បានអំពាវនាវទៅកាន់ជនរួមជាតិខ្មែរទាំងអស់គ្នាសូមធ្វើ អោយពួកគេ មើលឃើញយើងស្រលាញ់គ្នាឱ្យខ្លាំងជាងនេះ។ ឱ្យពួកគេឃើញយើងប្រឹងប្រែងធ្វើការរួមគ្នាឱ្យខ្លាំងជាងនេះ។ ដើម្បីយុត្តិធម៌ ដើម្បីវប្បធម៌ ដើម្បីសេចក្ដីពិត។ ឱ្យពួកគេឃើញថា សាមគ្គីភាពរបស់យើងមិនងាយបំបែកបំបាក់បានឡើយ។
ហើយដូចឃ្លាដែល Khmer Renaissance តែងតែនិយាយថា៖ បន្តដំណើរទៅមុខទៀត កូនខ្មែរ។ពីព្រោះរាល់ជំហានដែលយើងដើររួមគ្នា គឺជាជំហានខិតកាន់តែជិតទៅរកសេរីភាព និងសុខសន្តិភាព »។

គួរបញ្ជាក់ផងដែរថា ភាគីថៃតែងតែបង្កើតព័ត៌មានចោទប្រកាន់មកកាន់ខាងកម្ពុជា ហើយតារាល្បីៗក្នុងប្រទេសនេះគឺបានចូលរួមយ៉ាងសកម្មភាពក្នុងការទម្លាក់កំហុសមកកាន់ខាងកម្ពុជាបើទោះបីមានបទឈប់បាញ់ក៏ដោយ៕










