វ៉ាស៊ីនតោន/តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីជូនដំណឹងអំពីរលកស៊ូណាមិ នៅតាមបណ្តាឆ្នេរសមុទ្រជាច្រើននៅប៉ាស៊ីហ្វិក បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៨.៨ រ៉ិចទ័រ កើតឡើងនៅក្បែរឆ្នេរខាងកើតនៃសង្កាត់ Kamchatka របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន BBC។

ការរញ្ជួយដីនេះកើតឡើងនៅជម្រៅប្រមាណ ១៩ គីឡូម៉ែត្រ និងនៅចម្ងាយប្រហែល ១២០–១៣០ គីឡូម៉ែត្រ ពីទីក្រុង Petropavlovsk-Kamchatsky។ វាជារញ្ជួយដីខ្លាំងបំផុតនៅតំបន់នេះក្នុងរយៈពេលជាង ៧០ ឆ្នាំចុងក្រោយនេះ។ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា មានការខូចខាតយ៉ាងខ្លាំងដល់អគារមួយចំនួន រួមទាំងសាលារៀន និងផ្ទះសម្បែង ប៉ុន្តែចំនួននៃការរងរបួសធ្ងន់ធ្ងរមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការឡើយ។
.png)
បន្ថែុមពីនេះ នៅទីក្រុង Severo-Kurilsk របស់រុស្ស៊ី មានរលកស៊ូណាមិ កម្ពស់ប្រហែល ៣-៤ ម៉ែត្រ បានបោកបក់ប៉ះឆ្នេរនៅព្រឹកនេះ ហើយអាជ្ញាធរបានណែនាំឲ្យប្រជាជនចាកចេញពីតំបន់គ្រោះថ្នាក់ភ្លាមៗ។

ចំណែក នៅជប៉ុនវិញ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជប៉ុន (JMA) បានចេញការប្រមានរលកស៊ូណាមិសម្រាប់តំបន់ឆ្នេរពេញផ្ទៃប្រទេស ចាប់ពីកោះ Hokkaido ដល់កោះ Wakayama។ រលកស៊ូណាមិដំបូងដែលមានកម្ពស់ប្រមាណ ៣០សង់ទីម៉ែត្រ បានប៉ះឆ្នេរ Hokkaido នឹងអាចមានរលកបន្ថែមទៀតនៅក្នុងពេលបន្តបន្ទាប់។
មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក តាមរយៈមណ្ឌលព្យាករណ៍ស៊ូណាមិទីស្នាក់ការកណ្តាលប៉ាស៊ីហ្វិក ក៏បានចេញសេចក្ដីព្រមានរលកស៊ូណាមិផងដែរ សម្រាប់រដ្ឋ ហាវ៉ៃ និងតំបន់ Aleutian Islands ក្នុងរដ្ឋអាលាស្កា។ ការជូនដំណឹង និងការព្រមាន ក៏បានចេញសម្រាប់ឆ្នេរខាងលិចរបស់អាមេរិក ដូចជា California, Oregon និង Washington, ព្រមទាំងតំបន់មួយចំនួនដូចជា តំបន់ Guam និង Micronesia ផងដែរ។
យ៉ាងណាមិញ នៅទីក្រុង Honolulu នៃរដ្ឋហាវ៉ៃ អាជ្ញាធរ បានបើករលកសញ្ញាហើយជំរុញឲ្យប្រជាជនចាកចេញទៅកន្លែងខ្ពស់ឲ្យបានឆាប់បំផុត។ ក្រុមអ្នកជំនាញបានព្រមានថា រលកស៊ូណាមិអាចនិងបន្តបង្កហានិភ័យរយៈពេលជាច្រើនម៉ោងទៀត បន្ទាប់ពីរលកដំបូង។ ដូចគ្នានេះ ប្រទេសនូវែលសេឡង់ ក៏បានចេញការព្រមានដូចគ្នា ជូនដំណឹងឱ្យប្រជាជនឱ្យជៀសវាងបណ្ដាញឆ្នេរ និងចាំការអំពាវនាវពីអាជ្ញាធរ៕










