ប្រទេសឥណ្ឌា៖ ទឹកភ្នែកអូដ្ឋ ឥឡូវនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក បន្ទាប់ពីការសិក្សាថ្មីមួយបានអះអាងថា ពួកវាអាចជួយបន្សាបពិសពស់រហូតដល់ទៅ ២៦ ប្រភេទផ្សេងៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់គេហ័ទំព័ឥណ្ឌា។.png)
សត្វអូដ្ឋដែលត្រូវបានគេស្គាល់ថាជា “កប៉ាល់នៃវាលខ្សាច់” ត្រូវបានគេទទួលស្គាល់សមត្ថភាពដ៏អស្ចារ្យរបស់ពួកវាក្នុងការរស់រានមានជីវិតក្នុងស្ថានភាពលំបាកដូចជា បរិយាកាសស្ងួតហួតហែង និងក្តៅ។ ឥឡូវនេះ សត្វដ៏អស្ចារ្យទាំងនេះក៏អាចជួយសង្គ្រោះជីវិតដោយផ្តល់នូវវិធីថ្មីដើម្បីព្យាបាលពស់ចឹក ដែលជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសសម្បូរពស់ច្រើន ដូចជាប្រទេសឥណ្ឌាជាដើម។

ការស្រាវជ្រាវនេះធ្វើឡើងដោយមន្ទីរពិសោធន៍ស្រាវជ្រាវពេទ្យសត្វកណ្តាលនៅទីក្រុងឌូបៃ។ យោងតាមអ្នកស្រាវជ្រាវ ទឹកភ្នែកអូដ្ឋអាចមានសមាសធាតុធម្មជាតិ ឬអង់ទីប៉ូឌីពិសេសៗដែលអាចបំបែកពិសដែលមាននៅក្នុងពស់។ យ៉ាងណាមិញ ប្រសិនបើការសិក្សាបន្ថែមបញ្ជាក់ពីការរកឃើញទាំងនេះ ទឹកភ្នែកអូដ្ឋអាចនាំទៅរកការបង្កើតនូវវិធីព្យាបាលពិសថ្មី ដែលមានតម្លៃទាប ជាពិសេសមានប្រយោជន៍សម្រាប់សហគមន៍ជនបទ ដែលការប្រើប្រាស់ថ្នាំបន្សាបពិសនៅមានកម្រិត ឬអ្នកជំងឺទទួលបានការព្យាបាលយឺតយ៉ាវ។
លើសពីពីនេះ មិនត្រឹមតែវាមានសក្តានុពលក្នុងការបន្សាបជាតិពិសពស់ប៉ុណ្ណោះទេ ទឹកភ្នែកអូដ្ឋក៏ត្រូវបានគេស្គាល់ថាបានផ្តល់នូវអត្ថប្រយោជន៍សុខភាពដល់ពួកវាឯងផងដែរ។ ទឹកភ្នែករបស់ពួកវាមានបរិមាណប្រូតេអ៊ីនការពារខ្ពស់ដែលជួយការពារភ្នែករបស់ពួកវាពីធូលីដី បាក់តេរី និងភ្នាក់ងារបង្ករោគដែលមាននៅក្នុងបរិយាកាសវាលខ្សាច់។
ក្រៅពីនេះ សមាសធាតុសំខាន់មួយគឺអង់ស៊ីមមួយឈ្មោះថា Lysozyme ដែលត្រូវបានគេស្គាល់ថាអាចសម្លាប់បាក់តេរី ផ្សិត និងសូម្បីតែមេរោគ។ អង់ស៊ីមនេះដើរតួនាទីដូចជាអង់ទីប៊ីយ៉ូទិកធម្មជាតិ ជួយឱ្យភ្នែកអូដ្ឋមានសុខភាពល្អក្នុងបរិយាកាសដ៏លំបាក។.png)
ទោះជាយ៉ាងណា ទោះបីជាការរកឃើញនេះមិនទាន់ត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រជាផ្លូវការក៏ដោយ ប៉ុន្តែការអះអាងដំបូងៗបានធ្វើឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិរួចទៅហើយ។ ប្រសិនបើទឹកភ្នែកអូដ្ឋពិតជាមានសារធាតុប្រឆាំងមេរោគ និងបន្សាបពិសពស់មែន នោះថ្ងៃណាមួយវាក៏អាចជួយសង្គ្រោះជីវិតមនុស្សពីសត្វអាសិរពិសរាប់ពាន់នាក់នៅទូទាំងពិភពលោក ហើយនេះអាចជាដំណើរថ្មីមួយ សម្រាប់ការព្យាបាលពិសពស់ ដោយសមាសធាតុធម្មជាតិ ពីសត្វដែលយើងគ្រប់គ្នាធ្លាប់តែមើលរំលង៕










