ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ច្រកព្រំដែន៣កន្លែងនៅខេត្តស្រះកែវ មានសភាពស្ងប់ស្ងាត់ដូចទីបញ្ចុះសព បើទោះជាកងទ័ពថៃបានបន្ធូរបន្ថយវិធានការរឹតបន្តឹងបើកព្រំដែនឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនរវាងកម្ពុជា-ថៃក្តី ប៉ុន្តែគ្មានរថយន្តឆ្លងដែនសូម្បីតែ១គ្រឿង ។ រីឯផ្សារនៅព្រំដែនកាន់តែស្ងប់ស្ងាត់ខ្លាំងថែមទៀត និងចោទប្រកាន់ថា ពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរហាមឃាត់ការឆ្លងដែនមកទិញទំនិញថៃ។
កងទ័ពថៃបានបើកច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) រយៈពេល៣ថ្ងៃហើយ (បើគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥) ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញ ពលរដ្ឋ និងអាជីវករអាចធ្វើដំណើរឆ្លងដែនតាមគោលការណ៍មនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ហើយតម្រូវឱ្យឈ្មួញថៃទាក់ទងជាមួយកម្ពុជាដោយខ្លួនឯង ។
រយៈពេល៣ថ្ងៃនេះដែលកងទ័ពថៃបើកច្រកព្រំដែន៣កន្លែង រួមមាន ៖ ១-ច្រកព្រំដែនអចិន្ត្រៃយ៍ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-ណងអៀន) ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ, ២-ច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) និង៣-ច្រកដោះដូរទំនិញបានណងព្រឺ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅព្រំដែនមានភាពស្ងាត់ជ្រងំ ។ រីឯឈ្មួញថៃរកស៊ីដឹកជញ្ជូនទំនិញមកកម្ពុជា បារម្ភពីផលប៉ះពាល់ពាណិជ្ជកម្ម ពីព្រោះកម្ពុជាពុំបានបើកព្រំដែនទាំង៣កន្លែងនេះតាមការស្នើសុំរបស់ថៃ ។
.png)
រយៈពេល៣ថ្ងៃ គ្មានរថយន្តដឹកទំនិញឆ្លងដែនតាមច្រកព្រំដែនទាំង៣កន្លែងទេ បើទោះជាមន្ត្រីច្រកព្រំដែនថៃបើកទ្វារព្រំដែននៅម៉ោង៨ព្រឹកក៏ដោយ ប៉ុន្តែកម្ពុជាពុំបានបើកទ្វារព្រំដែនឡើយ និងបើកតែទ្វារតូចដើម្បីឱ្យពលរដ្ឋខ្មែរធ្វើដំណើរត្រឡប់មកប្រទេសវិញប៉ុណ្ណោះ ។.png)
មន្ត្រីច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ និយាយថា ពលរដ្ឋខ្មែរធ្វើដំណើរឆ្លងដែនតិចជាងមុនខ្លាំងណាស់ ក្នុង១ថ្ងៃៗ គឺពលរដ្ឋខ្មែរបានចាកចេញពីប្រទេសថៃមិនដល់៥០នាក់ទេ ។ រីឯនៅបរិវេណច្រកព្រំដែន គឺមានតែពលរដ្ឋខ្មែររង់ចាំទទួលដឹករបស់របរឆ្លងដែនទៅកម្ពុជាប៉ុណ្ណោះ ។
ចំណែកនៅផ្សារព្រំដែនបានខៅឌីន (ឬផ្សារស៊ីផេញ) ស្ថិតនៅក្បែរច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌីន គឺមានសភាពអ៊ូអរតែពេលព្រឹកព្រលឹមប៉ុណ្ណោះដែលមានពលរដ្ឋថៃមកទិញអីវ៉ាន់ ។ មន្ត្រីច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ចោទប្រកាន់ថា ពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យឆ្លងដែនមកទិញអីវ៉ាន់ បើទោះជាខាងថៃប្រកាសបន្ធូរបន្ថយឱ្យពលរដ្ឋខ្មែរឆ្លងដែនមកថៃក្តី ។.png)
ដោយឡែក ឈ្មួញថៃនាំទំនិញមកនៅកម្ពុជា និយាយថា ទោះជាថៃបន្ធូរបន្ថយការរឹតបន្តឹង ប៉ុន្តែកម្ពុជាចង់ឱ្យថៃបើកព្រំដែនតាមពេលវេលាចាស់ គឺបើកម៉ោង៦ព្រឹក និងបិទម៉ោង១០យប់ និងឱ្យថៃបើកព្រំដែនទាំងអស់ព្រមៗគ្នា ។ ការកំណត់បែបនេះពុំផ្តល់លទ្ធផលល្អដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងឈ្មួញទេ ហើយធ្វើឱ្យពាណិជ្ជកម្មព្រំដែនស្ងប់ស្ងាត់បន្តទៀត ។.png)
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា កូនសោស្ថិតនៅលើថៃ បញ្ហាព្រំដែនកម្ពុជារក្សាគោលជំហរដដែល មិនផ្លាស់ប្តូរទេ ។ គោលការណ៍នៃការបើកព្រំដែនឡើងវិញ ថៃត្រូវតែអនុវត្តតាម៣លក្ខខណ្ឌ ដូចជា ៖
១-ប្រកាសបើកមុនជាឯកតោភាគី ហើយប្រកាសថា នឹងគ្មានការបិទជាឯកតោភាគីទៀតទេ
២-ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយបើកគ្រប់ច្រកទាំងអស់ និង
៣-ត្រូវបើកឱ្យដូចមុនថ្ងៃទី៧ មិថុនា ។ បើថៃធ្វើបាន នោះកម្ពុជានឹងបើកព្រំដែនឡើងវិញដូចគ្នា យ៉ាងយូរត្រឹម៥ម៉ោងក្រោយ ៕










