ប្រទេសថៃ ៖ សារព័ត៌មានថៃ Naewna News រាយការណ៍ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការការពារព្រំដែនខេត្តចាន់បុរី និងត្រាត លោក ថៈអាភីឆាត សាប់ប្រាសឺត បានចេញបទបញ្ជាបន្ធូរបន្ថយឱ្យឈ្មួញថៃអាចដឹកទំនិញតាមរថយន្តទៅកម្ពុជា តាមច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកដោះដូរទំនិញនៅខេត្តចាន់បុរី និងត្រាត ដោយកំណត់ឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ។ វាជាដំណឹងដ៏រីករាយរបស់ឈ្មួញថៃ ពីព្រោះការបិទព្រំដែនជាង៣សប្តាហ៍ ធ្វើឱ្យឈ្មួញរងផលប៉ះពាល់ខ្លាំង ពេលនេះ ពួកគេរង់ចាំដំណឹងការបើកព្រំដែនរបស់កម្ពុជា ។

ខ្លឹមសារបទបញ្ជាបញ្ជាក់ថា កន្លងមក បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត បានកំណត់វិធានការហាមឃាត់រថយន្តដឹកទំនិញថៃឆ្លងដែនទៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ហេតុនេះ ដើម្បីកុំឱ្យវិធានការនេះប៉ះពាល់ពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ឈ្មួញ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានពិចារណាអនុញ្ញាតឱ្យយានជំនិះដែលធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្មអាចឆ្លងដែនចេញ-ចូលតាមព្រំដែនផ្លូវគោកនៅខេត្តចាន់បុរី និងត្រាត ។
.jpg)
ការបើកព្រំដែននៅខេត្តទាំង២ អនុញ្ញាតឱ្យរថយន្តដឹកទំនិញថៃឆ្លងដែនទៅកម្ពុជា លោក ផនឆ័យ លីមផ្លយផីផាត់ ប្រធានផ្នែកទទួលភ្ញៀវនៅសណ្ឋាគារមួយក្នុងខេត្តកោះកុង និងបើងហាងលក់ទំនិញនៅកម្ពុជា និយាយថា វាជាដំណឹងល្អរបស់ឈ្មួញរកស៊ីនៅព្រំដែនផ្សារហាតឡិច ពីព្រោះតាំងពីបិទព្រំដែនជាង៣សប្តាហ៍ ធ្វើឱ្យអាជីវករព្រំដែនទាំងខេត្តត្រាត និងកោះកុងរងផលប៉ះពាល់ដោយសារពុំអាចលក់ដូរ ហើយត្រូវបិទហាងស្ទើរទាំងអស់ ។ សូម្បីតែហាងលក់ទំនិញ 7-11 ក៏ត្រូវបិទទ្វារបណ្តោះអាសន្នដែរ ពីព្រោះគ្មានអតិថិជន ។.jpg)
លោកបន្តថា បើកម្ពុជាគ្មានបញ្ហាទេ ប្រទេសទាំងពីរនឹងធ្វើពាណិជ្ជកម្មជាមួយគ្នាឡើងវិញ បើទោះជាពុំដូចមុន និងតាមតម្រូវការក្តី ។ ពេលនេះ ទោះជាកងទ័ពថៃបន្ធូរបន្ថយការរឹតបន្តឹងដោយការបើកព្រំដែនជាថ្មី ប៉ុន្តែច្រកព្រំដែនកម្ពុជាត្រូវរង់ចាំការសម្រេចរបស់រដ្ឋាភិបាលជាមុនថា តើកម្ពុជានឹងយល់ស្របជាមួយពេលវេលាបើក-បិទព្រំដែន ដែលខាងថៃកំណត់ដែរឬទេ ។ ថៃអាចរង់ចាំដំណឹងការបើកព្រំដែនរបស់កម្ពុជា ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺចង់ឱ្យថៃបើក-បិទព្រំដែនតាមពេលវេលាចាស់ គឺបើកម៉ោង៦ព្រឹក និងបិទម៉ោង១០យប់ ។ ទោះយ៉ាងណា ឈ្មួញអាចនាំចេញទំនិញទៅកម្ពុជាតាមផ្លូវទឹក ។.jpg)
ខាងក្រោមនេះជាការកំណត់វិធានការរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ សម្រាប់ខេត្តចាន់បុរី និងត្រាត ៖
១-ច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម នៅឃុំថេពនិមិត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង) បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបាន.jpg)
២-ច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក នៅឃុំហាតឡិក ស្រុកខ្លងញ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបាន
៣-ច្រកដោះដូរទំនិញបានសាប់តារី នៅឃុំធុងខៈណាន ស្រុកសយដាវ ខេត្តចាន់បុរី បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបាន ។
គួរបញ្ជាក់ថា ថៃក៏បានច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែងនៅខេត្តស្រះកែវផងដែរ ដើម្បីឱ្យរថយន្តដឹកទំនិញ និងយានជំនិះមួយចំនួនអាចឆ្លងដែន ក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យអាជីវករ/ពាណិជ្ជករអាចនាំចូលទំនិញថៃមកកម្ពុជាបាន លើកលែងតែបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយកងទ័ពថៃ ៕










