ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Structure រាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ក្នុងឋានៈជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាឱ្យរៀបចំកិច្ចប្រជុំ នៅថ្ងៃទី២០ ខែកក្កដា ដើម្បីពិភាក្សាករណីកងទ័ពថៃ៣នាក់ ដាច់ជើង និងរងរបួសដោយសារដើរជាន់មីននៅតំបន់មុំ៣ ។ ការត្រួតពិនិត្យរបស់ថៃរកឃើញថា វាជាមីនថ្មី ហើយថៃត្រៀមប្តឹងកម្ពុជាទៅអង្គការសហប្រជាជាតិ (UN) ករណីដាក់មីនក្នុងទឹកដីថៃ ។.jpg)
កិច្ចប្រជុំនេះ គឺក្រសួងការបរទេសថៃនឹងចូលរួមផងដែរដើម្បីពិចារណាពីគោលការណ៍អនុវត្តបន្តទៀត ជាពិសេស ការប្រមូលភស្តុតាងដើម្បីដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ដោយចោទប្រកាន់កម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ា ពីព្រោះអនុសញ្ញាអូតាវ៉ាបានហាមប្រទេសជាភាគីប្រើប្រាស់មីនសម្លាប់បុគ្គល ។.jpg)
ក្រៅពីនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ក៏បានបញ្ជាឱ្យកងទ័ពភូមិភាគ២ ប្រមូលទិន្នន័យ និងភស្តុតាងយ៉ាងលម្អិតទាំងអស់ រួមទាំងធ្វើសន្និសីទសារព័ត៌មានសរសេររបាយការណ៍ជាលាយលក្ខណ៍អក្សរ ដើម្បីប្រើប្រាស់ធ្វើភស្តុតាងប្រគល់ឱ្យក្រសួងការបរទេសចាត់ការ ។ ក្រៅពីនេះ លោកបានបញ្ជាឱ្យកងទ័ពទៅប្រមូលបំណែកមីននៅតំបន់មុំ៣ ដែលលោកអះអាងថា ជាទឹកដីថៃ ។

បច្ចុប្បន្ន មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតែប្រមូលទិន្នន័យ និងភស្តុតាងពីកងទ័ព ព្រមទាំងស្ថាប័នពាក់ព័ន្ធយ៉ាងលម្អិត ។ បន្ទាប់មក នឹងមានការប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែកក្កដា នេះ ។ ប្រសិនបើកម្ពុជាបដិសេធនឹងការចោទប្រកាន់របស់ថៃ គឺកម្ពុជាត្រូវតែត្រៀមភស្តុតាងដើម្បីបដិសេធជាមួយទិន្នន័យរបស់ថៃ ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ។

ចំណែកអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មានច្រាលចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនលើករណីកងទ័ពថៃ៣នាក់ រងរគ្រោះថ្នាក់ដោយសារមីននៅតំបន់មុំ៣ ។ ការចុះផ្សាយនោះមានចេតនាចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថាកម្ពុជាបានដាក់មីនថ្មី ។
ហេតុនេះ អាជ្ញាធរមីនកម្ពុជាសូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួនថា កម្ពុជាបានដាក់មីនថ្មី និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬចោទប្រកាន់ណាមួយដោយមិនទាន់ដឹងអំពីការពិត ។ កម្ពុជាជំរុញឱ្យមានកិច្ចសហការប្រតិបត្តិក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីន ៕










