ប្រទេសថៃ ៖ អតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួនប្រកែកពុំព្រមសូមទោស ហើយប្រាប់ថា កងទ័ពខ្មែរអាចមកប្តឹងនៅតុលាការប្រទេសថៃ បើចង់ប្តឹង ខណៈមេធាវីរបស់អតីតទាហានឈុតខ្មៅបញ្ជាក់ថា ការចាត់វិធានការតាមច្បាប់ត្រូវតែធ្វើនៅប្រទេសថៃប៉ុណ្ណោះ ពីព្រោះប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក លោក ស៊ុមម៉ាយ អតីតទាហានឈុតខ្មៅថៃ និងជាប្រធានជំរំទាហានស្ម័គ្រចិត្តប៉ាកថុងឆ័យ រួមទាំងបក្ខពួក គឺលោក ប៉ាធុមផុង បានវាយផ្ទៃមុខកងទពខ្មែរនៅប្រាសាទតាមាន់ធំ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ជាប់ខេត្តសុរិន្ទ ហើយរត់គេចខ្លួន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួននាពេលបន្ទាប់ ។

ក្រោយហេតុការណ៍នេះ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានទាមទារឱ្យអតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួនសូមទោសកម្ពុជា ។ បន្ទាប់មក លោក គ្រីតសាដា លោហីតឌី (ឬមេធាវី ណូបិ) បានចេញមុខការពារជនល្មើសរូបនេះឱ្យរួចពីកំហុស បើទោះជាបានវាយកងទ័ពខ្មែរក្តី ។

លោក គ្រីតសាដា លោហីតឌី មេធាវីថៃនិយាយថា កម្ពុជាចង់ឱ្យថៃនាំខ្លួនលោក ស៊ុមម៉ាយ អតីតទាហានឈុតខ្មៅថៃមកសូមទោសជាផ្លូវការក្រោយពីវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ ប៉ុន្តែក្នុងឋានៈជាមេធាវីរបស់អតីតទាហានឈុតខ្មៅថៃ លោកសូមបញ្ជាក់ថា លោក ស៊ុមម៉ាយ នឹងពុំសូមទោសកម្ពុជាទេ ។ បើកម្ពុជាត្រូវការ ឬចង់ចាត់វិធានការតាមច្បាប់ កម្ពុជាអាចមកប្តឹងនៅតុលាការប្រទេសថៃ ពីព្រោះហេតុការណ៍កើតឡើងក្នុងទឹកដីថៃ បើទោះជាជនរងគ្រោះជាពលរដ្ឋខ្មែរក្តី បញ្ហានេះត្រូវដោះស្រាយនៅតុលាការថៃប៉ុណ្ណោះ ។ ខ្ញុំសូមផ្តាំ បើកងទ័ពរបស់កម្ពុជារងគ្រោះ កម្ពុជាអាចមកប្តឹងនៅប្រទេសថៃ ។

នៅថ្ងៃទី១៩ ខែកក្កដា នេះ លោកនឹងនាំកូនក្តីទៅទទួលការចោទប្រកាន់នៅស្ថានីយប៉ូលិសភ្នំដងរ៉ាក់ ។ លោកបានជជែកជាមួយអតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ គឺទាហានឈុតខ្មៅរូបនេះបារម្ភ ពីព្រោះពីដំបូងមានការដោះលែង ហេតុអ្វីសមត្ថកិច្ចហៅមកទទួលការចោទប្រកាន់ទៀត ។ លោកប្រាប់ទៅកូនក្តីថា វាជាបទល្មើសតូចតាចប៉ុណ្ណោះ បើព្រមសារភាពកំហុសជាមួយសមត្ថកិច្ចស៊ើបអង្កេត កូនក្តីនឹងជាប់ពន្ធនាគារត្រឹម១ខែ ហើយបញ្ហានឹងបញ្ចប់ ។
ប៉ុន្តែបើកងទ័ពខ្មែរពុំបញ្ចប់បញ្ហា និងរងរបួសធ្ងន់ធ្ងរ ដូចជា ៖ រហែកមាត់ និងបែកភ្នែក គឺកងទ័ពខ្មែរអាចមកប្តឹងនៅតុលាការប្រទេសថៃ ។ ដូច្នេះ បញ្ហានេះត្រូវតែដោះស្រាយនៅតុលាការប្រទេសថៃប៉ុណ្ណោះ ពីព្រោះទីនេះ (ប្រាសាទតាមាន់ធំ) គឺជាទឹកដីថៃ ។
គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសម្ដែងការហួសចិត្តនឹងអតីតទាហានឈុតខ្មៅថៃជាមួយបក្ខពួកម្នាក់ព្រួតគ្នាវាយកងទ័ពកម្ពុជាម្នាក់ដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យពលរដ្ឋខ្មែរខឹងសម្បារយ៉ាងខ្លាំង ហើយលោកទាមទារឱ្យអតីតទាហានឈុតខ្មៅរូបនេះសូមទោសជាផ្លូវការ ៕










