ប្រទេសថៃ ៖ រដ្ឋាភិបាល និងកងទ័ពថៃបានព្យាយាមប្រាប់ពលរដ្ឋរបស់ខ្លួនថា មូលហេតុដែលរដ្ឋាភិបាល និងកងទ័ពបិទព្រំដែនកម្ពុជា-ថៃ គឺដើម្បីសន្តិសុខ ហើយពុំប៉ះពាល់ដល់ប្រទេសថៃទេ ពីព្រោះសេដ្ឋកិច្ចថៃធំជាងកម្ពុជា ។ ផ្ទុយទៅវិញ អ្នករងផលប៉ះពាល់ដោយសារការបិទព្រំដែនខ្លាំងបំផុត គឺពលរដ្ឋថៃខ្លួនឯង ដែលរដ្ឋាភិបាល និងកងទ័ពពុំយកចិត្តទុកដាក់បញ្ហាសេដ្ឋកិច្ចរបស់ពលរដ្ឋនៅតាមព្រំដែនឡើយ ។.jpg)
តាំងពីលោក ភូមិថាំ វីឆាយ៉ាឆៃ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃស្តីទី គឺលោកនិយាយតែរឿងនយោបាយនៅប្រទេសថៃប៉ុណ្ណោះ ហើយលោកពុំធ្លាប់លើកយកបញ្ហាព្រំដែនរវាងកម្ពុជា និងថៃមកនិយាយទេ ។ រីឯកងទ័ពថៃវិញ មួយថ្ងៃៗ គិតតែពីនិយាយអួតអាង និងមើលងាយកម្ពុជាតាមរយៈសារព័ត៌មាន ។
ដូច្នេះ ដោយសារពលរដ្ឋថៃអស់ការអត់ធ្មត់ និងមើលឃើញថា រដ្ឋាភិបាល និងកងទ័ពពុំដោះស្រាយបញ្ហាជាមួយកម្ពុជា អាជីវករថៃនៅតាមព្រំដែនជាច្រើនបានតវ៉ា និងអំពាវនាវឱ្យរដ្ឋាភិបាលប្រញាប់ស្វែងរកដំណោះស្រាយបញ្ហាជាមួយកម្ពុជាយ៉ាងឆាប់រហ័សបំផុត ពីព្រោះពួកគេកំពុងជួបទុក្ខធំគ្មានចំណូលចិញ្ចឹមគ្រួសារ ។ ផ្សារនៅតាមព្រំដែនកម្ពុជា-ថៃដែលធ្លាប់តែអ៊ូអរ បែរជាស្ងប់ស្ងាត់នាពេលបច្ចុប្បន្ន ពីព្រោះអតិថិជនស្ទើរទាំងអស់ជាពលរដ្ឋខ្មែរ ។.png)
ក្រៅពីនេះ នាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិរបស់ថៃបញ្ជាក់ថា មុនពេលជម្លោះ ប្រទេសថៃធ្លាប់នាំចេញទំនិញទៅកម្ពុជា ស្មើទឹកប្រាក់រហូតដល់រាប់លានបាតក្នុង១ខែៗ ប៉ុន្តែបន្ទាប់ពីមានបញ្ហាព្រំដែនជាមួយកម្ពុជា វាពុំត្រឹមតែប៉ះពាល់ដល់ការនាំចេញទំនិញថៃប៉ុណ្ណោះទេ គឺវាប៉ះពាល់ដល់វិស័យកសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗផងដែរ ។
នាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិដាស់តឿនថា ប្រសិនបើថៃនៅតែបិទព្រំដែនជាមួយកម្ពុជាអូសបន្លាយពេលបន្តទៀត គឺថៃនឹងបាត់បង់ប្រាក់ចំណូលចំនួន៦ម៉ឺនលានបាត ហើយបើការនាំចេញទំនិញទៅកម្ពុជាធ្លាក់ចុះក្រោម៦ម៉ឺនលានបាតនៅឆមាសទី២ ឆ្នាំ២០២៥នេះ នឹងធ្វើឱ្យពាណិជ្ជកម្មព្រំដែនជារួមជាមួយប្រទេសជិតខាង ដូចជា ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ធ្លាក់ចុះប្រមាណ១% ។
ពលរដ្ឋថៃបានមើលឃើញពីផលប៉ះពាល់ទាំងអស់នេះ ទើបអំពាវនាវឱ្យរដ្ឋាភិបាល និងកងទ័ពប្រញាប់ស្វែងរកដំណោះស្រាយបញ្ហាសមស្របជាមួយកម្ពុជា ពុំមែនធ្វើតែរឿងឥតប្រយោជន៍នាំឱ្យបញ្ហាព្រំដែនកាន់តែតានតឹងខ្លាំងឡើង ។ ចុងក្រោយ វាធ្វើឱ្យពលរដ្ឋថៃខ្លួនឯងកាន់តែជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ និងអស់ការអត់ធ្មត់ ៕










