ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា ករណីកងទ័ពថៃចំនួន៣នាក់បានដើរជាន់មី.ននៅព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់ គឺមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង នឹងប្រើពេលត្រួតពិនិត្យត្រឹមតែ២-៣ថ្ងៃប៉ុណ្ណោះដឹងលទ្ធផលជាមី.នថ្មី ឬចាស់ ជាមី.នប្រភេទណា ផលិតនៅប្រទេសណា និងបង្កប់ក្នុងដីយូរហើយ ឬទើបបង្កប់ ។ ក្រោយពីពលរដ្ឋថៃខឹងសម្បារយ៉ាងខ្លាំង និងចោទប្រកាន់ថា កម្ពុជាដាក់មីនថ្មីលើសមរភូមិចាស់ អគ្គនាយក CMAC ឆ្លើយតបទៅវិញថា មី.នចាស់ ឬថ្មី មានតែសៀមខ្លួនឯងទេ ទើបដឹងច្បាស់ ។

ក្រោយពីកងទ័ពថៃចំនួន៣នាក់បានដើរជាន់មីនបណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់ពេលល្បាតនៅតំបន់មុំ៣ ជាប់ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ សារព័ត៌មាននានារបស់ថៃផ្សាយថា កងទ័ពកម្ពុជា គឺជាអ្នកលួចដាក់មីននេះ ហើយសន្និដ្ឋានថា វាជាមីនថ្មីដាក់ក្នុងសមរភូមិចាស់ ។
នៅថ្ងៃទី១៧ ខែកក្កដា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចេញសេចក្តីប្រកាសថា កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក កងទ័ពថៃដែលល្បាតដើម្បីរក្សាសន្តិសុខនៅតំបន់មុំ៣ បានជួបគ្រោះថ្នាក់ដើរជាន់មីនបណ្តាលឱ្យរងរបួស៣នាក់ ។ ហេតុនេះ កងទ័ពក៏បានដកកម្លាំងចេញពីកន្លែងកើតហេតុភ្លាមដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ Fort Sunpasitthiprasong ក្នុងស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី ។ ពេលនោះ កងទ័ពពុំទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ ដោយសារខ្លាចមានគ្រោះថ្នាក់ទៀត ។
នារសៀលថ្ងៃដដែល លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានបញ្ជាឱ្យអង្គភាពដោះមីនមកត្រួតពិនិត្យនៅកន្លែងកើតហេតុយ៉ាងលម្អិត ព្រមទាំងប្រមូលភស្តុតាងបញ្ជូនទៅអង្គភាពជំនាញគ្រឿងផ្ទុះធ្វើការវិភាគថា តើមីននេះប្រភេទអ្វី ផលិតនៅប្រទេសណា និងបង្កប់ក្នុងដីយូរហើយ ឬទើបបង្កប់ ។
លោក ប៊ុនស៊ីន ផាកក្លាង នឹងរង់ចាំលទ្ធផលត្រួតពិនិត្យមីនជាផ្លូវការ លោករំពឹងថា អាចចំណាយពេលប្រមាណពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់ ។ បន្ទាប់មក លោកនឹងរាយការណ៍លទ្ធផលត្រួតពិនិត្យជាសាធារណៈជាផ្លូវការម្តងទៀតដើម្បីភាពច្បាស់លាស់ និងការពារកុំឱ្យមានការយល់ច្រឡំ ។ លោកបានសុំកិច្ចសហការពីពលរដ្ឋឱ្យតាមដានព័ត៌មានពីភ្នាក់ងារសន្តិសុខ ឬព័ត៌មានផ្លូវការ និងអរគុណពលរដ្ឋដែលបារម្ភ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កងទ័ពក្នុងការរក្សាសន្តិសុខនៅតំបន់ព្រំដែន ក៏ដូចជាផ្តល់សុវត្ថិភាពដល់ពលរដ្ឋឱ្យអស់ពីសមត្ថភាព ។

ក្រោយពីសារព័ត៌មាននានារបស់ថៃផ្សាយថា កម្ពុជាបានដាក់មីនថ្មីលើសមរភូមិចាស់ដែលបោសសម្អាតមីនរួចហើយបណ្តាលឱ្យកងទ័ពថៃដាច់ជើង និងរងរបួស ធ្វើឱ្យពលរដ្ឋថៃយ៉ាងច្រើនខឹងសម្បារយ៉ាងខ្លាំង ហើយពួកគេចែកចាយព័ត៌មានពេញបណ្តាញសង្គម និងទម្លាក់កំហុសមកលើកម្ពុជា ។ ហេតុអ្វីថៃមានទម្លាប់ចោទប្រកាន់កម្ពុជាបែបនេះ អស់ពីរឿងមួយចូលរឿងមួយពុំចេះចប់?

ឆ្លើយតបនឹងការទាមទារ និងការប្រកាសពីសារព័ត៌មានថៃ ក៏ដូចជាពលរដ្ឋថៃថា កម្ពុជាបានដាក់គ្រាប់មីនជាថ្មីបណ្តាលឱ្យកងទ័ពថៃ៣នាក់រងរបួស អគ្គនាយក CMAC លោក ហេង រតនា មានប្រសាសន៍យ៉ាងចាក់ដោតត្រឡប់ទៅវិញថា បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ភាគីសៀមខ្លះបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម និងក្រុមខ្លះថាជាគ្រាប់មីនទើបដាក់ថ្មី ដោយសារដីនោះបានបោសសម្អាតមីនរួចហើយ ។
អ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វើការបកស្រាយ ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីសៀមមែន ដូចនេះ ករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់ ៕










