វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អាមេរិកបានយល់ព្រមលើការបន្ធូបន្ថយពន្ធឲ្យនៅសល់ត្រឹម 19 ភាគរយប៉ុណ្ណោះ លើការនាំចូលទំនិញទាំងអស់ពីប្រទេសឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNBC បានចុះផ្សាយនាថ្ងៃពុធនេះ។
កាលពីថ្ងៃអង្គារ ទី15 ខែកក្កដា ឆ្នាំ2025 លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ីហើយ។ នៅក្នុងសារនោះ គាត់បានសរសេរថា “ឥណ្ឌូនេស៊ីនឹងបង់ពន្ធដល់សហរដ្ឋអាមេរិកចំនួន 19% លើទំនិញទាំងអស់ដែលពួកគេនាំចេញមកឱ្យយើង ខណៈដែលការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌូនេស៊ីនឹងមិនមានការគិតថ្លៃអ្វីទាំងអស់” ។

ជាមួយគ្នានេះ លោក Trump ក៏បានឲ្យដឹងផងដែរថា “ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប្រទេសឥណ្ឌូនេស៊ីបានប្តេជ្ញាទិញថាមពលពីសហរដ្ឋអាមេរិក ក្នុងតម្លៃ $15 ពាន់លានដុល្លារ, ទិញផលិតផលកសិកម្មអាមេរិកចំនួន $ 4.5 ពាន់លានដុល្លារ និងទិញយន្តហោះ Boeing Jets ពីសហរដ្ឋអាមេរិក ចំនួន 50គ្រឿងផងដែរ។”
គួរឲ្យដឹងថា នៅក្នុងការប្រកាសថ្មីៗនេះ លោក Trump បានសម្រេចថា ចាប់ពីថ្ងៃទី1 ខែសីហា អាមេរិកនឹងយកពន្ធគយលើទីនិញរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងអត្រា 32% ។ ប៉ុន្តែក្រោយមានការចរចាម្ដងទៀត លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ពន្ធរបស់ឥណ្ឌូណេស៊ី បានថយចុះមកត្រឹម 19% វិញ។ លោកបានបន្ថែមថា៖ «យើងមានកិច្ចព្រមព្រៀងមួយចំនួនដែលនឹងត្រូវប្រកាស»។
យ៉ាងណាមិញ កាលបរិច្ឆេទថ្មីសម្រាប់ការកំណត់ពន្ធរបស់ឥណ្ដូណេស៊ីក្នុងអត្រា 19% នេះនៅមិនទាន់ប្រកាសថានឹងត្រូវយកចាប់ពីពេលណាទៅនោះទេ។ ប៉ុន្តែជាមួយនឹងការបន្ថយពន្ធនេះ ឥណ្ឌូណេស៊ី នឹងក្លាយជាប្រទេសទី២ នៅក្នុងអាស៊ាន ដែលមានអត្រាពន្ធគយកំណត់ដោយអាមេរិកទាបជាងគេ ធៀបទៅនឹងប្រទេសសិង្ហបុរី ដែលមានអត្រាពន្ធ 10% និងស្ថិតនៅលំដាប់ទី1៕










