វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមកំពុងពិចារណាលើគម្រោងផ្តល់ជំនួយជាសាច់ប្រាក់ និងសម្ភារៈដល់គ្រួសារដែលមានកូនស្រីពីរនាក់ ដើម្បីដោះស្រាយអតុល្យភាពយេនឌ័រដែលពេញចិត្តចំពោះការមានកូនប្រុសច្រើនជាងកូនស្រី ព្រមទាំងត្រៀមបង្កើតច្បាប់ថ្មីសម្រាប់ដាក់ពិន័យ លើការជ្រើសរើសភេទកូនតាមបែបវិទ្យាសាស្រ្ត។ 
យោងតាមការចុះផ្សាយរបស់សាព័តឥមាន VN Express នាថ្ងៃអង្គារ ទី១៥ ខែកក្កដា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan បាននិយាយនៅក្នុងព្រឹត្តិការណ៍ទិវាប្រជាជនពិភពលោកថា វៀតណាមកំពុងប្រឈមមុខនឹងការថយចុះនៃចំនួនប្រជាជន និងមានប្រជាជនភេទប្រុសច្រើសលើស។ ដូចនេះលោកស្រីបានសង្កត់ធ្ងន់លើការលើកទឹកចិត្តគ្រួសារឱ្យមានកូនពីរនាក់ ជាពិសេសកូនស្រី ដើម្បីស្ដារតុល្យភាពប្រជាសាស្រ្តរយៈពេលវែង។ ក្រសួងគ្រោងនឹងដាក់ច្បាប់នេះទៅរដ្ឋាភិបាលនៅខែធ្នូនេះ និងដាក់ជូនរដ្ឋសភានៅឆ្នាំ២០២៦ខាងមុខ។
ទិន្នន័យថ្មីៗបានបង្ហាញថា នៅក្នុងតំបន់ភាគខាងជើង ជាពិសេស Bac Ninh និង Vinh Phuc ហាណូយ និង Hung Yen គឺមានអតុល្យភាពភេទខ្លាំងបំផុត ដោយអត្រាកំណើតទារកប្រុសមានខ្ពស់ជាងកំណើតទារកស្រី។ ប្រសិនបើនិន្នាការនេះនៅតែបន្ត វៀតណាមអាចមានអតិរេកបុរស 1.5 លាននាក់ដែលមានអាយុពី 15 ទៅ 49 ឆ្នាំនៅឆ្នាំ 2034 កើនឡើងដល់ 1.8 លាននាក់នៅឆ្នាំ 2059 នេះបើយោងតាមការព្យាករណ៍របស់ការិយាល័យស្ថិតិទូទៅ។ អ្នកជំនាញព្រមានថា កត្តានេះអាចនាំឱ្យមានអស្ថិរភាពសង្គម ការកើនឡើងនៃការជួញដូរមនុស្ស និងការបង្កើនសម្ពាធលើជីវិតអាពាហ៍ពិពាហ៍។
អតុល្យភាពនេះ បានកើតឡើងដោយសារតែផ្នត់គំនិតចង់បានតែកូនប្រុស ការយកកូនតិច និងជាពិសេសនៅពេលដែលអត្រាអ្នកចង់បានកូនធ្លាក់ចុះ។ អត្រាកំណើតជាតិវៀតណាមឥឡូនេះ ស្ថិតកម្រិតទាបជាប្រវត្តិសាស្ត្រ។ ជាមួយនឹងគ្រួសារតូចៗក្លាយជាបទដ្ឋានពេញនិយម ឪពុកម្តាយជាច្រើនប្រើបច្ចេកវិទ្យាមុនពេលសម្រាល ដើម្បីធានាថាកូនតែមួយរបស់ពួកគេគឺជាក្មេងប្រុស។ ក្រៅពីនេះ ការរំពឹងទុកតាមបែបប្រពៃណីដូចជា កូនប្រុសអាចបន្តពូជពង្សដូនតា បានបន្តពង្រឹងភាពលំអៀងផ្នែកយេនឌ័រ។ .jpg)
ដើម្បីប្រឆាំងនឹងបញ្ហានេះ ក្រសួងសុខាភិបាលវៀតណាមកំពុងស្នើការលើកទឹកចិត្តផ្ទាល់ដល់គ្រួសារដែលមានកូនស្រីពីរនាក់។ ជំនួយអាចមានក្នុងទម្រង់ជាសាច់ប្រាក់ ឬទំនិញប្រើប្រាស់ក្នុងផ្ទះ ស្របតាមលក្ខខណ្ឌក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងជំរុញឱ្យមានការពិន័យកាន់តែតឹងរ៉ឹងលើការជ្រើស ភេទទារកដោយខុសច្បាប់ផ្អែកលើវិទ្យាសាស្រ្ត ជាមួយប្រាក់ពិន័យជាអតិបរមាពី 30 លានដុង ទៅ 100 លានដុង (4,000 ដុល្លារ) ។

គួរជម្រាបថា ក្រសួងវៀតណាមអាចនឹងចាប់ផ្តើមបង្ហាញពីបញ្ជីនៃតំបន់ដែលមានអតុល្យភាពយេនឌ័រខ្ពស់បំផុត។ ពួកគេក៏មានគម្រោងក្នុងការបង្កើនយុទ្ធនាការអប់រំសាធារណៈ ក្នុងគោលបំណងបញ្ចប់ការរើសអើងយេនឌ័រ លើកកំពស់សិទ្ធិក្មេងស្រី និងលើកទឹកចិត្តដល់ការមានកូនដោយធម្មជាតិ មិនលំអៀង និងមិនកំណត់ភេទកូន៕










