ថ្មីៗនេះមានអ្នក មួយចំនួនបានចេញមកនិយាយអំពីអ្នកដឹកនាំរឿងម្នាក់ដែកកេងប្រវ័ញ្ចកម្លាំងពលកម្ម និងស៊ីមិនរើសនោះទេ មិនថាជាមនុស្សប្រុសឬស្រី ឬមួយក៏ភេទទី៣ឡើយបើចង់ក្លាយជាតួកុនត្រូវមាន ការដោះដូរ។ បុគ្គលជាអ្នកដឹកនាំរឿងនោះត្រូវបានគេប្រដូចទៅជា P Diddy នៅស្រុកខ្មែរ។ 
ខន សូរិយា បានចេញវីដេអូជាង១នាទី កាលពីថ្ងៃទី១៣ ដោយបាននិយាយអំពីបញ្ហា P Diddy ខ្មែរដែលកំពុងតែផ្ទុះ។ តារាស្រី រូបនេះបាននិយាយថា អ្នកមួយចំនួនប្រាកដជាឆ្ងល់ហើយថាហេតុអ្វីបានជាមានការដាក់ឈ្មោះ P Diddy ខ្មែរ ។ ចំណុចនេះ សូរិយា បានពន្យល់ថាអ្នកដឹកនាំរឿងម្នាក់នោះ អូសក្រឡាទាំងភេទទី៣ អូសក្រឡាទាំងក្មេងប្រុសនិងក្មេងស្រី មិនថាទាំងចាស់ឬក្មេងនោះទេ។ នាងបានបន្ថែមទៀតថា បុគ្គលនោះមានការល្បួងរំលោភ ហើយកំពុងតែមាននារីជាច្រើនមានការផ្តុំគ្នាដើម្បីធ្វើតាមផ្លូវច្បាប់។ 
សូរិយា ថានាងមិនអាចបង្ហាញអ្វីបានពីអ្នកដឹកនាំរឿងម្នាក់នោះទេដើម្បីកុំឱ្យគេប្តឹងនាង តែនាងគ្រាន់តែចង់ចែករំលែកដាស់តឿនក្មេងៗឬក៏បងប្អូនស្រីៗមួយចំនួនដែលតែងតែត្រូវបានខាងក្រុមការងារកុនទាក់ទងទៅដើម្បីចង់ធ្វើតារាគឺត្រូវតែដោះដូរជាមួយនឹងខ្លួនប្រាណ លុយកាក់ ឬអ្វីផ្សេង វាមិនមានករណីនេះនោះទេគឺត្រូវមានការប្រុងប្រយ័ត្ន។ សូរិយា ថា បើចង់ក្លាយជាតារាគឺមានវិធីច្រើន តែកុំទៅតាមអ្នកដឹកនាំមួយចំនួនតូចដែលខូចចង់រំលោភបំពានស្រីៗប្រយ័ត្នក្លាយទៅជាជនរងគ្រោះ។
បន្ទាប់ពីចេញវីដេអូនេះហើយ ខន សូរិយា បានបង្ហោះនៅលើបណ្តាញសង្គមថាមកទល់ពេលនេះមានជនរងគ្រោះជិត១០នាក់។ សូរិយា បានរៀបរាប់ថា «មកដល់ពេលនេះមានជនរងគ្រោះជិត ១០ នាក់ហើយដែរបាននិយាយរឿងដែលវាបោកគេនឹងមក…. សង្ឃឹមបងប្អូនស្រីៗដែលជាជនរងគ្រោះផ្សេងនិងមានភាពក្លាហានហ៊ាន speak up ដើម្បីខ្លួនឯងក៏ដូចដើម្បីការពារកុំឱ្យមានក្មេងៗស្រីៗផ្សេងទៀតជួបរឿងបែបនេះទទួលរងរឿងទាំងអស់នេះទៀតដោយសារតែ director ម្នាក់នេះ! វាត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់!!!»។
ការចេញមុខរបស់ ខន សូរិយា ទាក់ទងនឹងរឿងថ្មីៗនេះ គេក៏ចាំបានថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ តារាសម្តែងរូបនេះបានចេញមកទម្លាយថាកាលពីនាងមានអាយុ១២ឆ្នាំត្រូវបានបុរសម្នាក់អះអាងថាជា Music Producer ល្បួងចង់បានខ្លួនប្រាណយកភាពបរិសុទ្ធរបស់នាងដោះដូរនឹងភាពល្បីល្បាញជាមួយនឹងការសន្យាថានឹងធ្វើឱ្យល្បីដូចតារាចម្រៀង ឱក សុគន្ធកញ្ញា។ ការទម្លាយរឿងខ្មៅងងឹតក្នុងវិស័យនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕










