តារាសម្តែងអ្នកនាង កុល ដាវី បានបង្ហោះពាក្យជូនពរថ្ងៃខួបកំណើតស្វាមីរបស់ខ្លួនគឺលោក សុខ រក្សា ពោរពេញដោយភាពផ្អែមល្ហែមបន្ទាប់ពីរួមសុខទុក្ខជាមួយគ្នា អស់រយៈពេលជាង១០ឆ្នាំក្នុងជីវិតគូ។ លើសពីនេះអ្នកនាង កុល ដាវី បានសន្យាថានឹងថែរក្សាចំណងស្នេហ៍របស់អ្នកទាំងពីរដល់ថ្ងៃចាស់រៀងៗខ្លួន និងបានបញ្ជាក់ថាមានជំងឺខ្វះលោក សុខ រក្សា មិនបាន។

នៅយប់ថ្ងៃទី១០ កក្កដា តារាសម្តែង កុល ដាវី បានបង្ហោះរូបមួយសន្លឹកជាមួយលោក សុខ រក្សា និងកូនស្រី ដោយបានជូនពរទៅកាន់ស្វាមីក្នុងថ្ងៃកំណើតជាមួយនឹងពាក្យពេចន៍ថា« រីករាយថ្ងៃកំណើតប្តីសម្លាញ់! ជាង១០ឆ្នាំហើយ ដែលពួកយើងប្រើជីវិតគូជាមួយគ្នា រហូតដល់ឥឡូវមានវត្តមានកូនស្រីជាទីស្រលាញ់របស់ពួកយើងថែមម្នាក់ ពួកយើងពិតជាឆ្លងកាត់ ព្យុះភ្លៀង រឿងតូចធំ មកជាមួយគ្នា ផ្អែកស្មាគ្នាទៅវិញទៅមក លួងលោមគ្នា ហើយក៏កាន់ដៃគ្នាដើរទៅមុខបន្ត។ អរគុណប្តីដែលចូលមកក្នុងជីវិតអូន អរគុណប៉ាម៉ាក់ក្មេក»។
តារាសម្តែងនិយមដើរតួកាចឆ្នាស់រូបនេះបានបន្តទៀតថា « ពួកយើងសន្យាថានឹងថែ សុភមង្គលមួយនេះ ឱ្យគង់វង្សរហូតដល់ពួកយើងចាស់រៀងខ្លួន អរគុណភាពស្មោះត្រង់ របស់ប្តីដែលផ្តល់ឱ្យអូន។
ថ្ងៃកំណើតបងអូនសូមជូនពរបង មានសុខភាពល្អ ទៅណាមកណាមានតែអ្នកចូលចិត្ត អាណិតស្រលាញ់ ជោគជ័យគ្រប់ភារកិច្ចការងារ ប្រាថ្នាអីសូមអោយបានដូចបំណង ស្រលាញ់បងខ្លាំងសំខាន់អូនមានជំងឺខ្វះបងមិនបាន»។
បច្ចុប្បន្ននេះលោក សុខ រក្សា នៅបន្តអាជីពតន្រ្តីរបស់ខ្លួនដដែលនិងមានតួនាទីជាមន្រ្តីរាជការផងដែរ។ គួរឱ្យដឹងថាលោក សុខ រក្សា តារាចម្រៀងក្នុងទ្រនំសាន់ដា បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្តែង កុល ដាវី កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីសិក្សាស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ មកទល់ពេលនេះអ្នកទាំងពីរមានកូនស្រីម្នាក់ជាចំណងដៃនិងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលពុំដែលមានរឿងអាស្រូវលើបណ្តាញសង្គមឡើយ៕










