ប្រទេសកូរ៉េខាងត្បូង ៖ ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូងប្រឈមនឹងការចាត់វិធានការតាមច្បាប់ក្រោយពីរកឃើញថា ភោជនីយដ្ឋានបានយកសត្វស្រមោចក្រៀម ចំនួន២ប្រភេទ ដែលនាំចូលពីប្រទេសថៃ និងអាមេរិក មកធ្វើជាគ្រឿងផ្សំបង្កើនរសជាតិអាហារ ។ ការចាត់វិធានការតាមច្បាប់ដោយសារភោជនីយដ្ឋានល្មើសនឹងច្បាប់សុវត្ថិភាពចំណីអាហាររបស់កូរ៉េខាងត្បូង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។.png)
ម្ចាស់ភោជនីយដ្ឋាននិយាយថា បានប្រើប្រាស់ស្រមោច ចាប់ពី៣ក្បាល ទៅ៥ក្បាលក្នុងចានអាហារពិសេស និងយកស្រមោចធ្វើជាគ្រឿងផ្សំក្នុងអាហារចំនួន១២,០០០ចាន បើគិតត្រឹមខែមករា ឆ្នាំ២០២៥នេះ ។

មន្ត្រីក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថរបស់កូរ៉េខាងត្បូង និយាយកាលពីថ្ងៃទី១០ ខែកក្កដា ថា បានបញ្ជូនសំណុំរឿងរបស់ភោជនីយដ្ឋានមួយកន្លែង និងម្ចាស់ភោជនីយដ្ឋានទៅកាន់តុលាការដើម្បីកាត់ទោសពីបទបំពានច្បាប់សុខភាពចំណីអាហារ (Food Sanitation Act) ក្រោយពីរកឃើញភោជនីយដ្ឋានប្រើប្រាស់ស្រមោចក្រៀមនាំចូលពីក្រៅប្រទេសធ្វើជាគ្រឿងផ្សំអាហារ ។

ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានបង្ហាញរូបភាពស្រមោចក្រៀម២ប្រភេទនាំចូលពីប្រទេសថៃ និងអាមេរិក ហើយបញ្ជាក់ថា បានប្រើប្រាស់ក្នុងភោជនីយដ្ឋាននេះ ចាប់ពីខែមេសា ឆ្នាំ២០២១ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នេះពុំមែនជាលើកទី១ទេ កន្លងមក ក៏មានភោជនីយដ្ឋានផ្សេងដាក់ស្រមោចក្នុងអាហារបែបនេះដែរ ប៉ុន្តែបើតាមច្បាប់អនាម័យរបស់កូរ៉េខាងត្បូង គឺពុំអនុញ្ញាតឱ្យភោជនីយដ្ឋានប្រើប្រាស់គ្រឿងផ្សំដែលច្បាប់ពុំទទួលស្គាល់ ។ នៅឆ្នាំ២០២៥ ច្បាប់កូរ៉េខាងអនុញ្ញាតឱ្យប្រើប្រាស់សត្វល្អិតធ្វើជាគ្រឿងផ្សំក្នុងអាហារត្រឹមតែ១០មុខប៉ុណ្ណោះ ដូចជា ៖ កណ្តូប, ដង្កូវ និងដុកឌឿក្រៀម ៕










