បន្ទាប់ពីប្រកាសពន្យារពេលការប្រគំតន្រ្តីរបស់តារាចម្រៀង G-Dragon នៅឯរាជធានី បាងកក ប្រទេសថៃ ពេលនេះការប្រគំតន្រ្តីរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ គឺមិនបានពន្យារពេលទៀតនោះទេប៉ុន្តែគឺបានប្រកាសលុបចោលតែម្តង។
អ្នករៀបចំការប្រគំតន្ត្រីរបស់ G-Dragon AEG Presents Asia បានប្រកាសនៅថ្ងៃទី១០ ខែកក្កដា ថា កម្មវិធីដែលបានគ្រោងទុកដំបូងនៅថ្ងៃទី ២ ខែសីហា នៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ត្រូវបានលុបចោលដោយសារតែ «កាលៈទេសៈដែល មិនបានមើលឃើញទុកជាមុន»។ ក្រុមហ៊ុនបានចេញធ្វើការសូមទោស ចំពោះការរអាក់រអួល និងការខកចិត្តទៅកាន់អ្នកគាំទ្រ។
.png)
កាលពីថ្ងៃទី៧ កក្កដា អ្នករៀបចំកម្មវិធីប្រគំតន្រ្តី G-Dragon បានប្រកាសពីការពន្យារពេលរៀបចំកម្មវិធីនៅក្នុងទីក្រុងបាងកក ប៉ុន្តែពេលនេះហ្វេនត្រូវខកចិត្តទាំងស្រុងព្រោះតែការប្រគំតន្រ្តីត្រូវលុបចោលតែម្តង។
ទោះបីខាងអ្នករៀបចំការប្រគំតន្រ្តីរបស់ G-Dragon បានបង្ហាញហេតុផលថា «កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន» ក្តី ហ្វេនៗមួយចំនួននៅតែគិតថានេះជាហេតុផលមិនគ្រប់គ្រាន់នោះទេ។

ការលុបចោលនេះបានធ្វើឱ្យអ្នកគាំទ្រមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ដែលភាគច្រើននៃអ្នកទាំងនោះបានលើកឡើងពីការព្រួយបារម្ភរួចមកហើយអំពីការចាត់ចែងរបស់ Galaxy Corporation នៃដំណើរទេសចរណ៍ជាពិសេសទាក់ទងនឹងការ លុបចោលនៅប្រទេសថៃ។
អ្នកគាំទ្រមួយចំនួនក៏ចោទទៅលើក្រុមហ៊ុនរបស់តារាចម្រៀងរូបនេះដែលរៀបចំមិនបានល្អ ពុំមានបទពិសោធន៍លើវិស័យតន្រ្តី ធ្វើឱ្យការប្រគំតន្រ្តីរបស់សមាជិក Big Bang រូបនេះជួបនៅស្ថានការណ៍រអាក់រអួល។ យ៉ាងណាបើងាកទៅកាន់ស្ថានភាព នយោបាយប្រទេសថៃមានភាពវឹកវរយ៉ាងខ្លាំងអាចធ្វើឱ្យភ្ញៀវទេសចរព្រួយបារម្ភពី សុវត្ថិភាព ដោយសារតែបញ្ហាអសន្តិសុខក្នុងប្រទេស។
ការប្រកាសលុបចោលការប្រគំតន្រ្តីរបស់ G-Dragon ប្រទេសថៃក៏នឹងរងការខាតបង់ដូចគ្នាព្រោះរាល់ពេលមានការប្រគំតន្រ្តីពីតារាល្បីនឹងជួយជំរុញសេដ្ឋកិច្ចជាតិតាមរយៈទស្សនិកជនដែលចូលរួមព្រោះអ្នកចូលរួមនឹងចំណាយលើការស្នាក់នៅ ធ្វើដំណើរ និងចំណាយលើថ្លៃអាហារជាដើម៕










