ប្រព័ន្ធខ្សែផ្លូវដែកនៅកម្ពុជា បានចាប់ផ្ដើមអភិវឌ្ឍលើកដំបូងនៅសម័យអណានិគមបារាំង តែក្រោយមកដល់ក្នុងសម័យសង្គមរាស្រ្តនិយម បញ្ហាសង្គ្រាមក៏បានកើតឡើង បណ្ដាលអោយការអភិវឌ្ឍផ្លូវដែកនេះ មិនសូវមានរីកចម្រើនទៅមុខ។
នៅកម្ពុជាមាន ផ្លូវដែក ២ខ្សែកំពុងមានចរាចរណ៍ គឺខ្សែភាគខាងត្បូង និងខ្សែភាគខាងជើង ដែលមានប្រវែងសរុបប្រហែល ៦៥២ គីឡូម៉ែត្រ។
ខ្សែផ្លូវដែកភាគខាងជើង ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគម នៅឆ្នាំ១៩២៩ មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ។
ខ្សែផ្លូវភាគខាងត្បូងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦០ ដល់ឆ្នាំ១៩៦៩ ដោយឆ្លងកាត់ខេត្តតាកែវ កែប កំពត និងព្រះសីហនុ ក្រោមស្នាព្រហស្ថព្រះករុណា ព្រះបាទនរោត្តមសីហនុ នាសម័យសង្គមរាស្រ្តនិយម។
ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានស្តារផ្លូវដែកទាំងពីរខ្សែ ដោយចំណាយថវិកាសរុបប្រហែល ១៦០ លានដុល្លារ៕










