ពិធីករដ៏ល្បីឈ្មោះលោក ជា វណ្ណារិទ្ធ បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះលោកស្រី ផែថងថាន បច្ចុប្បន្នកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃបានយកលេសថាខ្វះថវិកាជាតិពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។ លើសពីនេះពិធីកររូបនេះបាននិយាយទៅកាន់មេភូមិភាគ២ថាសង្ស័យតែមិនទាន់ផ្តាច់កញ្ឆាក្រោយនិយាយថាប្រើពេល៣ថ្ងៃសម្រាប់វាយមកប្រទេសកម្ពុជា។

អស់ពីផ្អាកពីតួនាទីជានាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន គ្រាន់តែឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃភ្លាមស្រាប់តែបង្កភាពចម្រូងចម្រាសជាមួយនឹងភាគីកម្ពុជាក្រោយពីលោកស្រីបានអះអាងកាលពីថ្ងៃទី៤ ខែកក្កដាថា ប្រទេសថៃនឹងពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ ហើយក្រសួងវប្បធម៌ថៃ ក៏ជួបបញ្ហាខ្វះថវិកាថែមទៀត។ ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថាភាគីកម្ពុជាជាអ្នកចំណាយថវិកាលើការដឹកជញ្ជូន។
ពាក្យសម្តីរបស់លោកស្រី ផែថងថាន យកលេសខ្វះថវិកាសម្រាប់ដឹកជញ្ជូនវត្ថុបុរាណមកខាងកម្ពុជានេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការហួសចិត្តជាមួយលោកស្រីយ៉ាងខ្លាំងសូម្បីតែលោក ជា វណ្ណារិទ្ធ ក៏សម្តែងក៏ហួសចិត្តដូចគ្នា។
លោក ជា វណ្ណារិទ្ធ បានសរសេរនៅយប់ថ្ងៃទី៦ កក្កដា ថា« មូលហេតុដែលបដិសេធមិនប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញមូលហេតុ ដោយយោងលើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន ដល់ម្លឹងផងលោកស្រី !
កាលពេលដែលលោកស្រីនៅ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញសោះហ្មឹង ខឹងមែនបានលេងចឹង? »។
មិនត្រឹមតែប៉ុណ្ណោះពិធីករដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជារូបនេះក៏ទប់មិនជាប់ក្រោយមេភូមិភាគ២ប្រើសម្តីយល់ចិត្តពលរដ្ឋរបស់ខ្លួនថា«សូមពុកម៉ែបងប្អូនកុំភ័យ បើសិនផ្ទុះសង្រ្គាមកើតឡើង ប្រទេសកម្ពុជានឹងចប់ក្នុងរយៈពេល៣ថ្ងៃ»។ ពាក្យសម្តីគំរាមកំហែងរបស់មេទ័ពថៃរូបនេះ លោក ជា វណ្ណារិទ្ធ បានបោះសម្តីធ្ងន់ៗថា «យូរៗទៅអាមេភូមិភាគហ្នឹងបែកកាន់តែខ្លាំង ៣ថ្ងៃម៉ែហែង! 
ម៉ាអាចោរឈ្លានពាន ហែងកាន់តែស្រែកពិភពលោកកាន់តែឃើញ ច្បាស់ពីសន្តានហែងកាន់តែជ្រៅ សង្ស័យភូមិភាគវាអត់ទាន់ផ្តាច់កញ្ឆាយ៉ាង»។
គួរបញ្ជាក់ផងដែរថា ជាញឹកញាប់លោក ជា វណ្ណារិទ្ធ តែងតែចេញមកឈឺឆ្អាលក្រោយពីប្រទេសកម្ពុជានិងថៃមានបញ្ហាប៉ះទង្គិចគ្នាមក៕
 
		 
	









