ប្រទេសថៃ ៖ អ្នកជំនាញជាច្រើនរូបនៅប្រទេសថៃបានណែនាំឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងនាយករដ្ឋមន្ត្រីថៃ មុនពេលតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចជាផ្លូវការ ។ លោកស្រីគួរតែរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋ កុំរង់ចាំដល់ពេលតុលាការចេញសេចក្តីសម្រេច ពីព្រោះលោកស្រីខ្វះខាតគុណសម្បត្តិ ។
អនុប្រធានគណបក្សប្រជាជន លោកស្រី សិរិកញ្ញា តាន់សាគុន បានលើកឡើងពីតុលាការធម្មនុញ្ញសម្រេចឱ្យលោកស្រី ផេថងថាន ព្យួរតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ថា បើលោកស្រី ផេថងថាន ចង់ដោះស្រាយវិបត្តិនយោបាយ គួរតែរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋ ។ លោកស្រីថា ៖ «បញ្ហានយោបាយគួរឱ្យពលរដ្ឋសម្រេចចិត្តច្រើនជាង បើលោកស្រី ផេថងថាន ចង់ដោះស្រាយវិបត្តិនយោបាយ គឺការរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋដោយមានការបោះឆ្នោតជាថ្មី នេះជាវិធីល្អបំផុត» ។
ចំណែកលោក យុទ្ធថាផន អ៊ីសារ៉ាក់ឆៃ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសុខោទ័យថាំម៉ាធិរ៉ាត គិតថា ការសម្រេចរបស់តុលាការធម្មនុញ្ញអាចនឹងមានផលអវិជ្ជមានដល់លោកស្រី ផេថងថាន ។ បើបែបនេះមែន លោកស្រី ផេថងថាន នឹងពុំអាចត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតទេ ដោយសារខ្វះខាតគុណសម្បត្តិ ។ ដូច្នេះ លោកចង់ណែនាំឱ្យលោកស្រី ផេថងថាន លាលែងពីតំណែងនាយករដ្ឋមន្ត្រី មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ។
ដូចគ្នានេះ លោកសាស្ត្រាចារ្យ ស៊ុឆៃស៊ីសុធិយ៉ាកន អតីតគណៈកម្មការបោះឆ្នោតមានមតិស្រដៀងគ្នាថា លោកស្រី ផេថងថាន ប្រឈមនឹងតុលាការធម្មនុញ្ញដកពីតំណែងនាថ្ងៃអនាគត ដោយសារលោកពិចារណាពីការសម្រេចរបស់តុលាការដែលឱ្យលោកស្រីផ្អាកបំពេញតួនាទី ក្នុងសំឡេង៧ ទល់២ ។ វិធីល្អបំផុត គឺលោកស្រីគួរលាលែងពីតំណែង កុំរង់ចាំដល់ពេលតុលាការចេញសេចក្តីសម្រេច ។
ដោយឡែក ក្រុមការពារអធិបតេយ្យដឹកនាំដោយលោក ចតុផន ព្រំផាន់, លោក ផាន់ថេប ផូផុងផាន់ និងលោក ភិឈិត ឆៃមាំងឃុន ដែលបានប្រមូលផ្តុំពលរដ្ឋធ្វើបាតុកម្មបណ្តេញលោកស្រី ផេថងថាន កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមក បានបង្ហាញនូវគោលជំហរក្រោយពីតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ក្រុមការពារអធិបតេយ្យនឹងពុំបញ្ចេញមតិតវ៉ាអ្វីទេពេលនេះ ពីព្រោះអាចល្មើសនឹងអំណាចតុលាការធម្មនុញ្ញ ។
លោក ចតុផន ព្រំផាន់ និយាយថា រីករាយនឹងការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញ រីឯក្រុមការពារអធិបតេយ្យនឹងពុំគាំទ្រការធ្វើរដ្ឋប្រហារ ។ ក្រុមបាតុករនៅតែប្រកាន់យកគោលជំហរដើម គឺលោកស្រី ផេថងថាន ត្រូវតែលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយក្រុមការពារអធិបតេយ្យអាចនឹងប្រមូលផ្តុំធ្វើបាតុកម្មម្តងទៀតនាពាក់កណ្តាលខែសីហា ៕










