ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS News រាយការណ៍នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឈានទៅរកភាពល្អប្រសើរក្រោយពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ ។
.jpg)
នៅថ្ងៃទី២ ខែកក្កដា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ពេលនេះ ថៃបានប្រើប្រាស់យន្តការគ្រប់កម្រិតកងទ័ពដើម្បីសម្របសម្រួលជាមួយកម្ពុជា និងជជែកគ្នាពុំផ្លូវការ ដើម្បីឱ្យភាគីទាំងពីរឈានទៅជជែកទ្វេភាគី ។ ក្រសួងការពារជាតិថៃរំពឹងថា នឹងប្រើប្រាស់យន្តការ GBC ដែលមានរដ្ឋមន្ត្រីការពារជាតិជាប្រធាន ខណៈរដ្ឋាភិបាល និងក្រសួងការបរទេសក៏បានជជែកគ្នាឃើញថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃល្អប្រសើរជាងមុនបន្តិច ។
កម្ពុជាចាប់ផ្តើមជជែកជាមួយថៃ ខណៈកន្លងមក កម្ពុជាពុំជជែកជាមួយថៃឡើយ ដោយថៃប្រកាន់នូវសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ និងពុំកំណត់ថា ប្រទេសធំ ឬប្រទេសតូច ពីព្រោះជាប្រទេសដូចគ្នា និងចង់ឱ្យពលរដ្ឋថៃពិចារណាពីបញ្ហានេះ ។ រដ្ឋាភិបាលថៃបារម្ភពីផលប៉ះពាល់ពលរដ្ឋនៅតាមព្រំដែន រីឯកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ប្រហែលពុំអាចដោះស្រាយបញ្ហាបានទាំងអស់ ពីព្រោះមានតំបន់ត្រូវទទួលខុសត្រូវរបស់កងទ័ពភូមិភាគទី១ រួមទាំងកងទ័ពជើងទឹក ។ កិច្ចប្រជុំ RBC គ្របដណ្ដប់តែតំបន់ភូមិភាគទី២ ប៉ុណ្ណោះ ដូច្នេះ បញ្ហាតំបន់ផ្សេងនឹងពុំទាន់ដោះស្រាយ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយភាគីទាំងពីរត្រូវគោរពគ្នាទៅវិញទៅមក និងគិតពីសេចក្តីថ្លៃថ្នូរផងដែរ ។ យើងមានសេចក្តីថ្លៃថ្នូរដូចគ្នា ជាប្រទេសដូចគ្នា ប៉ុន្តែនៅតែអនុវត្តវិធានការកំណត់ពេលវេលាបើកព្រំដែនដូចមុន ហើយថៃសូមបញ្ជាក់ថា ថៃពុំបានបិទព្រំដែនទេ គឺកម្ពុជាបិទដោយខ្លួនឯង ។ កម្ពុជាអាចមើលឃើញថា ស្ថានការណ៍បែបនេះ ថៃបិទព្រំដែន បើថៃបិទ គឺគ្មានការធ្វើដំណើរចេញ-ចូលទេ ។ នេះបើតាមការលើកឡើងរបស់លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ។

បច្ចុប្បន្ន ប្រទេសថៃពុំទាន់មានរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីព្រោះលោក Phumtham Wechayachai បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែថៃនឹងអនុវត្តតាមដំណាក់កាល ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានចាត់ឱ្យលោក ណាតថាផុន ណាតផានីត កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ទទួលខុសត្រូវការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកំណត់វិធានការផ្សេងៗ ។ 
លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ចង់ឱ្យមានដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័ស ពីព្រោះលោកបានចុះត្រួតពិនិត្យស្ថានការណ៍ព្រំដែនជាមួយលោកស្រី ផេថងថាន កន្លងមកឃើញថា ពលរដ្ឋថៃរងផលប៉ះពាល់ខ្លាំង ហើយពលរដ្ឋថៃសំណូមពរឱ្យមានដំណោះស្រាយឆាប់ៗ ៕










