ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS រាយការណ៍កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា យោងតាមលទ្ធផលស្ទង់មតិ គឺពលរដ្ឋថៃភាគច្រើនគាំទ្រឱ្យមេដឹកនាំគណបក្សប្រជាជន លោក ណាតថាផុង រឿងបញ្ញាវុធ ធ្វើជានាយករដ្ឋមន្ត្រីថ្មី ដែលលោកទទួលបានសំឡេងគាំទ្រលំដាប់ទី១ រហូតដល់៣១.៤៨% ដោយសារលោកជាយុវជនជំនាន់ថ្មីហ៊ានបញ្ចេញមតិ និងមានគោលជំហរនយោបាយច្បាស់លាស់ ។ រីឯលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ទទួលបានសំឡេងគាំទ្រត្រឹមតែ៩.២០% ប៉ុណ្ណោះ និងស្ថិតក្នុងលំដាប់ទី៥ ។.jpg)
កាលពីថ្ងៃទី២៩ ខែមិថុនា មជ្ឈមណ្ឌលស្ទង់មតិ Nida Poll បានបង្ហាញលទ្ធផលស្ទង់មតិពីការពេញនិយមរបស់ពលរដ្ឋផ្នែកនយោបាយប្រចាំត្រីមាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។ ការស្ទង់មតិនេះបានសាកសួរពីបុគ្គលដែលពលរដ្ឋគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី ហើយលទ្ធផលបង្ហាញថា លោក ណាតថាផុង រឿងបញ្ញាវុធ មេដឹកនាំគណបក្សប្រជាជន ទទួលបានសំឡេងគាំទ្ររហូតដល់៣១.៤៨% ស្ថិតក្នុងលំដាប់ទី១ ដោយសារលោកជាយុវជនជំនាន់ថ្មីហ៊ានបញ្ចេញមតិ មានគំនិតច្បាស់លាស់ និងបង្ហាញគោលជំហរនយោបាយច្បាស់លាស់ ។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ស្ថិតក្នុងលំដាប់ទី៣ ទទួលបានសំឡេងគាំទ្រ ១២.៧២% ដោយសារលោកជាមនុស្សនិយាយពិត ធ្វើពិត និយាយត្រង់ទៅ ត្រង់មក មានភាពស្មោះត្រង់ និងធ្វើឱ្យប្រទេសថៃមានសុខសន្តិភាព ពលរដ្ឋចង់បាននាយករដ្ឋមន្ត្រីមានភាពម៉ឺងម៉ាត់ដូចលោក ប្រាយុទ្ធ ។
បុគ្គលទទួលបានសំឡេងគាំទ្រពីពលរដ្ឋស្ថិតក្នុងលំដាប់ទី៤ គឺលោក អនុថិន ឆាន់វីរៈគូន មកពីគណបក្សភូមិចៃថៃ ដែលទទួលបាន៩.៦៤% ដោយសារលោកក្លាហានសម្រេចចិត្ត និងមានបទពិសោធន៍ផ្នែកគ្រប់គ្រងប្រទេស ។
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នមកពីគណបក្សភឿថៃ ស្ថិតក្នុងលំដាប់ទី៥ និងទទួលបានសំឡេងគាំទ្រពីពលរដ្ឋត្រឹមតែ៩.២០% ប៉ុណ្ណោះ ។ លោកស្រីតាំងចិត្តធ្វើការ បើទោះជាបទពិសោធន៍មានកម្រិតក៏ដោយ ហើយពលរដ្ឋចង់ផ្តល់ឱកាសឱ្យលោកស្រីបង្ហាញសមត្ថភាពដឹកនាំប្រទេស ។ ចំណែកលំដាប់ទី២ គឺពុំទាន់មានបុគ្គលណាស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រីនៅឡើយទេ ។.jpg)
មេដឹកនាំគណបក្សប្រជាជន លោក ណាតថាផុង រឿងបញ្ញាវុធ និយាយថា អរគុណពលរដ្ឋដែលគាំទ្រលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី ភាពបរាជ័យរបស់រដ្ឋាភិបាលបច្ចុប្បន្នអាចឈានទៅរកដំណោះស្រាយដែលពលរដ្ឋពុំចង់ឃើញ គឺការប្រគល់អំណាចឱ្យកងទ័ព ឬអំណាចក្រៅប្រព័ន្ធ ។.jpg)
គួរបញ្ជាក់ថា លទ្ធផលស្ទង់មតិការពេញចិត្តរបស់ពលរដ្ឋថៃកាលពី៣ខែមុន គឺលោកស្រី ផេថងថាន ស្ថិតក្នុងលំដាប់ទី១ ខណៈលោក ណាតថាផុង មេដឹកនាំគណបក្សប្រជាជន លំដាប់ទី២ ប៉ុន្តែការស្ទង់មតិចុងក្រោយនេះ គឺលោក ណាតថាផុង ទទួលបានគាំទ្រខ្ពស់ជាងលោកស្រី ផេថងថាន ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកស្រី ផេថងថាន បង្ហាញថា លោកស្រីបរាជ័យក្នុងការដឹកនាំប្រទេស និងគ្មានភាពច្បាស់លាស់ ៕










