ប្រទេសថៃ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា ក្រោយពីតុលាការធម្មនុញ្ញថៃទទួលយកញត្តិសមាជិកព្រឹទ្ធសភា និងសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសម្លេង៧ ទល់២ លោកស្រីនិយាយថា ធ្វើគ្រប់យ៉ាងដើម្បីជាតិ ការពារអធិបតេយ្យភាព និងសូមទោសពលរដ្ឋថៃ ដែលទង្វើលោកស្រីធ្វើឱ្យពលរដ្ឋជាច្រើនពុំពេញចិត្ត ។ លោកស្រីនឹងបំពេញការងារបន្តទៀតក្នុងនាមជាពលរដ្ឋថៃម្នាក់ មិនថាកាន់តំណែងអ្វីក៏ដោយ ។.jpg)
នាវេលាម៉ោង២ ថ្ងៃទី១ ខែកក្កដា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បាននិយាយក្រោយពីតុលាការធម្មនុញ្ញព្យួរតំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី១ ខែកក្កដា ដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ លោកស្រីបញ្ជាក់ថា ការសម្រេចរបស់តុលាការធម្មនុញ្ញចេញមកហើយ ខ្ញុំទទួលយកការសម្រេចដែលឱ្យខ្ញុំផ្អាកតួនាទីក្នុងរយៈពេលមិនពិតប្រាកដ ។
ចំណែកការបែកធ្លាយកិច្ចសន្ទនា គឺខ្ញុំតាំងចិត្តធ្វើដើម្បីប្រទេសជាតិ និងរក្សាអធិបតេយ្យភាព រួមទាំងការពារអាយុជីវិតកងទ័ពគ្រប់រូបដើម្បីឱ្យប្រទេសថៃមានសន្តិភាព ប៉ុន្តែវាអាចធ្វើឱ្យពលរដ្ឋពេញចិត្ត និងមិនពេញចិត្តនឹងទង្វើរបស់ខ្ញុំ ។ ខ្ញុំបានតាំងចិត្ត និងព្យាយាមដើម្បីប្រទេសជាតិពិតមែន ខ្ញុំគិតតែម្យ៉ាងគត់ គឺចៀសវាងភាពចលាចល ធ្វើយ៉ាងណា កុំឱ្យមានការប៉ះទង្គិចគ្នា ។ កងទ័ពថៃនឹងពុំបង្ហូរឈាម ខ្ញុំគ្មានចេតនាអាក្រក់ឡើយ ។ នេះជាអ្វីដែលខ្ញុំតាំងចិត្ត និងចំណាយពេលវេលាបញ្ជាក់ឱ្យបានច្បាស់លាស់ ។

អរគុណគ្រប់គ្នាដែលផ្តល់កម្លាំងចិត្ត ហើយចាប់ពីយប់នេះ (ថ្ងៃទី១ ខែកក្កដា) នឹងមានអ្នកផ្តល់កម្លាំងចិត្តជាបន្តបន្ទាប់ ហើយក៏សូមទោសពលរដ្ឋថៃទាំងអស់ដែលពុំសប្បាយចិត្តជាមួយរឿងនេះ ឬមានអារម្មណ៍ខឹងសម្បារ ។ ចាប់ពីពេលនេះតទៅ ពេលខ្ញុំត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី ខ្ញុំនឹងបំពេញការងារបន្តទៀតដើម្បីប្រទេសជាតិ មិនថាកាន់តំណែងអ្វីទេ ក្នុងនាមជាពលរដ្ឋថៃម្នាក់ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។
គួរបញ្ជាក់ថា លោកស្រី ផេថងថាន បានចំណាយពេលនិយាយទៅកាន់ពលរដ្ឋ ប្រមាណ៤នាទី ប៉ុន្តែលោកស្រីពុំបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានទេក្រោយពីនិយាយរួច ។ បន្ទាប់មក លោកស្រីក៏ឡើងជិះរថយន្តចាកចេញពីវិមានរដ្ឋាភិបាល ៕










