ថៃ ៖ បន្ទាប់ពីត្រូវតុលាការធម្មនុញ្ញដកចេញពីកៅអីនាយករដ្ឋមន្រ្តីជាបណ្ដោះអាសន្ន ពេលនេះលោកស្រី ផែថងថាន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ ក្រោមការបោះឆ្នោតដែលមានសម្លេង 9-0 ពីចៅក្រមកំពូលចំនួន9រូប។

នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយតុលាការធម្មនុញ្ញថៃ សម្រេចទទួលយកញត្តិសមាជិកព្រឹទ្ធសភា ដើម្បីព្យួរតំណែងជានាយករដ្ឋមន្រ្តីរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយសម្លេង៧ ទល់ ២ ពេលនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ថៃ បានប្រកាសស្វាកគមន៍ជាផ្លូវការ នូវការចូលមកកាន់តំណែងថ្មីជារដ្ឋមន្រ្តីនៅក្នុងក្រសួង របស់លោកស្រីផែថងថាន។
.png)
ជាមួយគ្នានេះ បន្ទាប់ពីដើរចេញមកពីតុលាការ នៅចំពោះមុខអ្នកសារព័ត៌មានលោកស្រីផែថងថាន បានសម្ដែងនូវការសុំអភ័យទោសពីពលរដ្ឋទាំងអស់ដោយនិយាយថា ៖ ខ្ញុំសុំទោសប្រជាជនថៃ ដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍មិនស្រួល ឬខឹង។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានបំណងធ្វើការដើម្បីប្រទេសជាតិពិតមែន។ ខ្ញុំនឹងបន្តធ្វើការឱ្យប្រទេសក្នុងនាមជាជនជាតិថៃ។ ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីបន្តធ្វើការសម្រាប់ជាតិ មិនថាខ្ញុំស្ថិតនៅក្នុងមុខតំណែងអ្វីនោះទេ»។
គួរជម្រាបថា សេចក្ដីអនុម័តរបស់តុលាការខាងលើនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ផែថងថាន ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាត្រូវបានលេចធ្លាយ។ ករណីនេះ បានបណ្ដាលឲ្យពលរដ្ឋថៃនាំមានការខឹ.ងសម្បា.រជាខ្លាំង ព្រមទាំងជំរុញឲ្យមានភាពល្អក់កករនៅក្នុងប្រ័ន្ធនយោបាយថៃផងដែរ។
ទន្ទឹនឹងនេះ ខណៈពេលដែលលោកស្រី ផែថងថាន ត្រូវបានតុលាការព្យួរតំណែងជានាយករដ្ឋមន្រ្តី លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច ដែលជារដ្ឋមន្រ្តីក្រសួងគមនាគមន៍ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទីជាបណ្ដោះអាសន្នសិន។ ដូច្នេះរាល់កិច្ចទាំងអស់របស់ប្រទេសជាតិ នឹងត្រូវបានលោក ស៊ុរិយៈ កាន់កាប់បន្តពីលោកស្រី ផែថងថាន។
ក្នុងស្ថានភាពបែបនេះ ពលរដ្ឋថៃសង្ឃឹមថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងអាចជួយដោះស្រាយបញ្ហាផ្សេងៗទាំងក្នុង និងក្រៅប្រទេស រួមទាំងបញ្ហាព្រំដែនដែលថៃកំពុងប្រឈមបាន ដោយសារលោកមានបទពិសោធន៍ផ្នែកនយោបាយជាច្រើនឆ្នាំមកហើយ៕










