ថៃ ៖ «ក្រុមបា.តុ.ករថ្ងៃទី២៨ មិថុនា» ដែលទាមទារឲ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែង បានប្រមូលផ្តុំគ្នាជាបណ្តើរៗនៅវិមានជ័យជំនះ ចាប់តាំងពីម៉ោង ០៧.៣០នាទីព្រឹក។ ព្រឹត្តការណ៍នេះ ត្រូវបានគេរំពឹងថានឹងមានមនុស្សចូលរួមរហូតដល់រាប់ពាន់នាក់ ហើយការតវ៉ាអាចនឹងមានរយៈពេញមួយថ្ងៃ។ .jpg)
យោងតាមសារព័ត៌មាន ថៃរ៉ាត់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាព្រឹកម៉ោង ០៧.៣០នាទី អ្នកសារព័ត៌មានបានបង្ហាញឲ្យឃើញពីបរិយាកាសមុនពេលចាប់ផ្តើមការជួបជុំថ្ងៃនេះ ដោយមានក្រុមបា.តុ.ករចាប់ផ្ដើមជួបជុំគ្នាជាបណ្ដើរៗនៅជុំវិញវេទិការ។ ចលនាតវ៉ានេះ ត្រូវបានគេហៅឈ្មោះថា “រណសិរ្សរួបរួមជាតិ ដើម្បីការពារបូរណភាពទឹកដី” ដឹកនាំដោយលោក ចាទូផន ព្រំផាន អតីតមេដឹកនាំក្រុមអាវក្រហម, លោក ប៉ាណាថេប ពុងផាន, លោកមេធាវី នីធីថន ឡាំឡុងកៃ និងមេបក្ស RC. ក្រុម។ល។
គោលបំណងនៃការជួបជុំនិងធ្វើការបាតុកម្មរបស់ក្រុមបា.តុ.ករទាំងនេះ គឺដើម្បីទាមទារឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ធ្វើការចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីការបែកធ្លា.យកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងសកម្មភាពមួយចំនួនទៀតដែលបង្ហាញពីអស្ថិរភាពនយោបាយប្រកបដោយភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីរូបនេះ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលទីក្រុងបាងកកស្នើសុំឱ្យសាធារណជនជៀសឱ្យឆ្ងាយពីការធ្វើដំណើរលើកំណត់ផ្លូវទាំង៤ ចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង១០យប់។ ទន្ទឹមនឹងនេះ មានប៉ូលិសជាង 1,200នាក់ ត្រូវបានបញ្ជូនទៅរាជធានី ដើម្បីថែរក្សាសណ្តាប់ធ្នាប់ផ្លូវជុំវិញ «វិមានជ័យជម្នះ»។ ក្នុងនោះសេវាសាធារណៈធំៗមួយចំនួនដូចជា រថភ្លើងល្បឿនលឿន BTS នឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន រួមជាមួយមន្ទីរពេទ្យ «រាមាធិបតី» ដែលស្ថិតនៅជិតនឹងកន្លែងបាតុកម្មនោះ បានប្រកាសបិទសេវាកម្មពិសេស (Premium Clinic) របស់ខ្លួនចាប់ពីម៉ោង ៣ល្ងាច ដោយសារកង្វះសុវត្ថិភាព។ លើសពីនេះ ក៏មានសេចក្ដីប្រកាសឲ្យស្ថានទូត និងអាជ្ញាធរ ត្រូវធ្វការណែនាំប្រជាជនបរទេសដែលនៅក្បែរៗតំបន់នោះ កុំចូលរួមការធ្វើបាតុកម្ម និងសូមប្រុងប្រយ័ត្នជាពិសេស។

ទោះជាយ៉ាងណា រដ្ឋមន្រ្តីការពារជាតិ និងជាឧបនាយករដ្ឋមន្រ្តីថៃ លោក ភូមថាម វិចាយ៉ាឆៃ នៅតែអំពាវនាវឱ្យប្រជាជនទាំងអស់ដែលត្រៀមចូលរួមចលនាបាតុកម្មនេះសូមព្យាយាមអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាពទាំងឡាយណាដែលរឹតតែធ្វើឱ្យបែកបាក់សាមគ្គីជាតិ និងរង្គើរផ្ទៃក្នុងរបស់ប្រទេស៕










