រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានក្ដីរំពឹងថា ជម្លោះរវាងប្រទេសកម្ពុជា និង ថៃ អាចនឹងត្រូវបានដោះស្រាយ លុះត្រាណាតែប្រទេសថៃជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ព្រោះបើមើលលើស្ថានភាពបច្ចុប្បន្ន បើទោះបីជាត្រូវចរចាក៏កម្ពុជាមិនត្រូវទៅចរចាជាមួយអ្នកណា? ហើយក៏មិនដឹងថា អំណាចពិតប្រាកដនៅខាងណាដែរ។

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា បានថ្លែងយ៉ាងដូច្នេះថា៖ យើងសង្ឃឹមថា ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី ហើយចេញមកដោះស្រាយជាមួយកម្ពុជា ព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយខាងណា? អំណាចពិតប្រាកដគឺជាណា? តើជាទ័ព ឬជាបក្សនយោបាយ ឬក៏អ្នកនៅក្រោយបក្សនយោបាយ ឬក៏ជានាយករដ្ឋមន្រ្តី យើងនៅមិនទាន់ដឹងថាតើអ្នកណាជាអ្នកមានអំណាចពិតប្រាកដ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា «យើងក៏អាចយល់ដឹងបានថា គឺលុះត្រាតែមាននាយករដ្ឋមន្រ្តីថ្មីចូលកាន់តំណែង ដូច្នេះអ្នកនោះអាចនឹងមានសុឆន្ទៈដោះស្រាយជាមួយកម្ពុជា»។
ទន្ទឹមនឹងការលើកឡើងបែបនេះ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ខ្ញុំមិនបានជំពាក់គុណថៃសូម្បីតែអ្វីមួយ ជាតិនឹងជាតិគឺជារឿងមួយ ប៉ុន្តែរឿងបុគ្គលគឺអត់ទេ ខ្ញុំអត់មានជំពាក់គុណអ្នកណាទេ ប៉ុន្តែពួកក្រុមអ្នកឯងជំពាក់គុណខ្ញុំ ខ្ញុំមិនទារសគុណទេ តែអ្វីដែលខ្ញុំចង់បានគឺទំនាក់ទំនងស្មើភាព គ្មានការឈ្លានពានគ្នា គ្មានជ្រៀតជ្រែកគ្នា។
សម្ដេចតេជោ ក៏បានរំលឹកផងដែរថា រយៈពេលជិត១០ឆ្នាំមិនដែលមានរឿងអ្វីកើតឡងនោះទេ ហើយដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងរវាងកម្ពុជា.ថៃ គឺជំនាន់ដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា។ សម្ដេចបន្តថា បើទោះបីគាត់បានចេញពីទាហាន ប៉ុន្តែគាត់បានដឹកនាំប្រទេសថៃដោយការធ្វើសាមគ្គីភាពជាមួយប្រទេសជិតខាងទាំងអស់ មិនដូចបច្ចុប្បន្នប្រទេសថៃមានបញ្ហាជាមួយគេជិតខាងទាំងអស់។.jpg)
ជាងនេះទៅទៀត សម្ដេចបានអះអាងថា មិនមែនមានតែកម្ពុជាទេដែលរំពឹងរង់ចាំនាយករដ្ឋមន្រ្តីថ្មីដើម្បីចេញមកដោះស្រាយ និងសម្របសម្រួលទំនាក់ទំនងនោះ ប៉ុន្តែសូម្បីតែប្រជាជនថៃផ្ទាល់សម្ដេចក៏ជឿជាក់ថាពួកគេក៏ត្រូវការមេដឹកនាំថ្មីដែរនៅពេលនេះ៕










