ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានសំណូមពរឱ្យពលរដ្ឋថៃគួរបញ្ឈប់ការនិយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គមដើម្បីកាត់បន្ថយភាពតានតឹង កុំឱ្យពលរដ្ឋទាំងពីរប្រទេស (ខ្មែរ-ថៃ) តទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ។
កាលពីថ្ងៃទី២៥ ខែមិថុនា នៅវិមានរដ្ឋាភិបាល អ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងអ្នកនាំពាក្យរងក្រសួងការបរទេស បានសំណូមពរឱ្យពលរដ្ឋថៃឈប់និយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គម កុំបង្កើនភាពតានតឹង និងធ្វើឱ្យពលរដ្ឋខ្មែរ-ថៃតទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ។ ព័ត៌មានមួយចំនួនមានគោលបំណងញុះញង់ បំភ្លៃខុសពីការពិត ក្នុងចេតនាធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង រហូតឈានដល់ការបិទព្រំដែនជាមួយកម្ពុជា ។
រដ្ឋាភិបាលថៃចង់ឃើញពលរដ្ឋបញ្ចេញមតិស្ថាបនាក្នុងបណ្តាញសង្គម ពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាង ដើម្បីឱ្យស្ថានការណ៍ធូរស្រាល និងបង្កើតបរិយាកាសជជែកគ្នារកដំណោះស្រាយសម្រាប់ភាគីទាំងពីរ ជាពិសេស រដ្ឋាភិបាលត្រូវឆ្លើយតបជាមួយពលរដ្ឋ ។ គោលដៅសំខាន់របស់ថៃ ជាពិសេស ក្រសួងការបរទេស នៅតែចង់ឃើញការត្រឡប់មកកាន់តុចរចា ហើយសង្ឃឹមថា កម្ពុជានឹងឆ្លើយតបតាមការអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ។
ក្រៅពីនេះ លោកស្រីក៏បាននិយាយពីលទ្ធផលកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា មានការរឹតបន្តឹងការចេញ-ចូលព្រំដែនកម្ពុជា-ថៃ ប៉ុន្តែថៃអនុញ្ញាតឱ្យឆ្លងដែនសម្រាប់បុគ្គលមានការចាំបាច់តាមគោលការណ៍មនុស្សធម៌ ចូលរួមកិច្ចប្រជុំ អ្នកជំងឺ និងសិស្ស និស្សិត ។ ជាក់ស្តែង នៅខេត្តសុរិន្ទ ខេត្តស្រះកែវ និងខេត្តចាន់បុរី បានបើកព្រំដែនបញ្ជូនអ្នកជំងឺខ្មែរចំនួន៧នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ការបិទព្រំដែនកម្ពុជា-ថៃ គឺស្របតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលមានបំណងសំខាន់បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងពុំសំដៅដល់ពលរដ្ឋទូទៅ ប៉ុន្តែរដ្ឋាភិបាលអនុវត្តវិធានការដើម្បីសុវត្ថិភាពពលរដ្ឋនៅព្រំដែនប្រទេសទាំងពីរ ។ រដ្ឋាភិបាលថៃនឹងសហការជាមួយប្រទេសនានាដើម្បីទប់ស្កាត់ការឆបោកតាមអនឡាញ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជា គឺជាទីតាំងឧក្រិដ្ឋឆ្លងដែន និងការឆបោកតាមអនឡាញ ទើបថៃសម្រេចបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ពុំមែនបិទព្រំដែនដោយសារជម្លោះព្រំដែនឡើយ ។ ថៃចង់បង្ហាញទៅកាន់ពិភពលោកពីមូលហេតុបិទព្រំដែន ដើម្បីកុំប្រទេសនានាចោទប្រកាន់មកលើថៃបំបិទសិទ្ធិសេរីភាពការឆ្លងដែន ៕










