តារាចម្រៀង Lisa សមាជិក BLACKPINK ដែលជាតារា K-Pop មានដើមកំណើតថៃ បានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម កម្ពុជាបន្ទាប់ពីមានការចោ.ទប្រកាន់ លើនាងថា បើចង់ឱ្យនាងមកខ្មែរទាល់តែប្រគល់ប្រាសាទព្រះវិហារមកឱ្យនាងសិន។ រឿងនេះបាន ជំរុញឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុករវាងអ្នកគាំទ្រ BLACKPINK និងអ្នកលេងបណ្តាញសង្គមទូទៅ។ យ៉ាងណាមិញ ឃើញមានការចោ.ទប្រកាន់មកកាន់ Lisa ដោយគ្មានព័ស្តុតាងបែបនេះ ប៉ីប៉ី ឌី បានចេញមកនិយាយយ៉ាងខ្លី។
ថ្មីៗនេះនៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជាស្រាប់តែមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីតារាចម្រៀង Lisa ដោយមានការចោទប្រកាន់លើនាងថា នាងចង់បានប្រាសាទ ព្រះវិហារ និងបានភ្ជាប់ទៅរឿងតារាសម្តែងផ្កាយព្រឹកចង់បានប្រាសាទអង្គរវត្តកាល ពីជាង២០ឆ្នាំមុន។  ប្រវត្តិដិតដាមរបស់ប្រជាជនខ្មែរអំពីតារាសម្តែងផ្កាយព្រឹក បានធ្លាយមកដល់តារាចម្រៀង Lisa នៅឆ្នាំ២០២៥ ហើយមានការចោទប្រកាន់ មកកាន់រូបនាងចង់បានប្រាសាទព្រះវិហារ ស្របពេលដែលប្រទេសទាំងពីរ មានជម្លោះព្រំដែនជាមួយគ្នាអស់រយៈពេលជិត១ខែមកនេះ។ 
ទោះយ៉ាងណា  BLINKs ដែលជាអ្នកគាំទ្ររបស់ក្រុម BLACKPINK បានបដិសេធព្រោះនេះជាការចោទប្រកាន់ទាំងស្រុងមកកាន់ Lisa ដោយសារតែគ្មានប្រភពណាមួយច្បាស់លាស់ដែល Lisa និយាយពាក្យនេះនោះទេ វាជាការបំផ្លៃព័ត៌មានប៉ុណ្ណោះ។ រឿងនេះវាផ្ទុយនឹងតារាសម្តែងផ្កាយព្រឹកកាលពីឆ្នាំ២០០៣ ដោយសារតែគ្រានោះនាងផ្តល់បទសម្ភាសន៍ហើយត្រូវបានស្ថានីយវិទ្យុថៃ FM-105 ដកស្រង់សម្តីរបស់នាងយកមកចុះផ្សាយទើបធ្វើឱ្យមានរឿងក្តៅគគុកបានកើតឡើង។

ផេកមួយដែលមានឈ្មោះថា blackpink universe បានបកស្រាយនិងច្រានចោលព័ត៌មានមិនពិតអំពីការចោទប្រកាន់មកកាន់ Lisa ខណៈដែលផេកនេះបានបញ្ជាក់ថា Lisa បាននិយាយពីប្រទេសខ្មែរតែពីរដងគត់តាំងពីប្រឡូកក្នុងអាជីពរបស់ខ្លួនគឺពេលអ្នកគាំទ្រកម្ពុជាបង្រៀននាងឱ្យនិយាយខ្មែរនិងមួយទៀត Lisa បានសរសេរលើកទឹកចិត្តមកកាន់យុវជនកម្ពុជាតាមរយៈឪពុករបស់នាងដែលមកធ្វើការងារសប្បុរសធម៌។

ប៉ីប៉ី ឌី បានចែករំលែកខ្លឹមសាររបស់ blackpink universe ដោយបានភ្ជាប់មកជាមួយនឹង សម្តីថា «អ្វីដែលខ្ញុំចង់និយាយ ស្អប់ក៏ស្អប់ចុះ តែហេតុអីប្រឌិតរឿង តើមិនគិតថាជារឿង អាម៉ាសទេឬ?»។
យ៉ាងណាមិញ ទោះបីជាមានការបកស្រាយពីក្រុមអ្នកគាំទ្ររួមទាំង ប៉ីប៉ី ឌី ផងការជជែកវែកញែកនៅតែមានបន្តនៅលើបណ្តាញសង្គម៕
 
		 
	









