ប្រទេសថៃ ៖ សភាពាណិជ្ជកម្មប្រចាំខេត្តសុរិន្ទ និងខេត្តស្រះកែវ ប្រទេសថៃ បានបង្ហាញក្តីបារម្ភចំពោះការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់ព្រំដែន និងសំណូមពរឱ្យរាជរដ្ឋាភិបាលទាំងពីរចរចារកដំណោះស្រាយដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរួម ពីព្រោះការបិទព្រំដែនដាក់សម្ពាធលើកម្ពុជាពុំទទួលបានលទ្ធផលទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
.png)
បច្ចុប្បន្ន ស្ថានការណ៍តានតឹងកើតឡើងរវាងប្រទេសកម្ពុជា និងថៃ មិនថាផ្នែកកងទ័ព នយោបាយ ការទូត និងសេដ្ឋកិច្ច បានធ្វើមេបញ្ជាការកងទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង បញ្ជាឱ្យបិទព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ និងឈានទៅបិទព្រំដែនជាប់កម្ពុជាទាំងអស់កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មថៃបានប្រកាសទៅកាន់ឈ្មួញឱ្យឈប់នាំចូលដំឡូងមីពីកម្ពុជា ក្រោមហេតុផលដំឡូងមីកម្ពុជាមានគុណភាពអន់ និងធ្វើឱ្យតម្លៃដំឡូងមីកសិករថៃកើនឡើង ហើយក្រសួងពាណិជ្ជកម្មសម្រេចនាំចូលដំឡូងមីពីឡាវជំនួសវិញ ។

ការហាមឃាត់នាំចូលដំឡូងមីកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃនៅតំបន់ព្រំដែន ហើយវាពុំត្រឹមតែប៉ះពាល់សេដ្ឋកិច្ចថៃប៉ុណ្ណោះទេ ប្រាក់ចំណូលពលរដ្ឋថៃដែលប្រកបមុខរបរលក់ដូរ និងបើកអាជីវកម្មនៅព្រំដែនក៏ប៉ះពាល់ដែរ ដោយសារគ្មានពលរដ្ឋខ្មែរទិញទំនិញដូចមុន ។ ការរកស៊ីនានារបស់ពលរដ្ឋថៃខាតបង់ដើមទុន ហើយពួកគេស្នើឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជួយដោះស្រាយផលប៉ះពាល់នេះ ប៉ុន្តែនាយករដ្ឋមន្ត្រីគ្មានដំណោះស្រាយអ្វី បែរជាផ្តល់អំណាចឱ្យកងទ័ពជាអ្នកកំណត់វិធានការគ្រប់គ្រង និងបិទព្រំដែន ។.png)
លោក វីរ៉ាត់ សេតថាវី ផាត់ថៈណាឆ័យ ប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តសុរិន្ទ និយាយថា បច្ចុប្បន្ន តម្លៃនៃការនាំចូល ឬនាំចេញទំនិញរបស់ខេត្តសុរិន្ទ បានធ្លាក់ចុះរហូតដល់ជាង៨០% ។ ក្នុងនាមលោកជាតំណាងឱ្យវិស័យអាជីវកម្មក្នុងតំបន់យល់ឃើញថា ជម្លោះដែលបានកើតឡើងពុំផ្តល់ផលល្អដល់សេដ្ឋកិច្ចប្រទេសទាំងពីរទេ ពីព្រោះការបិទព្រំដែនបានប៉ះពាល់ដល់ច្រកព្រំដែនអូរស្មាច់-ឆងចម (ខេត្តឧត្តរមានជ័យ-ខេត្តសុរិន្ទ) ដែលជាច្រកដ៏សំខាន់សម្រាប់ថៃនាំចេញទំនិញទៅកម្ពុជា ខណៈកម្ពុជានាំចេញទិន្នផលកសិកម្មមកថៃ ជាពិសេស ដំឡូងមី ។
ហេតុនេះ ការបិទព្រំដែននឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយលោកសំណូមពរឱ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃចរចារកដំណោះស្រាយដើម្បីឱ្យភាគីទាំងពីរទទួលបានផលប្រយោជន៍ ពីព្រោះយ៉ាងណាក៏ដោយ យើងនៅតែជាប្រទេសជិតខាងគ្នា ។ យើងត្រូវការតភ្ជាប់សេដ្ឋកិច្ចគ្រប់ពេលវេលា សំខាន់បំផុត គឺការចរចា ។ ពេលនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ចុះមកផ្តល់កម្លាំងចិត្តដល់កងទ័ពនៅខេត្តសុរិន្ទ លោក វីរ៉ាត់ បានធ្វើជាតំណាងគណៈកម្មការរួមវិស័យឯកជនប្រគល់លិខិតទៅនាយករដ្ឋមន្ត្រីថៃ ដើម្បីស្នើសុំបង្កើតទីតាំងគយថ្មីស្តារសេដ្ឋកិច្ចខេត្តសុរិន្ទ ជាពិសេស ពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ ។

ចំណែកអនុប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ លោក សារ៉ាវុធ វង្សសាំរ៉ាន និយាយថា វិធានការដាក់សម្ពាធលើកម្ពុជាពុំទទួលបានលទ្ធផលទេ ថៃនឹងរងផលប៉ះពាល់ខ្លួនឯង ពីព្រោះកម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាន់សម័យ សូមរដ្ឋាភិបាលថៃដោះស្រាយបញ្ហាទំនិញថៃកកស្ទះនៅព្រំដែន ។ ក្រោយពីកងទ័ពអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា ឃើញថា មានរថយន្តដឹកទំនិញថៃ ចំនួន៥០០គ្រឿង ពុំអាចនាំចេញទំនិញទៅកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ) ហើយរថយន្តដឹកទំនិញថៃនៅខេត្តចាន់បុរី និងខេត្តត្រាត ក៏មានបញ្ហាដែរ ៕










