ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា គណបក្សនយោបាយមួយរបស់ថៃបានបន្ទោសរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បណ្តោយឱ្យកងទ័ពបិទព្រំដែនជាប់កម្ពុជាទាំងអស់តាមចិត្តជាឯកតោភាគី ដែលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ និងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ប្រធានគណបក្សនេះថា រដ្ឋាភិបាលថៃប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចបិទព្រំដែនកម្ពុជា-ថៃ គឺខុសពីគោលការណ៍ប្រជាធិបតេយ្យ លោកស្រី ផេថងថាន ធ្វើបែបនេះព្រោះតែចង់បានប្រជាប្រិយភាព ។
នៅថ្ងៃទី២៣ ខែមិថុនា លោក ណាត់ថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជននៅប្រទេសថៃ បានសរសេរក្នុងបណ្តាញសង្គមពីកងទ័ពថៃបិទព្រំដែនកម្ពុជា-ថៃទាំងអស់ថា ការអនុវត្តវិធានការលើកម្ពុជាត្រូវតែមានគោលដៅដើម្បីឱ្យប្រទេសទាំងពីររួមរស់ជាមួយគ្នាយ៉ាងសន្តិវិធី ពុំមែនគ្រាន់តែដោះស្រាយបញ្ហាប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ទេ ។
លោក ណាត់ថាផុង បញ្ជាក់ថា ខ្ញុំយល់ស្របយ៉ាងខ្លាំងចំពោះការអនុវត្តវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលលោកស្រី ផេថងថាន បាននិយាយទៅកាន់សារព័ត៌មានថា បទល្មើសឆ្លងដែនមានទីតាំងនៅកម្ពុជា ប៉ុន្តែអ្វីគួរឱ្យបារម្ភ គឺលោកស្រី ផេថងថាន បានប្រគល់អំណាចគ្រប់គ្រងព្រំដែនកម្ពុជា-ថៃទៅឱ្យកងទ័ព ។ រដ្ឋាភិបាលថៃបណ្តោយឱ្យកងទ័ពមានអំណាចសម្រេចចិត្តកំណត់វិធានការគ្រប់គ្រងព្រំដែនកម្ពុជា-ថៃជាឯកតោភាគី គឺពុំត្រឹមត្រូវទេ ពីព្រោះខុសពីគោលការណ៍ប្រជាធិបតេយ្យ ដែលកងទ័ពត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ។.jpg)
ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺកងទ័ពថៃមានតួនាទីត្រឹមទទួលខុសត្រូវអនុវត្តវិធានការកងទ័ពដើម្បីការពារប្រទេសប៉ុណ្ណោះ ខណៈនាយករដ្ឋមន្ត្រីថៃត្រូវមានតួនាទីដឹកនាំ និងទទួលខុសត្រូវជារួម ទាំងវិធានការកងទ័ព ការទូត សេដ្ឋកិច្ច និងព័ត៌មានផ្សេងៗដោយឯករាជ្យ និងគិតពីផលប៉ះពាល់សន្តិសុខ បញ្ហាសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ។
រដ្ឋាភិបាលថៃយល់ព្រមឱ្យកងទ័ពមានអំណាចកំណត់វិធានការគ្រប់គ្រងព្រំដែនកម្ពុជា-ថៃជាឯកតោភាគី ហើយកងទ័ពមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែកងទ័ពពុំបានគិតពីផលប៉ះពាល់ផ្សេងៗទេ ក្រៅពីអ្វីដែលខ្លួនទទួលខុសត្រូវ ដែលធ្វើឱ្យការគ្រប់គ្រងស្ថានការណ៍ពុំឯកភាពគ្នា ។ កាលពីថ្ងៃទី២៣ ខែមិថុនា កងទ័ពបានសម្រេចចិត្តបិទព្រំដែនកម្ពុជា-ថៃទាំងអស់ ដែលជាវិធានការប៉ះពាល់ធ្ងន់ធ្ងរ មិនត្រឹមតែប៉ះពាល់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់សេដ្ឋកិច្ចថៃ និងពលរដ្ឋថៃ ហើយធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ។
កុំភ្លេចថា វិធានការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដូចជា ៖ វិធានការឹតបន្តឹងការនាំចេញ-នាំចូលទំនិញមួយចំនួន ឬវិធានការគ្រប់គ្រងព្រំដែន គឺមានគោលដៅសំខាន់ដើម្បីកាត់បន្ថយការប្រឈមមុខកងទ័ព ។ វិធានការទាំងនេះអាចផ្លាស់ប្តូរ ឬធូរស្រាលបាន បើស្ថានការណ៍តានតឹងផ្នែកកងទ័ពល្អប្រសើរ ដូចពេលថ្មីៗនេះ ត្រឹមតែ២ថ្ងៃក្រោយពីថៃមានវិធានការគ្រប់គ្រងព្រំដែន ធ្វើឱ្យស្ថានការណ៍តានតឹងរវាងកងទ័ពកម្ពុជា-ថៃធូរស្រាល ហើយកងទ័ពទាំងពីរក៏ល្បាតរួមគ្នាដោយគ្មានអាវុធ ខណៈកម្ពុជាដកកងទ័ពចេញពីតំបន់ជម្លោះ ។ ប៉ុន្តែគួរឱ្យស្តាយ រដ្ឋាភិបាលថៃបែរជាពុំកែសម្រួលវិធានការគ្រប់គ្រងព្រំដែនឱ្យស្របនឹងស្ថានការណ៍ប្រែប្រួល រហូតបែកធ្លាយកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
ការដោះស្រាយបញ្ហាជម្លោះ គឺនាយករដ្ឋមន្ត្រីពុំត្រឹមដោះស្រាយបញ្ហាឱ្យខ្លួនមានប្រជាប្រិយភាពទេ ប៉ុន្តែគួរពិចារណាពីគោលដៅចរចាទ្វេភាគីជាមួយកម្ពុជា ដោយធ្វើកិច្ចព្រមព្រៀងដែលប្រទេសនានាទទួលស្គាល់ និងឱ្យប្រទេសជិតខាងអាចរួមរស់ជាមួយថៃយ៉ាងសន្តិភាព ។ រដ្ឋាភិបាលថៃគួរពិចារណាពីស្ថានការណ៍ និងគោលដៅ ពុំមែនបណ្តោយឱ្យកងទ័ពមានសិទ្ធិសម្រេចទេ ព្រោះកងទ័ពដឹងពីផលប៉ះពាល់តែផ្នែកដែលខ្លួនទទួលខុសត្រូវប៉ុណ្ណោះ ។ រដ្ឋាភិបាលគួរពិនិត្យឡើងវិញ កុំទុកឱ្យកងទ័ពសម្រេចចិត្តលើជម្លោះកម្ពុជា-ថៃជាឯកតោភាគី ព្រោះវាជាការសម្រេចចិត្ត និងទទួលខុសត្រូវរបស់រដ្ឋាភិបាលដែលធ្វើឱ្យស្ថានការណ៍ធូរស្រាល ។ នេះជាការលើកឡើងរបស់លោក ណាត់ថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជននៅប្រទេសថៃ ៕










