ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពថៃដែលមានអំណាចជាងរដ្ឋាភិបាល បានបញ្ជាឱ្យបិទព្រំដែនជាមួយកម្ពុជាទាំងអស់ (ទាំងច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកព្រំដែនបណ្តោះអាសន្ន) នៅខេត្តចំនួន៧ រួមមាន ៖ ខេត្តឧប៊ុនរ៉ាជថានី, ខេត្តសុរិន្ទ, ខេត្តស៊ីសាកេត, ខេត្តបុរីរាំ, ខេត្តស្រះកែវ, ខេត្តចាន់បុរី និងខេត្តត្រាត ក្រោមហេតុផលទប់ស្កាត់ការឆបោកតាមអនឡាញដែលគំរា.មកំហែងពលរដ្ឋថៃ និងរក្សាអធិបតេយ្យជាតិ ។.jpg)
កាលពីថ្ងៃទី២៣ ខែមិថុនា នៅទីបញ្ជាការកងទ័ពជើងគោកថៃ លោក វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកនិយាយថា កងកម្លាំងការពារព្រំដែនរបស់កងទ័ពជើងគោកបានកំណត់វិធានការគ្រប់គ្រងការបើក-បិទព្រំដែនជាមួយកម្ពុជាទាំងអស់ដើម្បីរក្សាអធិបតេយ្យជាតិ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃស្របនឹងស្ថានការណ៍សន្តិសុខក្នុងតំបន់ ។

នៅល្ងាចថ្ងៃទី២៣ ខែមិថុនា កងកម្លាំងប៊ូរ៉ាផា កងទ័ពភូមិភាគទី១ និងកងកម្លាំងស៊ុណារី កងទ័ពភូមិភាគទី២ បានចេញបញ្ជាឱ្យបង្កើនវិធានការគ្រប់គ្រងច្រកព្រំដែនជាប់កម្ពុជាទាំងអស់ ស្ថិតនៅខេត្តឧប៊ុនរ៉ាជថានី ខេត្តស៊ីសាកេត ខេត្តសុរិន្ទ ខេត្តបុរីរាំ និងខេត្តស្រះកែវ ដោយកំណត់វិធានការដូចខាងក្រោម ៖
១-ហាមយានជំនិះគ្រប់ប្រភេទចេញ-ចូល
២-ហាមធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋថៃ ទាំងភ្ញៀវទេសចរបរទេស និងហាមលក់ដូរគ្រប់ប្រភេទ
៣-វិធានការហាមចេញ-ចូលខាងលើនេះនឺងអនុញ្ញាតឱ្យមានការឆ្លងដែនក្នុងគោលការណ៍មនុស្សធម៌ ឬភាពចាំបាច់ ដូចជា ៖ អ្នកជំងឺត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ និងសិស្ស-និស្សិត ។.jpg)
វិធានការបិទព្រំដែនជាមួយកម្ពុជា គឺអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃដាក់សម្ពាធលើកម្ពុជា និងគោលការណ៍ណែនាំប្រតិបត្តិការរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបានពិចារណាស្របតាមស្ថានការណ៍សន្តិសុខ ជាពិសេស ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានភាពតានតឹងទាំងផ្នែកនយោបាយ ការទូត និងកងទ័ព ។
ក្រៅពីនេះ ការកំណត់វិធានការបិទព្រំដែនជាមួយកម្ពុជាទាំងអស់ គឺដើម្បីទប់ស្កាត់ការឆបោកតាមអនឡាញ (Call Center) និង Hybrid Scam ដែលថៃចាត់ទុកថា បានគំរាមកំហែងពលរដ្ឋថៃជាបន្តបន្ទាប់ ។ រីឯបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត កងទ័ពជើងទឹកថៃ ក៏បានចេញបញ្ជាឱ្យបិទព្រំដែនជាមួយកម្ពុជាទាំងអស់ផងដែរ ទាំងច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកព្រំដែនបណ្តោះអាសន្ន ។
នេះជាច្រកព្រំដែនជាប់កម្ពុជាដែលកងទ័ពថៃបិទជាឯកតោភាគី ៖
*ច្រកព្រំដែនអចិន្ត្រៃយ៍ ចំនួន៨កន្លែង ៖
១-ច្រកសាង៉ាំ ស្រុកភូមិស៊ីង ខេត្តស៊ីសាកេត
២-ច្រកឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ
៣-ច្រកបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ច្រកបានឡែម ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី
៥-ច្រកផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី
៦-ច្រកបានហាតឡិក ស្រុកឃ្លងយៃ ខេត្តត្រាត
៧-ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និង
៨-ច្រកបានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ
*ច្រកព្រំដែនបណ្តោះអាសន្ន ចំនួន៧កន្លែង ៖
១-ច្រកអានម៉ា ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី
២-ច្រកបានតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ
៣-ច្រកបានណងភ្លឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ច្រកបានសាប់តារី ស្រុកសយដាវ ខេត្តចាន់បុរី
៥-ច្រកបានសួនស៊ុម ស្រុកសយដាវ ខេត្តចាន់បុរី
៦-ច្រកបានមៈមួង ស្រុកប៉រ៉ៃ ខេត្តត្រាត និង
៧-ច្រកសាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ៕










