សំណាង អេលីណា Miss Universe Cambodia 2019 បានចោទសួរទៅកាន់ផ្ទះលេខ២ថាកើតអីខណៈមហាជនជាច្រើនបានសម្តែងការហួសចិត្តក្រោយពីភាគីថៃបានផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិត្តន៍ក្រោយពីទស្សនារឿង «បុពេ្វសន្និវាស» ថែមទាំងមានរបស់ សំណាង អេលីណា មកជាមួយ។
កម្មវិធីមួយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញរូបភាពពីទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរនិងរូបភាពក្នុងរឿង «បុពេ្វសន្និវាស» និងរូបភាពរបស់ សំណាង អេលីណា កាលពីចូលរួមប្រកួត Miss International 2023 ដោយបង្កប់ន័យថាសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិរត្តន៍ទៅជាមានស្បៃដោយសារតែបានទស្សនារឿងភាគថៃដ៏ល្បីល្បាញរបស់ខ្លួន។ ឃើញការពិពណ៌នាមិនច្បាស់អំពីសំលៀកបំពាក់ខ្មែរបែបនេះផេក បុរាណាចារ្យក៏បានចេញមកស្រាយតែម្តង។

នៅយប់ថ្ងៃទី២២ ផេកបុរាណាចារ្យ បានរៀបរាប់អំពីប្រវត្តិនិងការវិវត្តន៍នៃការពានាស្បៃរបស់ខ្មែរដើម្បីជៀសវាងការយល់ច្រឡំ និងយល់ខុស។ ដើមបុរាណមក ការពានាស្បៃជាលក្ខណៈសម្គាល់នៃព្រះពុទ្ធសាសនា។ នៅសម័យហ្វូណន គេប្រទះឃើញ បដិមាព្រះពោធិសត្វសំខាន់ៗ ប្រើប្រាស់ការពានាស្បៃ ដើម្បីជាលក្ខណៈសម្គាល់បើទោះបីជាការតែងកាយស្ថិតក្នុងរូបបែបទេពទេវឬក្សត្រតែ ស្ថិតក្នុងក្របខ័ណ្ឌពុទ្ធសាសនា។ នៅសម័យអង្គរកម្ពុជាគោរពព្រហ្មញ្ញសាសនាជាធំ ការប្រើប្រាស់ស្បៃក្នុងសម័យនោះ ក្នុងវណ្ណៈព្រាហ្មណ៍បព្វជិត និង វណ្ណៈក្សត្រ ទាំងក្សត្រា ក្សត្រី គេប្រើប្រាស់ស្បៃភ្លោះដែលទម្លាក់ជាយស្បៃទាំង២ទៅខាងក្រោយ។ នៅចុងសម័យអង្គរ ចាប់តាំងពីព្រះបាទជ័យរម៌្មទេវទី៧ មកពុទ្ធសាសនាចាប់ផ្តើមមានឥទ្ធិពលឡើងវិញនៅកម្ពុជា ដ្បិតព្រះមហាក្សត្រ ព្រះមហាក្សត្រីនៅប្រើប្រាស់នៅរក្សាការប្រើប្រាស់ស្បៃភ្លោះ ប៉ុន្តែគេប្រទះឃើញ បព្វជិតខ្លះ រហូតដល់ប្រជាជនសាមញ្ញ ប្រើប្រាស់ស្បៃពានា នេះជាតឹកតាងដែលប្រទះឃើញលើចម្លាក់ប្រាសាទនានាសម័យនោះ។
ការប្រើប្រាស់ស្បៃពានា ប្រទះឃើញមានការវិវត្តន៍យ៉ាងខ្លាំងនៅសម័យលង្វែក ទាំងព័ស្តុតាងជាចម្លាក់ ព័ស្តុតាងឯកសារ និង ព័ស្តុតាងជាគំនូរដែលមានប្រភពពីបរទេស បង្ហាញថា ខ្មែរពានាស្បៃដោយប្រើប្រាស់ផ្ទាំងសំពត់ធំ និង មានប្រវែងវែង រួចស្រេចទៅហើយតាំងពីលង្វែកមក។ មកដល់សម័យឧត្តុង្គ តាមរយៈឯកសារនានា រហូតដល់រូបថតដែលអាណានិគមមកថតនៅពេលដែលបញ្ចប់សម័យឧត្តុង្គទៅហើយនោះ បានបង្ហាញអោយយើងឃើញអំពី ការប្រតិបត្តិ លក្ខណៈនៃការ ពានាស្បៃ យ៉ាងសម្បូរបែបក្នុងវប្បធម៌ខ្មែរ។ ការពានាស្បៃ នៅតែបន្តក្នុងវប្បធម៌ខ្មែរ ស្តែងចេញក្នុងសម្លៀកបំពាក់គ្រប់ទម្រង់ រាប់តាំងពី សម្លៀកបំពាក់ក្នុងល្ខោនព្រះរាជទ្រព្យ សម្លៀកបំពាក់នៃរាជវង្ស សម្លៀកបំពាក់ក្នុងពិធីមង្គលការ ពិធីចូលម្លប់ សម្លៀកបំពាក់ប្រើប្រាស់ក្នុងសកម្មភាពសាសនា ជាដើម ត្បិតស្ថិតក្នុងទម្រង់ផ្សេងគ្នា តែការពានាស្បៃ បង្ហាញពីការចាក់ឫសយ៉ាងជ្រាលជ្រៅរបស់ ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ កម្ពុជាក្នុងនាមជាប្រទេសដែលនាំយកការពានាស្បៃ មកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្រៅអំពីកិច្ចប្រតិបត្តិសាសនា មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ ការពានាស្បៃ គ្រប់រូបបែប»។

ជាមួយនឹងការបកស្រាយខាងលើនេះ សំណាង អេលីណា ក៏បានចែករំលែកបន្តអំពីខ្លឹមសាររបស់ បុរាណារ្យ ឆ្លើយតបទៅកាន់ភាគីថៃដែលផ្សព្វផ្សាយខុសពីការពិត។ ដោយក្តីហួសចិត្តពេក សំណាង អេលីណា បានសរសើរដោយខ្លីថា «អ្នកខាងនោះកើតអី?»។
មិនត្រឹមតែ សំណាង អេលីណា ប៉ុណ្ណោះទេដែលមានការហួសចិត្តជាមួយផ្ទះលេខ២ ទស្សនិកជនជាច្រើនទៀតក៏ហួសចិត្តដូចគ្នាដែលការផ្សព្វផ្សាយរបស់ថៃមិនព្រមទទួលស្គាល់ការពិត។

សូមបញ្ជាក់ផងដែរថា រូបភាពរបស់ សំណាង អេលីណា នោះគឺកាលពីពេលនាងឈរថតនៅមុខប្រាសាទកោះកេរទាំងកណ្តាលភ្លៀងប្រកបស្នាមញញឹមទោះបីភ្លៀងធ្លាក់យ៉ាងណា។ សំណាង អេលីណា បានគ្រងឈុតសម័យឧត្តុង្គយ៉ាងត្រឹមត្រូវនិងស្រស់ស្អាត និងបានណែនាំខ្លួនពីការតំណាងកម្ពុជាប្រកួត Miss International 2023 នៅឯប្រទេសជប៉ុន៕










