ប្រទេសថៃ ៖ ក្រោយពីគណបក្សប្រឆាំងមួយរបស់ថៃផ្តល់យោបល់ទៅរដ្ឋាភិបាលរបស់ខ្លួនឱ្យឈប់លក់ប្រេងឥន្ធនៈឱ្យកម្ពុជាដើម្បីឱ្យកម្ពុជាចុះចាញ់ ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ទៅវិញថា កម្ពុជាមិនស្លា.ប់ដោយសារមិននាំប្រេងពីថៃទេ ប៉ុន្តែអ្នកស្លា.ប់ គឺក្រុមហ៊ុនថៃ PTT ។ ក្រោយមក សារព័ត៌មានថៃផ្សាយថា ពេលនេះ កម្ពុជាខ្វះខាតប្រេង ហើយតម្លៃប្រេងឡើងថ្លៃ ធ្វើឱ្យពលរដ្ឋខ្មែរនៅទីក្រុងប៉ោយប៉ែតសម្រុកទៅចាក់ប្រេងនៅថៃ ដែលធ្វើឱ្យស្ថានីយប្រេងថៃអះអាងថា គ្មានពលរដ្ឋខ្មែរណាម្នាក់មកចាក់ប្រេងនៅថៃដូចការផ្សាយរបស់សារព័ត៌មានថៃទេ ។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ស្ថានីយប្រេងនៅខេត្តស្រះកែវ ប្រទេសថៃ បញ្ជាក់ថា គ្មានពលរដ្ឋខ្មែរនាំគ្នាសម្រុកមកចាក់ប្រេងនៅថៃដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃទេ ហើយអ្នកដែលចាក់ប្រេង គឺមានតែមានពលរដ្ឋថៃប៉ុណ្ណោះ ។ នាយកសមាគមធុរកិច្ចទេសចរណ៍ប្រចាំខេត្តស្រះកែវ បានត្រួតពិនិត្យស្ថានការណ៍រួចហើយ គឺនៅទីក្រុងប៉ោយប៉ែត មានប្រេងប្រើប្រាស់គ្រប់គ្រាន់ ពុំខ្វះខាតឡើយ ។

ថ្មីៗនេះ សារព័ត៌មានមួយចំនួនរបស់ថៃផ្សាយថា ពលរដ្ឋខ្មែររស់នៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា បាននាំគ្នាសម្រុកមកចាក់ប្រេងម៉ូតូ និងរថយន្តនៅថៃ ក្រោយពីកម្ពុជាខ្វះខាតប្រេង និងតម្លៃប្រេងខ្ពស់ជាងថៃ ។ កាលពីថ្ងៃទី២១ ខែមិថុនា នាយកសមាគមធុរកិច្ចទេសចរណ៍ខេត្តស្រះកែវ បានត្រួតពិនិត្យនៅតាមស្ថានីយលក់ប្រេងស្រុកអារញ្ញប្រាថេត និងទទួលបានព័ត៌មានពីស្ថានីយចាក់ប្រេងថៃថា មានអតិថិជនមកចាក់ប្រេងធម្មតា ប៉ុន្តែសុទ្ធតែជាអតិថិជនថៃទាំងអស់ គ្មានអតិថិជនខ្មែរមកបន្តកន្ទុយគ្នាចាក់ប្រេងនៅថៃទេ ។

បុគ្គលិកធ្វើការក្នុងស្ថានីយចាក់ប្រេងថៃនិយាយថា មានអតិថិជនថៃមកចាក់ប្រេងនៅស្ថានីយតាមធម្មតា គ្មានអតិថិជនខ្មែរឡើយ ។ រីឯសារព័ត៌មានថៃបង្ហោះរូបភាពពលរដ្ឋខ្មែរជាច្រើននាក់សម្រុកមកចាក់ប្រេងនៅថៃនោះ គឺជារូបភាពពលរដ្ឋខ្មែរឆ្លងដែនមកលក់ដូរនៅផ្សាររុងក្លឿង ។

លោកស្រី រ៉ាទ្រី ស៊ែងរុងរឿង នាយកសមាគមធុរកិច្ចទេសចរណ៍ប្រចាំខេត្តស្រះកែវ បានឃើញសារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយពីទីក្រុងប៉ោយប៉ែតខ្វះខាតប្រេង ហើយអាជីវកម្មលក់ប្រេងនៅប៉ោយប៉ែតបិទលែងដំណើរការ ទើបលោកស្រីសាកសួរទៅកាន់ក្រុមហ៊ុនប្រេងនៅកម្ពុជាថា តើការផ្សព្វផ្សាយរបស់សារព័ត៌មានថៃជាការពិតដែរឬទេ? ក្រុមហ៊ុនប្រេងនៅកម្ពុជាប្រាប់ថា កម្ពុជាពុំបានខ្វះខាតប្រេងឡើយ នេះជាព័ត៌មានមិនពិត ៕